កម្ពុជាទទួលបានពានរង្វាន់បេតិកភណ្ឌវប្បធម៌ និងជាទិសដៅទេសចរណ៍ល្អបំផុតនៅក្នុងពិព័រណ៍ទេសចរណ៍ពិភពលោក (WTF) នៅទីក្រុងស៊ាងហៃកាលពីថ្ងៃពុធ។
យោងតាមសារមួយបានពីអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកសូ សូវិទ្ធី ដែលចូលរួមពិព័រណ៍នេះបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា បន្ទាប់ពីការបោះឆ្នោតជាសាធារណៈ និងការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន «ប្រទេសកម្ពុជាគឺជាអ្នកឈ្នះពានរង្វាន់ពិព័រណ៍ទេសចរណ៍ពិភពលោកឆ្នាំ ២០១៥ ជា «បេតិកភណ្ឌវប្បធម៌ និងជាទិសដៅទេសចរណ៍ល្អបំផុត» នៅក្នុងពិធីបើកកាលពីថ្ងៃទី៦ខែឧសភានៅទីក្រុងស៊ាងហៃ។
WTF ដែលបានចាប់ផ្ដើមនៅទីក្រុងស៊ាងហៃចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ត្រូវបានចូលរួមដោយប្រទេសជាង ៥០ នៅជុំវិញពិភពលោកដើម្បីតាំងពិព័រណ៍ទីតាំងទេសចរណ៍ ផលិតផល និងសេវារបស់ពួកគេ ជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរចិនទៅក្រៅស្រុក។
កាលពីមួយខែមុនសៀមរាបដែលជាខេត្តប្រាសាទបុរាណរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ២ ជាទិសដៅទេសចរណ៍កំពូលរបស់ពិភពលោកឆ្នាំ ២០១៥ និងចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ីដោយគេហទំព័រ TripAdvisor ជាគេហទំព័រទេសចរណ៍ឈានមុខគេរបស់ពិភពលោក។
លោក ទិត្យ ចាន់ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ពានរង្វាន់នេះត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗមួយចំនួនដូចជា ភាពស្អាត និងបរិស្ថានបៃតង សន្តិសុខល្អ សម្រាប់ភ្ញៀវទេសចរ ផលិតផលទេសចរណ៍ សេវាកម្ម អាហារ និងការស្នាក់នៅ បដិសណ្ឋារកិច្ច។ល។
លោកលើកឡើងថា៖ «វាគឺជាសញ្ញាវិជ្ជមានសម្រាប់ពួកយើងដើម្បីបង្ហាញថាយើងទទួលបានសុវត្ថិភាពសម្រាប់ទេសចរណ៍ ទីកន្លែងបៃតង ទីតាំងទេសចរណ៍ល្អ។ នេះឆ្លុះបញ្ចាំងពីអ្វីដែលយើងទទួលបាននៅក្នុងពេលថ្មីៗនេះពីគេហទំព័រ TripAdvisor។ ពិតហើយ វាផ្ដល់អត្ថប្រយោជន៍ច្រើនដល់ឧស្សាហកម្មទេសចរណ៍របស់យើង ដោយសារតែវាបានលើកកម្ពស់ដល់ពួកយើង ហើយភ្ញៀវទេសចរកាន់តែច្រើននឹងចូលមក»។
លោកថ្លែងថា ទេសចរជនជាតិចិនជាប់លំដាប់ខ្ពស់នៅក្នុងចំណោមភ្ញៀវទេសចរបរទេសដែលបានមកប្រទេសកម្ពុជា។ ភ្ញៀវទេសចរជនជាតិចិនបានកើនឡើងប្រហែល ២០ ភាគរយជារៀងរាល់ឆ្នាំធៀបនឹងការមកដល់របស់ភ្ញៀវទេសចរផ្សេងទៀត។
លោកបានបន្តទៀតថា ៖ «នៅពេលយើងទទួលបានពានរង្វាន់នេះ ពិតហើយនឹងមានភ្ញៀវទេសចរចិនកាន់តែច្រើនថែមទៀត»។
ទិន្នន័យបានពីក្រសួងទេសចរណ៍បង្ហាញថា កាលពីឆ្នាំមុនប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរចិន ៥៦០ ៣៣៥ នាក់កាលពីឆ្នាំមុន ដែលជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់មកគឺភ្ញៀវទេសចរជនជាតិវៀតណាម ដែលកើនឡើងជាង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០១៣។
យោងតាមលោក Marcio Favilla នាយកប្រតិបត្តិរបស់អង្គការទេសចរណ៍ពិភពលោក បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក នៅទីក្រុងម៉ាកាវកាលពីខែតុលាកន្លងមកថា ចិនត្រូវបានចាត់ទុកថា ជាប្រទេសរួមចំណែកដ៏ធំមួយសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់នៅក្នុងឧស្សាហកម្មទេសចរណ៍ដែលមានភ្ញៀវទេសចរចេញទៅក្រៅស្រុក ៩៧,៥ លាននាក់កាលពីឆ្នាំ ២០១៣ ជាចំណែកទីផ្សារលេខ១នៅក្នុងពិភពលោក ហើយភ្ញៀវទេសចរចិនចំណាយជាង ១២៨ ពាន់លានដុល្លារទៅបរទេសកាលពីឆ្នាំ ២០១៣។
លោក អាង គឹមអៀង ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពានរង្វាន់នេះនឹងមិនគ្រាន់តែទាក់ទាញភ្ញៀវទេសចរជនជាតិចិនចូលមកប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ប្រទេសកម្ពុជាដល់ពិភពលោកទៀតផង។
លោកថ្លែងថា ភ្ញៀវទេសចរជនជាតិចិនមានចំណែកទីផ្សារគ្រប់ប្រភេទទាំងអស់ដែលរួមមានភ្ញៀវទេសចរចំណាយប្រាក់ទាប និងភ្ញៀវទេសចរចំណាយប្រាក់ខ្ពស់។
លោកបានបន្ថែមទៀតថា អំណាចចំណាយប្រាក់របស់ភ្ញៀវទេសចរចិននៅប្រទេសកម្ពុជាបានកើនឡើងធៀបនឹងភ្ញៀវទេសចរលោកខាងលិច នៅក្នុងករណីមួយចំនួនសម្រាប់ការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ភ្ញៀវទេសចរជនជាតិចិននៅពេលនេះកំពុងចំណាយប្រាក់កាន់តែច្រើនឡើងៗនៅកម្ពុជាក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេជាពិសេសពួកគេចំណាយប្រាក់ច្រើនដើម្បីទិញផលិតផលសម្រាប់វត្ថុអនុស្សាវរីយ៍»៕PB
Poskhmer