លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ នឹងមានព្រះសង្ឃ ១ម៉ឺនអង្គ មកពី ៣ប្រទេស ដង្ហែក្បួនយាត្រាមកកាន់ព្រះបរមរាជវាំង ដើម្បីយកវិញ្ញាបនបត្រថ្នាក់អន្តរជាតិ គោរមងារជា «ព្រះស្រីលោកធម្មិករាជ» ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា។
កម្មវិធីនេះក៏មានការរាប់បាត ប្រគេនព្រះសង្ឃទាំង ១ម៉ឺនអង្គខាងលើ ក្នុងនោះក៏មានការចូលរួមដោយ សម្តេចគណៈសង្ឃ ព្រះមេគណ ប្រធានមន្ទីរធម្មការនិងសាសនា គ្រប់ខេត្ត-រាជធានី និងក្រសួងស្ថាប័នចំនួន ៥៧ ផងដែរ។ វិញ្ញាបនបត្រថ្នាក់អន្តរជាតិនេះ ត្រូវបានបង្កើតឡើង នៅក្នុងពិធីប្រជុំព្រះពុទ្ធសាសនាលើពិភពលោក នៅប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០១៤ ៕