បន្ទាប់ពីលោកខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)នៅថ្ងៃទី១១ ឧសភាបានចេញលិខិតថ្កោលទោស លោកសុខ ទូច សកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈចំពោះការមិនឆ្លើយតបនឹងការអញ្ជើញចូលរួមវេទិកាតុមូលជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោកសុខ ទូច អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនិងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ បានបញ្ជាក់ថាលោកមិនភ្ញាក់ផ្អើលទៅនឹងលិខិតថ្កោលទោស របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះទេ។ មិនភ្ញាក់ផ្អើលដោយសារ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់ លោកខឹម វាសនា មិនសំខាន់សម្រាប់រូបលោកនោះទេ។
បើតាមលោកសុខ ទូចអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនិងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈបានថ្លែងប្រាប់វិទ្យុវាយោនៅព្រឹកថ្ងៃទី១២ ខែឧសភានេះថា ចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោកមិនមានវិធានការឆ្លើយតបអ្វីនោះទេ។ ប៉ុន្តែប្រហែលជាមានមនុស្សចំនួន៥ នាក់គេនឹងចាត់វិធានការជំនួសរូបលោក។ លោកសុខ ទូច បានបញ្ជាក់ថា ក្នុងនាមរូបលោកអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ ដូច្នេះលោកនិយាយអ្វីគឺពឹងផ្អែកតាមបែបវិទ្យាសាស្ត្រ។
គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) នៅថ្ងៃទី១១ ឧសភាបានចេញលិខិតថ្កោលទោស លោកសុខ ទូច សកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈចំពោះការមិនឆ្លើយតបនឹងការអញ្ជើញចូលរួមវេទិកាតុមូលជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ខ្លឹមសារលិខិត បានឲ្យដឹងថាបន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទុករយៈពេល១៤ថ្ងៃដើម្បីឲ្យលោកសុខ ទូច រកពេលទំនេរ ចូលរួមបកស្រាយជាមួយខ្លួនប៉ុន្តែមិនមានការឆ្លើយតបទើបគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចេញលិខិតថ្កោលទោស។
យ៉ាងណាក្តីអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈលោកសុខ ទូច បានអះអាងថា បើសិនលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចិត្តសឿងមែនទែន សូមឲ្យលោកខឹម វាសនារៀបចំវេទិកាតុមូលនៅកន្លែងដែលមានវិជ្ជាជីវៈ ហើយលោកមិនដែលខ្លាចនោះទេ។
ជាការកត់កម្គាល់ រឿងចម្រូងចម្រាសរវាងលោកសុខ ទូច និងលោកខឹម វាសនា បានកើតឡើង ក្រោយពី លោកសុខទូច បានមានយោបល់ ក្នុង វិទ្យុបារាំង RFI ទាក់ទងនឹងការស្លាប់របស់សិលា គឺជាយុវជនគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ក្រោយៗមក ក៏មាន ការប៉ះពាក្យសម្តីគ្នារវាងលោកសុខទូចអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតែងកើតមានជារឿយ៕