Wednesday, July 15, 2015

Filled Under: , ,

ហេតុផល៥យ៉ាង​ដែល Apple អាច​​កំពុង​ញាក់សាច់​ដោយសារ Xiaomi​


Xiaomi គឺ​ជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ដាច់​ខ្លាំង​បំផុត​នៅ​ទីផ្សារ​លើ​ទឹកដី​កំណើត​របស់​ខ្លួន (ប្រទេស​ចិន) ហើយ​ក៏​លក់​ដាច់​នៅ​បណ្ដា​ទីផ្សារ​អន្តរជាតិ​ខ្លាំង រហូត​យក​បាន​លេខ ៣ លើ​ពិភពលោក​ថែមទៀត។ 

កាលពី​ត្រីមាស​ចុងឆ្នាំ​២០១៤ (ខែ​កក្កដា-កញ្ញា) ក្រុមហ៊ុន​ដែល​ទើប​ចាប់​បដិសន្ធិ​បាន​ប្រហែល ៤ឆ្នាំ (បង្កើត​នៅ​ឆ្នាំ ២០១០) នេះ​បាន​ជាប់​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​លំដាប់​លេខ ៣ លើ​ពិភពលោក​បន្ទាប់​ពី Samsung (លេខ១) និង Apple (លេខ២) ដែល​មាន​ចំណែក​ទីផ្សារ​ធំ​បំផុត​លើ​លោក។ នេះ​បើ​តាម​របាយការណ៍​ស្ថាប័ន​វិភាគ និង​ស្រាវជ្រាវ​ទីផ្សារ​ Strategy Analytics។ 

តាមរយៈ​សន្ទុះ​កើនឡើង​ចំណែក​ទីផ្សារ​ខ្លាំង​បែប​នេះ បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ​លើ​លោក អាច​ភ័យ​ញាក់សាច់​នឹង Xiaomi ព្រោះ​ចំណែក​ទីផ្សារ​ក្រុមហ៊ុន​ចិន​នេះ​ចេះ​តែ​មាន​សភាព​ល្អ​ឡើង។ ក្នុង​នោះ អ្នក​ដែល​ត្រូវ​ប្រុងប្រៀប​ទប់ទល់​ជាមួយ Xiaomi មុន​គេ​គឺ Apple ដែល​បច្ចុប្បន្ន​ឈរ​នៅ​លេខ​រៀង​ទី២ បន្ទាប់​ពី Samsung។ ខាង​ក្រោម​នេះ គឺ​ជា​ហេតុផល​ធំៗ ៥យ៉ាង​ដែរ Apple អាច​ខ្លាច Xiaomi៖

១) Xiaomi ទើបតែ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​មាន​សន្ទុះ​កើនឡើង​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់រហ័ស រហូត​អាច​តតាំង និង​យក​ឈ្នះ Apple នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន (ប្រទេស​ចិន)។ គេ​រំពឹង​ថា Xiaomi នឹង​កាន់តែ​ពង្រីក​ទីផ្សារ​កាន់តែ​ធំ ដោយ​ដាក់​ស្នាក់ការ និង​ដំឡើង​ទូរស័ព្ទ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដោយ​ផ្ទាល់។ ជាក់ស្ដែង​កាលពី​ថ្មីៗ​នេះ Xiaomi បាន​ត្រៀម​យុទ្ធសាស្ត្រ​បង្កើន​ចង្វាក់​ផលិតកម្ម​ស្មាតហ្វូន​នៅ​ឥណ្ឌា និង​ប្រេស៊ីល ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អតិថិជន។ 

២) គេ​ជឿ​ថា Xiaomi នឹង​ប្រើ​យុទ្ធសាស្ត្រ​ខុស​ពី Apple ដោយ​មាន​បំណង​ទាញ​ប្រាក់​ចំណេញ​កម្រិត​អតិបរមា​ពី​ការ​វាយលុក​ទីផ្សារ​តាមរយៈ​ការ​លក់ hardware ក្នុង​នោះ​ក៏​មាន​ឧបករណ៍​អាន​សៀវភៅ​អេឡិចត្រូនិក​ដូច​ជា Amazon Kindle និង​ឧបករណ៍​ផ្សេងៗ​ទៀត​ក្រៅ​ពី​ស្មាតហ្វូន។ ចំណែក Apple មាន​តែ​ក្រុម​ផលិតផល​ដដែលៗ​មិន​ពង្រីក។ យ៉ាងណា ទើបតែ​ចុងឆ្នាំ២០១៤កន្លង​ទៅ ក្រុមហ៊ុន​ពង្រីក​ថែម​ក្រុម​ផលិតផល​ថ្មី​គឺ​នាឡិកាដៃ​ឆ្លាតវៃ Apple Watch ក្រោម​​សម័យ​​​ដឹកនាំ​ដោយ​លោក Tim Cook តាំង​ពី​លោក Steve Jobs ទទួល​អនិច្ចកម្ម។

