យោងតាមលិខិតមួយច្បាប់ ដែលបានបញ្ជាក់ប្រភពពីលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៦ មិថុនានេះ បានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើកំណត់ទូតតវ៉ា ទៅក្រសួងការបរទេសឥណ្ឌា ឲ្យក្រុមហ៊ុន “Mahavir Mandir Trust” បញ្ឈប់គម្រោងសាងសង់ប្រាសាទ ដែលចម្លងតាមប្រាសាទអង្គរវត្តខ្មែរយើង។
កំណត់ទូតតវ៉ា បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានចាត់ទុកការសាងសង់ចម្លងតាមប្រាសាទអង្គរវត្តខ្មែរយើង ពីសំណាក់ប្រទេសឥណ្ឌា ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មនោះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ ដល់សម្បតិ្តបេតិកភណ្ឌពិភពលោក ដែលមានតម្លៃមនុស្សជាតិ លេចធ្លោជាសកល។ ប្រាសាទអង្គរវត្តជានិមិត្តរូប ដែលមាននៅក្នុងទង់ជាតិកម្ពុជា ជាច្រើនទសវត្សមក ហើយ។ លិខិតដដែលបានបញ្ជាក់ទៀតថា ក្រសួងការបរទេសកម្ពុជា ស្នើឲ្យក្រសួងការបរទេសឥណ្ឌា ពិចារណាយ៉ាង ហ្មត់ចត់ជាបន្ទាន់ នូវគម្រោងសាងសង់ ចម្លងតាមប្រាសាទអង្គរវត្តរបស់ខ្មែរយើង ដើម្បីថែរក្សាទំនាក់ទំនងប្រពៃណីប្រវតិ្តសាស្ត្រ រវាងប្រទេស និងប្រជាជនទាំងពីរ។
យ៉ាងណាក៏ដោយ ទាក់ទងនឹងប្រភពនៃលិខិតនេះ វិទ្យុវាយោបានទូរស័ព្ទទៅកាន់លោកកុយ គួង ដើម្បីឲ្យបញ្ជាក់ឲ្យច្បាស់ ប៉ុន្តែមិនមានការឆ្លើយតបឡើយ។
គួរបញ្ជាក់ថា ប្រាសាទដែលស្ថិតនៅក្នុង គម្រោងសាងសង់ ដូចរចនាបទប្រាសាទអង្គររបស់ខ្មែរនេះមានឈ្មោះ Viraat Ramayan Mandir ដែលនឹងត្រូវសាងសង់កម្ពស់ជាង៣៧៩ហ្វីត ឬប្រហែល ១១៦ម៉ែត្រ ជាមួយកំពូល១៨ លើផ្ទៃដី២០០ហិចតា។ ប្រាសាទថ្មីនេះ គ្រប់គ្រង់ដោយក្រុមហ៊ុនឯកជន និងរំពឹងថា បញ្ចប់ការសាងសង់ ជាសា្ថពរ នៅឆ្នាំ២០២៣ ក្នុងគម្រោងថវិកា ៧៨លានដុល្លារ។ ចំណែកប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជាវិញ មានកំពូលស្រួច៥ សាងសង់ឡើងលើផ្ទៃដីជាង៥០០ហិចតា និងមានកម្ពស់ជាង៦៥ម៉ែត្រ។ ទោះយ៉ាងណាបើគិតពីទំហំផ្ទៃដី ដែលសាងសង់ ប្រាសាទអង្គរវត្ត នៅតែធំជាងប្រាសាទក្នុងគម្រោងរបស់ឥណ្ឌា ចាញ់តែកម្ពស់ និងចំនួនកំពូលប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ លោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ធ្លាប់បានបញ្ជាក់ប្រាប់ដល់វិទ្យុវាយោថា ការចម្លងគំរូ ប្រាសាទអង្គរវត្ត ទៅសាងសង់នៅឥណ្ឌានេះ ដោយសារតែប្រាសាទរបស់ខ្មែរ ភាពល្បីល្បាញលើពិភពលោក។ ម្យ៉ាងវិញទៀត វាក៏មិនធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរនោះទេ ព្រោះអ្នកទេសចរអន្តរជាតិគ្រប់រូប ប្រាថ្នាចង់ឃើញប្រាសាទអង្គរពិតប្រាកដ មិនមែនចង់មើលរបស់ក្លែងក្លាយឡើយ។ លោកស្រី មិនជឿថា រដ្ឋាភិបាលឥណ្ឌា គាំទ្រគម្រោងណាដែលមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្មែរទេ៕ ដោយៈសៅ វិសាល