យើងច្រើនតែមើលស្រាលសារសំខាន់នៃការដកដង្ហើម និងតួនាទីរបស់វានៅក្នុងសុខុមាលភាពជាទូទៅ។ តាមពិតទៅ ការដកដង្ហើមមួយដែលល្អអាចធ្វើឱ្យមានសុខភាពល្អ និងជួយឱ្យគ្រប់គ្រងស្ត្រេសនិងការធ្លាក់ទឹកចិត្តបាន។
លោកវេជ្ជបណ្ឌិត Andrew Weil អ្នកឯកទេសខាងការប្រើឱសថបុរាណព្យាបាលជំងឺ បានពន្យល់ថាវាមានចំណងទាក់ទងប្រត្យក្សរវាងរាងកាយនឹងចិត្ត ហើយការធ្វើសមាធិដោយអនុវត្តលំហាត់ដកដង្ហើមជារឿយៗអាចជួយឱ្យគ្រប់គ្រងស្ត្រេសក្នុងមួយថ្ងៃបាន។ ពួកអ្នកវិទ្យាសាស្ត្របានពិនិត្យឃើញថាការអនុវត្តការដកដង្ហើមតាមវិធីយោគៈបានជួយជាច្រើនដល់អ្នកជំងឺហឺត ហើយក៏កាត់បន្ថយសម្ពាធឈាម ផងដែរ។ ឧទាហរណ៍មួយទៀត គឺគេបានឱ្យពួកទាហានជើងចាស់ដែលធ្លាប់ទៅប្រយុទ្ធនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក អនុវត្តវិធីដកដង្ហើមតាមក្បួនយោគៈ ដើម្បីបំបាត់ការថប់អារម្ភ ស្ត្រេស និងការធ្លាក់ទឹកចិត្ត បានយ៉ាងមានប្រសិទ្ធភាព។
សាកលវិទ្យាល័យ UCLA (University of California, Los Angeles) បានធ្វើការសិក្សាមួយលើមនុស្ស៤៥នាក់ ដែលមានស្ត្រេស ការធ្លាក់ទឹកចិត្ត ជំងឺអាល់ហ្សេមែរ ក្នុងសភាពធ្ងន់ធ្ងរ ដោយចែកគ្នាជា២ក្រុម។ មួយក្រុមគេឱ្យអនុវត្តយោគៈចំនួន១២នាទីរាល់ថ្ងៃ ឯក្រុមទី២គេឱ្យសម្រាកបន្ធូរអារម្មណ៍ដោយស្តាប់ភ្លេងក្នុងរយៈពេល១២នាទី ដូចគ្នា។ គេសង្កេតឃើញថាក្រុមទី១បានទទួលលទ្ធផលល្អប្រសើរជាង ហើយវិធីយោគៈមិនគ្រាន់តែជួយឱ្យគេបានធូរស្បើយពីស្ត្រេស ការធ្លាក់ទឹកចិត្ត ។ល។ តែប៉ុណ្ណោះទេ គឺថែមទាំងបានជួយដល់ការចងចាំ និងការមិនងាយចាស់ ថែមទៀតផង។
រីឯការអនុវត្តនូវការដកដង្ហើមតាមក្បួនយោគៈនេះមានដូចតទៅ៖
- យកមេដៃសង្កត់លើរន្ធច្រមុះស្តាំ
- ដកដង្ហើមចូលតាមរន្ធច្រមុះឆ្វេង
- យកចង្អុលដៃមកសង្កត់បិទរន្ធច្រមុះស្តាំ ដកមេដៃចេញពីរន្ធច្រមុះស្តាំ
- ដកដង្ហើមចេញតាមរន្ធច្រមុះស្តាំ
- ដកដង្ហើមចូលតាមរន្ធច្រមុះស្តាំវិញម្តង
- ដាក់មេដៃសង្កត់មកលើរន្ធច្រមុះស្តាំឡើងវិញ ដកចង្អុលដៃចេញពីរន្ធច្រមុះឆ្វេង
- ដកដង្ហើមចេញតាមរន្ធច្រុះឆ្វេង
- អនុវត្តបែបនេះឱ្យបានពីរបីនាទី។
ការផ្លាស់ប្តូរការដកដង្ហើមចូលនិងចេញបែបនេះធ្វើឱ្យមានតុល្យភាពរវាងវេទនារម្មណ៍ ហើយនិងឱ្យមានសុខដុមនិយកម្មរវាងខួរក្បាលខាងស្តាំនិងខួរក្បាលខាងឆ្វេង ផងដែរ។