ក្រុងឡូសអេនជឺលេស: កីឡាករ Floyd Mayweatherបាននិយាយថា រូបគេមានបំណងផ្តល់ឲ្យ Manny Pacquiao ឡើងប្រកួតសាជាថ្មី ក្រោយពីការចេញសេចក្តីប្រកាសរបស់តារាប្រដាល់ដ៏ឆ្នើមរបស់ហ្វីលីពីនរូបនេះថា ការរងរបួសស្មាបានរំខានដល់ការបង្ហាញនូវសមត្ថភាពរបស់គេក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកកាលពីចុងសប្តាហ៍មុន។ នេះបើយោងទៅតាមការឲ្យដឹងរបស់ទូរទស្សន៍ ESPN កាលពីថ្ងៃអង្គារ កន្លងទៅ។
ESPN បានរាយការណ៍ថា Mayweather បានប្រាប់លោក Stephen A. Smith ដែលជាអ្នកកាសែត តាមរយៈការផ្ញើសារមួយថា រូបគេត្រៀមខ្លួនរួចជាស្រេចក្នុងការឡើងសង្វៀនប្រកួតម្តងទៀត ក្រោយពី Pacquiao ជាសះស្បើយពីការវះដើម្បីព្យាបាលទៅលើរបួសរហែកសាច់ដុំស្មា។
បើយោងទៅតាម ESPN កីឡាករ Mayweather បានឲ្យដឹងក្នុងសារនោះថា៖ «ខ្ញុំនឹងប្រកួតជាមួយនឹងរូបគេក្នុងរយៈពេល ១ ឆ្នាំទៀត ក្រោយពីការវះកាត់របស់គេ»។
ការត្រៀមខ្លួនដ៏ពិតប្រាកដរបស់ Mayweather ក្នុងការឡើងសង្វៀនប្រកួតជាមួយនឹង Pacquiao ម្តងទៀត ហាក់ដូចជាផ្ទុយទៅនឹងការលើកឡើងដែលរូបគេបានធ្វើបន្ទាប់ពីការទទួលជ័យជម្នះរបស់គេក្នុងទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ (ត្រូវនឹងព្រឹកថ្ងៃអាទិត្យនៅកម្ពុជា) ដែលនៅពេលនោះរូបគេបានបញ្ជាក់ថា៖ «រូបគេមានផែនការក្នុងការចូលនិវត្តន៍ ក្រោយពីការប្រកួតមួយលើកទៀតក្នុងខែកញ្ញា»។
ក្រោយពីការឈ្នះពិន្ទុជាឯកច្ឆន្ទរបស់គេ Mayweather បាននិយាយថា៖ «ការប្រកួតលើកចុងក្រោយរបស់ខ្ញុំគឺក្នុងខែកញ្ញា ហើយបន្ទាប់មក វាដល់ពេលហើយសម្រាប់ខ្ញុំក្នុងការចូលនិវត្តន៍»។ កីឡាករវ័យ៣៨ ឆ្នាំរូបនេះ ដែលនៅសល់ជ័យជម្នះត្រឹមតែ ១ លើកទៀតដើម្បីតាមស្មើកំណត់ត្រានៃឈ្នះ ៤៩ លើក មិនដែលចាញ់របស់លោក Rocky Marciano នោះ បាននិយាយកាលពីមុនថា រូបគេមិនចង់បំបែកកំណត់ត្រាមិនស្គាល់ចាញ់របស់កីឡាករទម្ងន់ធ្ងន់រូបនេះឡើយ។
ទោះបីជាយ៉ាងណា ខណៈដែលវាមានភាពស្រពេចស្រពិលថា តើការជួបគ្នាសាជាថ្មីណាមួយជាមួយនឹង Pacquiao អាចនឹងបង្កើតឲ្យមានកម្រិតនៃការចាប់អារម្មណ៍ និងប្រាក់ចំណូលដូចក្នុងការប្រកួតលើកទី ១ របស់ពួកគេ ឬយ៉ាងណានោះ? វានឹងនៅតែផ្តល់ចំណូលដ៏ស័ក្តិសមមួយដល់កីឡាករជើងខ្លាំងទាំងពីរ។
ក្រុមការងាររបស់ Pacquiao កាលពីថ្ងៃចន្ទ បានចេញសេចក្តីប្រកាសមួយដើម្បីអះអាងថា កីឡាករហ្វីលីពីនរូបនេះ បានរងរបួសរហែកសាច់ដុំយ៉ាងធ្ងន់ធ្ងរនៅត្រង់ស្មារបស់គេ។
ក្រុមការងាររបស់ Pacquiao បានត្អូញត្អែរថា ក្រុមប្រឹក្សាអត្តពលកម្មរដ្ឋ Nevada បានរារាំងមិនឲ្យកីឡាកររូបនេះទទួលការព្យាបាលលើបញ្ហារបួសនេះតាមរយៈការចាក់ថ្នាំប្រឆាំងការហើមដែលត្រូវបានយល់ព្រមដោយភ្នាក់ងារប្រឆាំងសារធាតុជំនួយកម្លាំងសហរដ្ឋអាមេរិក។
ស្របពេលជាមួយគ្នានេះ បុរសនៅរដ្ឋ Nevada បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Pacquiao កាលពីថ្ងៃអង្គារ ដើម្បីទាមទារសំណងខូចខាតក្នុងទឹកប្រាក់រាប់លាន ពីព្រោះពួកគេបាននិយាយថា រូបគេមានបំណងបិទបាំងការរបួសស្មា មុនពេលរូបគេបរាជ័យក្រោមស្នាដៃរបស់ Mayweather។
វាជាករណីចុងក្រោយបំផុតបន្ទាប់ពីការទទួលជ័យជម្នះរបស់ Mayweather និងបន្ទាប់ពី Pacquiao បញ្ជាក់ពីបញ្ហារបួសរបស់គេ៕ IS