Thursday, November 12, 2015

Filled Under: ,

តើលោកសម សារី ឳពុករបស់លោកសម រង្ស៊ីជានរណា?

កើត​នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​១៩១៧ នៅ​ឃុំ​ជង្រុក ខេត្តកំពង់ស្ពឺ លោក សម សារី មាន​ឪពុក​ឈ្មោះ សម ញាន ធ្លាប់​បម្រើ​ការងារ​ជា​មន្ត្រី​រាជវាំង និង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៤០​។ លោក សម សារី គឺជា​កូន​ទី​២ ក្នុងចំណោម​កូន​ទាំងអស់ ៧ នាក់​។
​មានការ​លើកឡើង​ខុសៗ​គ្នា ពាក់ព័ន្ធ​នឹង​ខ្សែជីវិត​របស់លោក​សម​សារី​។ ខ្មែរ​មួយក្រុម អះអាងថា លោក​សម​សារី ជា​ជន​ក្បត់ជាតិ ពោលគឺ​ក្បត់​នឹង​របប​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ នរោត្តម សីហនុ កាលពី​ទស្សវត្ស​ឆ្នាំ​១៩៦០​។ ក៏ប៉ុន្តែ​ខ្មែរ​មួយក្រុម​ទៀត បាន​លើកឡើងថា លោក​សម​សារី ជា​អ្នក​ស្មោះស្ម័គ្រ​ដង្ហែ​តាម​សម្តេចព្រះ​នរោត្តម​សីហនុ ហើយ​ចុងក្រោយ លោក​សម​សារី ត្រូវ​ចលនា​ខ្មែរ​សេរី​របស់លោក សឺ​ង ង៉ុ​កថា​ន់ ជា​អ្នកបាញ់​សម្លាប់ ព្រោះតែ​លោក​សម​សារី ធ្វើជា​ចារកម្ម​ឲ្យ​សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​ចូលទៅ​បំបែកបំបាក់​ចលនា​ខ្មែរ​សេរី ដែល​ប្រឆាំងនឹង​សម្តេចព្រះ​នរោត្តម​សីហនុ​។​
​អត្ថបទ​ដែល​គេ​ផ្សព្វផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក​សមរង្ស៊ី នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ បង្ហាញថា លោក សម សារី បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​អ្នកស្រី អ៊ិន អេ​ម ជា​ស្ត្រី​ខ្មែរ​ទី​១ ដែល​ទទួលបាន​សញ្ញាបត្រ មធ្យមសិក្សា​ប​ត្រ​នៅ​ឥណ្ឌូចិន​បារាំង​សេស នា​ក្រុង​ព្រៃនគរ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​១៩៣៩ ហើយ​ក្រោយមក មានកូន​ចំនួន ៥​នាក់ គឺ​ប្រុស ៤​នាក់ និង​ស្រី​ម្នាក់ រួមមាន អេ​ម្ម៉ា​រ៉ា កើត​នៅ​ឆ្នាំ ១៩៤០ អេ​ម្ម៉ា​រ៉ា​ន កើត​នៅ​ឆ្នាំ ១៩៤១ អេ​ម្ម៉ា​ប្ញ​ទ្ធិ កើត​នៅ​ឆ្នាំ​១៩៤៥ មិ​ទ្ធា រី កើត​នៅ​ឆ្នាំ​១៩៤៦ និង​លោក​ សម រង្ស៊ី កើត​នៅ​ឆ្នាំ​១៩៤៩​។​