៣) គេ​ជឿ​ថា អ្នក​ប្រើប្រាស់​ស្មាតហ្វូន​នៅ​លើ​ពិភពលោក ពិសេស​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន ជា​អ្នក​កាន់​តែ​​មាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​គួរ​សម និង​ខ្លះ​យល់​ដឹង​បាន​ច្រើន ដូច្នេះ​ហើយ តម្រូវការ​របស់​ពួកគេ​គឺ​ឥត​ឈប់ឈរ គឺ​ចង់​បាន​នូវ​អ្វី​ប្លែក ជា​របក​គំហើញ​ថ្មីៗ​ផ្ដល់​អត្ថប្រយោជន៍។ ចំណែក​ក្រុមហ៊ុន Apple គឺ​ប្រកាន់​យក​គោលការណ៍ ខ្ជិល​ តាម​មិន​ទាន់ នៅ​ពី​ក្រោយ​គេ និយាយ​ដល់​ការ​រចនា និង​ទម្រង់​ម៉ូដ (ស្ទីល) នៅ​លើ​ទូរស័ព្ទ iPhone តាំងពី​ជំនាន់ iPhone 3GS គឺ​មិន​សូវ​ជា​មាន​ការ​ផ្លាស់ប្ដូរ​ប៉ុន្មាន​នោះ​ទេ។

៤) Xiaomi ចាយ​លុយ​ខ្លាំង​លើ​ការ​ជួល​បុគ្គលិក​ឱ្យ​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន តាមរយៈ ការ​ប្រមូល​​យក​អ្នក​មាន​សមត្ថភាព ជាមួយ​បទពិសោធន៍​ការងារ​ស្រាប់។ ជាក់ស្ដែង​កាលពី​ខែ​សីហា ឆ្នាំ២០១៣ Xiaomi បាន​ប្រកាស​រើស​យក​លោក Hugo Barra ដែល​ជា​អតីត​អនុប្រធាន​គ្រប់គ្រង​លើ​ផលិតផល​នៅ​ក្រុមហ៊ុន Google ឱ្យ​ទៅ​កាន់​តំណែង​ជា​អនុប្រធាន​ក្រុមហ៊ុន Xiaomi កម្រិត​អន្តរជាតិ។ ដូច្នេះ គេ​ព្យាករណ៍​ថា ប្រសិន Apple, Microsoft និង​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​ដទៃ​ទៀត​មាន​ការ​ធ្វេសប្រហែស មិន​យូរ​ទេ បុគ្គលិក​មាន​សមត្ថភាព​របស់​ខ្លួន​នឹង​ទៅ​ធ្វើ​ការ​នៅ Xiaomi។ 


៥) ក្រុមហ៊ុន Apple មិន​សូវ​មាន​សន្ទុះ​កើនឡើង​ចំណែក​ទីផ្សារ​ដូច Xiaomi នោះ​ទេ ហេតុផល​គឺ​អាច​បណ្ដាល​មក​ពី​ការ​កំណត់​តម្លៃ iPhone ខ្ពស់ៗ​ជាង​ស្មាតហ្វូន​របស់ Xiaomi និង​ដៃគូ​ប្រកួត​ប្រជែង​ដូច​ជា Samsung ជាដើម។ កន្លង​ទៅ មាន​សេចក្ដី​រាយការណ៍​ថា ឆ្នាំ​២០១៥ នេះ Apple អាច​នឹង​ប្រកាស iPhone ស៊េរី​ក្រោយ​ម្ដង​បី​ម៉ូដែល ក្នុង​នោះ​ក្រុមហ៊ុន​នឹង​បង្រួម​ទំហំ​អេក្រង់​មក​នៅ ៤អ៊ីញ ជាមួយ​តម្លៃ​លក់​ធូរ​ថ្លៃ ដើម្បី​សង្ឃឹម​ដណ្ដើម​ទីផ្សារ​បាន​ច្រើន​ជាង​បច្ចុប្បន្ន។ ចំណែក​ស្មាតហ្វូន Xiaomi មាន​តម្លៃ​ធូរ​ថ្លៃ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ៕


ចុះ​សម្រាប់​ទស្សនៈ​ប្រិយមិត្ត​អ្នក​អាន​វិញ តើ​យល់​យ៉ាងណា​ចំពោះ Xiaomi?​ តើ​អាច​ទៅ​រួច​ជាមួយ Apple ឬ​ទេ​នៅ​ពេល​ខាង​មុខ?