នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook គ្រោងនឹងបរិច្ចាគទ្រព្យទាំងអស់ឱ្យទៅអង្គការសប្បុរសធម៌។ នេះបើតាមទស្សនាវដ្ដីសេដ្ឋកិច្ចអាមេរិក Fortune។
ទស្សនាវដ្ដី Fortune បានឱ្យដឹងថា Tim Cook គ្រោងនឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់លោកចំនួន ៧៨៥លានដុល្លារ ទៅអង្គការសប្បុរសធម៌ ក្រោយពីចំណាយប្រាក់ ទៅលើការសិក្សានៅមហាវិទ្យាល័យរបស់ក្មួយប្រុសអាយុ ១០ឆ្នាំរួចរាល់។ មូលហេតុដែលធ្វើឱ្យលោក មានបំណងបរិច្ចាគទ្រព្យសម្បត្តិបែបនេះ គឺដោយសារមើលឃើញពីសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺមួយ ចំនួន ដូចជាជំងឺអេដស៍ ការប្រែប្រួលអកាសធាតុ និងការគាំទ្រឱ្យមានសិទ្ធិស្មើគ្នា។ កាលពីពេលកន្លងទៅ បុរសរូបនេះធ្លាប់បានប្រកាសជាសាធារណៈថា លោកជាភេទទីបី គឺក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងភេទផ្ទុយ គ្នា។
នៅឆ្នាំ២០១២ លោក Cook បានបរិច្ចាគប្រាក់៥០លានដុល្លារទៅដល់មន្ទីរពេទ្យ Stanford នៅជិតទីស្នាក់ការធំរបស់ Apple និង ២៥លានដុល្លារសម្រាប់មន្ទីរពេទ្យកូនក្មេង។ លើសពីនេះ លោកក៏បានផ្ដល់មូលនិធិចំនួន ៥០លានដុល្លារទៅដល់អង្គការ Product Red ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ផងដែរ។ នេះបើតាមសារព័ត៌មាន The Verge។
កន្លងទៅមានមហាសេដ្ឋីជាច្រើនដូចជា Warren Buffett, Bill Gates, Mark Zuckerberg និងនាយកក្រុមហ៊ុន Oracle លោក Larry Ellison ក៏បានចូលរួមបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនយ៉ាងច្រើនទៅដល់ អង្គការសប្បុរសធម៌ដូច្នេះដែរ៕
ប្រភព Sabay
Saturday, March 28, 2015
Filled Under: International, Tech News, Technology, បច្ចេកវិទ្យា
CEO ក្រុមហ៊ុន Apple នឹងបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ទៅអង្គការសប្បុរសធម៌
Socialize It →
|
|
|