​ឯកសារ​ដដែល បង្ហាញថា ក្នុង​អាយុ ២២​ឆ្នាំ គឺ​អំឡុង​ឆ្នាំ​១៩៣៩ លោក សម សារី បាន​ចូល​ក្នុងចំណោម​ខ្មែរ​ទី​១ ដែល​បានទទួល​អាហារូបករណ៍​បារាំង ត្រូវ​មក​សិក្សា​នៅ​ស្រុក​បារាំង តែ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​១៩៤៦ ទើបបាន​ទៅ​បន្ត​ការសិក្សា ដែល​នៅ​ចន្លោះ​រយៈពេល​នោះ លោក សម សារី បាន​ចូល​បម្រើ​ការងារ​ក្នុង​ខេត្តបាត់ដំបង ជា​មន្ត្រី​តុលាការ​ជា​សុភា​ចា​រ្យ​បុរស កម្មសិក្សាការី​នៅ​ឆ្នាំ​១៩៤០ រហូតដល់​ឆ្នាំ​១៩៤៤ លោក សម សារី បាន​ផ្លាស់​មក​សាលាឧទ្ធរណ៍​ក្រុងភ្នំពេញ​។ នៅ​ឆ្នាំ​១៩៤៥ ពេល​ជប៉ុន ចូលកាន់​កាប់​ស្រុក​ខ្មែរ លោក សម សារី បាន​ធ្វើជា​មេ​នគរបាល​នយោបាយ រហូតដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​១៩៤៦ បារាំង​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្រុះស្រួល​គ្នា​បណ្តោះអាសន្ន ដោយ​លោក​សម សារី បាន​ឡើង​ធ្វើជា​ស្នង ការ​ប៉ូលិស​នៅ​ភ្នំពេញ​។​
​នៅ​ឆ្នាំ​១៩៤៦ លោក សម សារី បានដាក់​ពាក្យសុំ​ឈប់​មួយរយៈ ដើម្បី​ទៅ​រៀន​យក​ឯកទេស​ហិរញ្ញវត្ថុ នៅ​ស្រុក​បារាំង ដែល​នៅ​ទីនោះ លោក សម សារី មាន​ចំណូលចិត្ត​ទាក់ទង​បារាំង​ជា​អភិជន ដើម្បី​ស្គាល់​ទំនៀមទម្លាប់​ប្រពៃណី រហូតដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​១៩៤៩ លោក សម សារី បានទទួល​សញ្ញាបត្រ​ផ្នែក​សេវាសាធារណៈ នៅ​វិទ្យាស្ថាន​នយោបាយ ក្រុងប៉ារីស និង​បរិញ្ញាបត្រ​ច្បាប់ នៃ​មហាវិទ្យាល័យ​ច្បាប់​ក្រុងប៉ារីស ដែល​ក្រោយមក លោក សម សារី បាន​ធ្វើជា​កម្មសិក្សាការី នៅ​ធនាគារជាតិ​នៃ​ប្រទេស​បារាំង​។​
​លោក សម សារី បាន​វិល​ត្រឡប់មក​ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​១៩៥០ ដោយ​ត្រូវបាន​លោក ប៉ែន នុត ណែនាំ​បង្ហាញ​សម្តេចព្រះ នរោត្តម សីហនុ ដែល​ពេលនោះ ព្រះអង្គ​កំពុង​ស្វែងរក “​អ្នក​ស្នេហា​មាតុភូមិ​ម្នាក់ មានចំណេះ​វិជ្ជា ធ្វើការ​ងារ​មាន​ប្រសិទ្ធភាព និង​ជា​អ្នកខ្នះខ្នែង​ក្នុង​ការងារ ដើម្បី​ជួយ​ព្រះអង្គ ក្នុង​រាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​”​។ លោក សម សារី គឺជា​បញ្ញវន្ត​ម្នាក់ ដែល​អាចធ្វើ​ការងារ​អស់ទាំង​នេះ​បាន