នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក ឌីមេទ្រី មេវ៉េដេវ នឹងមកបំពេញទស្សនកិច្ចជាលើកដំបូង និងជាប្រវត្តិសាស្រ្តនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាមួយនឹងការអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរ ដ៏ល្បាញល្បីនៅខេត្តសៀមរាប។
ជាមួយនោះផងដែរ រថយន្តសេរីទំនើបៗចំនួន ៥គ្រឿង សម្រាប់ទទួលអមដំណើរប្រតិភូនាយករដ្ឋមន្រ្តីរុស្ស៊ី ត្រូវបានដឹកជញ្ជូនតាមយន្តហោះប្រភេទ IL-76 មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ម្សិលមិញ។ រថយន្តសេរីទំនើបទាំងនោះ ព្រមទាំងសម្ភារមួយចំនួន ត្រូវបានចាំទទួលដោយមន្រ្តីស្ថានទូតសហព័ន្ធរុស្សី ប្រចាំកម្ពុជា ជាមួយនឹងការជួយសម្រួលពីសំណាក់មន្រ្តីកម្ពុជាផងដែរ។
មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងសមត្ថកិច្ចរួមមាន នគរបាល អាវុធហត្ថ និងយោធាជាង ១ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយក្នុងរាជធានីភ្នំពេញ និងខេត្ដសៀមរាប ដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់ នៃការមកបំពេញទស្សនកិច្ចជាផ្លូវការរបស់ នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក ឌីមេទ្រី មេវ៉េដេវ៕