គឺ​លោក សម សារី មិន​ត្រឹមតែ​ជួយ​ព្រះរាជ​បូជនីយកិច្ច​នេះ​ទេ គឺ​លោក​បាន​សរសេរ​រឿងរ៉ាវ​កម្ពុជា​ក្រោម តវ៉ា​ទៅ​អាណានិគម​បារាំង ដែល​បាន​បញ្ចូល​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​ស្ថិតក្រោម​រដ្ឋការ​របស់​រដ្ឋ​សមាគម​យួន នៅ​ថ្ងៃទី​៤ មិថុនា ឆ្នាំ​១៩៤៩ ដោយ​លោក សម សារី ចាត់ទុកថា​ជា​រឿង​អយុត្តិធម៌ ត្រូវ​តវ៉ា​ចរចា​យក​កម្ពុជា​ក្រោម​វិញ នៅពេល​ខាងមុខ​។​
​ឯកសារ ក៏បាន​បង្ហាញថា រហូតដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​១៩៥៥ សម្តេចព្រះ នរោត្តម សីហនុ បានដាក់​រាជ្យ​ថ្វាយ​ព្រះបិតា ហើយ​ទៅ​បង្កើត​ចលនា​សង្គមរាស្ត្រនិយម ដែល​នៅពេលនោះ ព្រះអង្គ​បានសម្រេច​ជ្រើសរើស​លោក សម សារី ជា​សហការី​ដ៏​ជំនិត​ម្នាក់ គឺ​ក្នុង​រដ្ឋាភិបាល​ទី​១ នៃ​របប​សង្គមរាស្ត្រនិយម ដែលមាន​សម្តេចព្រះ នរោត្តម សីហនុ ជា​នាយករដ្ឋមន្ត្រី និង​មាន​លោក សម សារី ជា​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និង​អប់រំ​ជាតិ​។
​ឯកសារ​នោះ បាន​គូសបញ្ជាក់ថា “​បើ​ពិនិត្យមើល​ពី​សកម្មភាព​ការងារ​របស់លោក សម សារី បានបង្ហាញ​យ៉ាងច្បាស់​អំពី​គោលជំហរ​ការពារ​ព្រះរាជ​បល្ល័ង្ក ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ និង​បាន​នាំមក​នូវ​ជោគជ័យ​ដ៏​ធំធេង​ជូន​ជាតិ​មាតុភូមិ និង​រាស្ត្រ​ខ្មែរ​ទូទៅ​។ លោក សម សារី ជា​អ្នកស្នេហាជាតិ ដ៏​ធំធេង​និង​បរិសុទ្ធ​ស្មោះស្ម័គ្រ​ចំពោះ​ព្រះរាជ​បល្ល័ង្ក​នាំយក​ជ័យជំនះ​ជូន​ប្រជារាស្ត្រ​ខ្មែរ តាម​ព្រះតម្រិះ​សម្តេច នរោត្តម សីហនុ​”​។​
​ចំណែក​ឯកសារ​មួយទៀត សរសេរ​នៅក្នុង​វេ​ប​សាយ “www.kppradio.org” ចុះ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៣ ដែលមាន​ចំណងជើង​ថា “​តើន​ណា​ជា​អ្នក​សម្លាប់ សម សារី​? ហើយ សម សារី ស្លាប់​ទីកន្លែង​ណា​? ដោយសារ​មូលហេតុ​អ្វី​?” គឺ​ឯកសារ​នោះ បង្ហាញថា ការស្លាប់​របស់លោក សម សារី ដែលជា​ឪពុក​របស់លោក​សម រង្ស៊ី ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​ធ្វើការ​បកស្រាយ​ផ្សេងៗ​គ្នា ដោយ​គ្មាន​ឯកសារ​ពិតប្រាកដ​ណាមួយ លើក​យកមក​និយាយ​អោយបាន​ត្រឹមត្រូវ​ច្បាស់លាស់​ទេ​។ សូម្បីតែ​លោក សម រង្ស៊ី ខ្លួនឯង ក៏​មិន​ហ៊ាន​សរសេរ ឬ​បកស្រាយ​ពី​មូលហេតុ​នៃ​ការស្លាប់ របស់​ឪពុក​ខ្លួន​ផង​។ ចំណែកឯ​អ្នក​ដែល​អាង​ខ្លួន​មាន​អាយុ​ច្រើន​មួយចំនួន ដែល​តាមពិត​គ្រាន់​តែមាន​អាយុ​ច្រើន តែ​មិនដែល​បានដឹង​រឿងរ៉ាវ​អ្វី​ទេនោះ ក៏​ចេះតែ​ប្រដិត​រឿង និយាយ​ពី​ការស្លាប់​របស់លោក សម សារី ធ្វើ​ដូចជា​ខ្លួន​បានដឹង តែ​តាមពិត​ខ្លួន​មិនបាន ដឹង​អ្វី​ទាំងអស់​។​
​ឯកសារ​លើ​វេ​ប​សាយ​ដដែល​នោះ បានសរសេរថា លោក​សម​សារី ជា​ចារកម្ម​របស់​សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​ចូលទៅ​យកការណ៍ ក្នុង​បំណង​បំបែកបំបាក់​ក្រុម​លោក សឺ​ង ង៉ុ​កថា​ន់ ដែលជា​ប្រធាន​ចលនា​ខ្មែរ​សេរី នៅ​ជាយដែន​ប្រទេស​ថៃ​។ លោក សម សារី បាន​ប្រមូលយក​នូវ​ព័ត៌មាន​ពី​ចលនា​ខ្មែរ​សេរី​របស់លោក​សឺ​ង ង៉ុ​កថា​ន់ បញ្ជូនទៅអោយ​សម្តេច នរោត្តម សីហនុ ហើយ​បាន​រាយការណ៍​ជូន​យ៉ាង​មាន​សុទិដ្ឋិនិយម​ថា នឹងមិន​ដល់​មួយឆ្នាំ​ទេ ខ្លួន​គឺអាច​បំបែក​រំលាយ​ចលនា​ខ្មែរ​សេរី របស់លោក សឺ​ង ង៉ុ​កថា​ន់ បាន​។​
​ឯកសារ​បង្ហាញថា ក្រោយពេល​សម្តេច សីហនុ បញ្ជូន​លោក សម សារី មក​ធ្វើជា​ចារកម្ម​ក្នុង​ក្រុម​ខ្មែរ សេរី ពេលនោះ លោក សម សារី បានចាប់ផ្តើម​ចង​ស​ម្ព័​ន​ជាមួយ​ពួក​កុ​ម្មុយ​និ​ស្ត​យៀកមិញ តាមរយៈ​ការភ្ជាប់​ទំនាក់ទំនង​ពី​ខាងក្រោយ​របស់​នាង ម៉ូ​និក ពេលនោះ​ហើយ ដែល​ពួក​សៀម យល់ច្រឡំ​ថា លោក សឺ​ង ង៉ុ​កថា​ញ់ ចូល​កុម្មុយនីស្ត ក៏​រក​ចាប់ខ្លួន​លោក និង​ថ្នាក់ក្រោម របស់លោក​ដែរ​។ លោក សឺ​ង ង៉ុ​កថា​ន់ អត់​មាន​កន្លែង​នៅ ព្រំប្រទល់​ដែន​សៀម​ទៀត​ទេ លោក​ត្រូវតែ​ភៀសខ្លួន​ត្រឡប់​មកកាន់​កម្ពុជា​ក្រោម​វិញ​។ ប៉ុន្តែ​ដើម្បី​ទៅ​កម្ពុជា​ក្រោម លោក​ត្រូវ​ដើរកាត់​ស្រុក​ខ្មែរ​។
​ឯកសារ​បន្តថា យៀកមិញ ហើយនឹង​ប៉ូលិស​គេញ​របស់​សម្តេច សីហនុ ទាំងអស់នេះ សុទ្ធ​ជាស​ត្រូវ​របស់លោក សឺ​ង ង៉ុ​កថា​ន់​។ លោក សឺ​ង ង៉ុ​កថា​ន់ នឹងមាន​គ្រោះថ្នាក់ កាលណា​ឆ្លងកាត់​ស្រុក​ខ្មែរ​។ កងទ័ព​ខ្មែរ​សេរី​របស់ សឺ​ង ង៉ុ​កថា​ន់ អត់​ស្គាល់ផ្លូវ ដែល​អាចដឹកនាំ​លោក ឆ្លងកាត់​ទៅ​កម្ពុជា​ក្រោម ដោយ​សុ​វត្តិភាព​ទេ​។ ពេលនោះ សម សារី ចាប់ផ្តើម​ដំឡើង​ធ្មុង ដោយ​គិតថា ខ្លួន​អាច​បំបែក ចលនា​ខ្មែរ​សេរី​បាន​ហើយ ព្រោះ​ចលនា ដែល​គ្មាន​ក្បាល​ដឹកនាំ គឺ​ត្រូវតែ​ចប់​។ ដូច្នោះ ក្នុង​ចន្លោះ​ពេលនេះ សម សារី បាន​លួច​ជូនដំណឹង​មក​សម្ត​ច សីហនុ ជាសំងាត់ ដើម្បីអោយ​ក្រុម​គិញ​របស់​សម្តេច សីហនុ ត្រៀម​រៀបចំ​ផែនការ ពួនស្ទាក់​សម្លាប់​លោក សឺ​ង ង៉ុ​កថា​ន់ នៅក្នុង​ដី​ខ្មែរ​កណ្តាល អោយបាន មុនពេល​ឆ្លង​ដល់​ដី​កម្ពុជា​ក្រោម​។ ជា​សំណាងល្អ​របស់​អ្នកស្នេហាជាតិ សំបុត្រ​របស់ សម សារី ដែល​រាយការណ៍​អោយ​សម្តេច សីហនុ ត្រូវបាន​ធ្លាក់ចូល​ទៅក្នុង​ដៃ​របស់លោក ថាច់ ត្រឹង ដែលជា​អង្គរក្ស​ផ្ទាល់​របស់លោក សឺ​ង ង៉ុ​កថា​ន់​។​
​ឯកសារ លើកឡើងថា លោក ថាច់ ត្រឹង អង្គរក្ស​របស់លោក សឺ​ង ង៉ុ​កថា​ន់ គឺជា​អ្នកបាញ់​សម្លាប់​លោក សម សារី ពី​ព្រោះតែ​ពេលនេះ ដឹង​ច្បាស់​ហើយ​ថា លោក សម សារី គឺជា​ចារកម្ម​របស់​សម្តេច សីហនុ ដែល​ចូលក្នុង​ចលនា​ខ្មេរ​សេរី គឺ​ដើម្បី​បំផ្លាញ​ចលនា​ខ្មែរ​សេរី និង​លាប​ពណ៌​ចលនា​ខ្មែរ​សរី ទៅជា​កុម្មុយនីស្ត អោយ​ប្រទេស​សៀម​លែងអោយ​ដី​ជ្រក និង​មិនតែប៉ុណ្ណោះ សម សារី ដែលជា​ចារកម្ម​របស់​សម្តេច សីហនុ ក៏បាន​រៀបចំ​ផែនការ​សម្លាប់​លោក សឺ​ង ង៉ុ​កថា​ន់ ថែមទៀត​។ ដូច្នោះ​លោក ថាច់ ត្រឹង សម្លាប់​លោក សម សារី អត់​មាន​បញ្ជា​ពី​លោក សឺ​ង ង៉ុ​កថា​ន់ ទេ ពោលគឺ​សម្លាប់​មុន​ហើយ បាន​រាយការណ៍​បង្ហាញ​ឯកសារ តឹកតាង​តាម​ក្រោយ​។ មុនពេល ស្លាប់ សម សារី លោក​និយាយ​ប្រកែក​ខ្លាំង​មាត់​ឡើង​សរសៃ​ករ​ជាមួយ ថាច់ ត្រឹង តែ​វាសនា ចារកិច្ច​ជន​រូបនេះ មិនអាច​គេចផុត​ពី​ចុង​កាំភ្លើង​របស់​អ្នក​ខ្មែរក្រោម​អ្នកស្នេហាជាតិ ថាច់ ត្រឹង បានទេ​។ សម សារី ស្លាប់​នៅ​ព្រំដែន​សៀម​ទៅ​។​
​ឯកសារ​ចុះផ្សាយ​ក្នុង​វេ​ប​សាយ​ដដែល បាន​គូសបញ្ជាក់ថា លោក សម សារី មិនមែនជា​មនុស្ស​ក្បត់​សម្តេច សីហនុ ដូចដែល​ឯកសារ​មួយចំនួន បាន​សរសេរ​នោះទេ​។ តាមពិត​ទំនាស់​រវាង សម សារី ជាមួយនឹង​សម្តេច សីហនុ គឺជា​ទំនាស់​សិប្បនិម្មិត ដែល​បាន​រៀបចំឡើង ដើម្បី​បញ្ចូល​ខ្លួន សម សារី ទៅក្នុង​ចលនា​ខ្មែរ​សេរី ជាពិសេស​ចូល​អោយបាន​ជិត​ខ្លួន​របស់លោក សឺ​ង ង៉ុ​កថា​ន់​។ ការដែល សម សារី វ៉ៃ​ស្រី​កំណាន់​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស នៅក្នុង​ពី​ធី​ចូលរួម​ខួបកំណើត​ម្ចាស់​ក្ស​ត្រី​យ៍ អេ​លីហ្សា​បែ​ត គឺជា​បញ្ជា​ពី​វាំង​នៅ​ភ្នំពេញ ដើម្បី​យក​ធ្វើជា​លេស​ធំ និង​ធ្វើជា​ទំនាស់​ធំ​រវាង សម សារី និង សម្តេច សីហនុ​។ តែ​តាមពិត សម សារី គឺ​នៅតែ​ជា​ចារកម្ម​របស់​សម្តេច សីហនុ ដដែល ដែលមាន​បេសកកម្ម ចូលទៅ​បំបែក​ចលនា​ខ្មែរ​សេរី ដូចដែល សម សេរី ធ្លាប់បាន​បំបែក គណបក្ស​ប្រជាធិបតេយ្យ​របស់លោក អៀវ កឹះ ព្រះអង្គម្ចាស់ ស៊ី​សុ​វ​ត្តិ យុ​ទ្ធិ​វង្ស និង​លោក កេង វ៉ាន់​សាក់ ជាដើម​។
ឯកសារលើកឡើងថា ដូច្នោះ​ហើយ​បានជា​សម្តេច សីហនុ មាន​នាទី​ច​ញ្ចឹ​ម​កូន​ប្រពន្ធ​របស់ សម សារី អោយ​រស់នៅ​រៀនសូត្រ​នៅ​ស្រុក​បារាំង ហើយក៏​រៀបការ​កូនស្រី​របស់ ញ៉ឹក ជូ​ឡុង អោយ សម រង្ស៊ី ដើម្បី​បន្ត​មរតក​នយោបាយរ​បស់​ឪពុក​រហូតមក និង​ក៏​វា​ជា​ហេតុផល ដែល សម រង្ស៊ី មិន​ហ៊ាន​សរសេរ​ពី​មូលហេតុ ដែល​ឪពុក​ខ្លួន​ស្លាប់​ដែរ ព្រោះ​ឪពុក​ខ្លួន មិនមែន​សម្តេច សីហនុ ជា​អ្នក​សម្លាប់ តែ​ជា​ខាង​ខ្មែរ​សេរី​អ្នក​សម្លាប់​ទៅវិញ​។​
​ទន្ទឹមនឹង​ឯកសារ​ទាំងពីរ​ខាងលើ ក៏មាន​ឯកសារ​ខ្លះ ពិសេស​ខ្មែរ​មួយចំនួន ក្នុងសម័យ​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ នរោត្តម សីហនុ បាន​អះអាងថា លោក​សម​សារី ថា​ជា​ជន​ក្បត់ជាតិ គឺ​ក្បត់​នឹង​សម្តេចព្រះ នរោត្តម​សីហនុ ហើយរ​ត់ទៅ​ចូល​ដៃ​នឹង​ក្រុម​ចលនា​ខ្មែរ​សេរី​របស់លោក​សឺ​ង​ង៉ុ​កថា​ន់ បង្កើត​ចលនា ប្រឆាំងនឹង​សម្តេចព្រះ​នរោត្តម​សីហនុ ក្នុងសម័យ​សង្គមរាស្ត្រនិយម​។​
​ក្នុងពេល​ដំណាលគ្នា​នោះ ក៏​មានការ​លើកឡើងថា រដ្ឋាភិបាល​សម័យ​សង្គម​រាស្ត្រនិយម បាន​កាត់ទោស​ប្រហារជីវិត​លោក​សម​សារី ដែលមាន​ឈ្មោះ​ជា​ជន​ក្បត់ជាតិ ហើយ​លោក​សម​សារី ក៏ត្រូវ​បាន​គេ​សម្លាប់ ក្នុងអំឡុង​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ នោះ​ផងដែរ​៕​