សារព័ត៌មាន Sky News បានបង្ហាញឲ្យឃើញអំពីការវិវឌ្ឍចុងក្រោយមួយរបស់ក្រុមភេរវករ ISIS តាមរយៈខ្លីបវីដេអូមួយ។

វីដេអូនោះបានឲ្យដឹងថាក្រុម ISIS មានជាក្រុមអ្នកវិទ្យាសាស្ត្រផ្ទាល់ខ្លួនមួយ ហើយថែមទាំងមានការហ្វឹកហាត់ជាញឹកញាប់ផងដែរ។ អ្នកដែលចូលរួមក្នុងការហ្វឹកហាត់ត្រូវបានបង្រៀនអំពីការផលិតគ្រាប់បែក និងវិធីបម្លែងរថយន្តធម្មតាមួយទៅជារថយន្តបញ្ជាដោយតេឡេដែលចំណាយប្រាក់អស់តិច។
រថយន្តដែលគេច្នៃឡើងអាចបញ្ជាបានពីចម្ងាយតាមរយៈតេឡេ ដោយក្នុងរថយន្តមាននូវមនុស្សតុក្កតាដែលបន្លំខ្លួនធ្វើជាអ្នកបើកបរ។ មនុស្សតុក្កតាត្រូវបានបំពាក់ទៅដោយប្រព័ន្ធអេឡិចត្រូនិកដែលអាចបញ្ចេញកម្ដៅដូចជាមនុស្សធម្មតា។ គេធ្វើបែបនេះដើម្បីឲ្យកាមេរ៉ាសុវត្ថិភាពស្ទង់ដឹងថារថយន្តដែលបានបើកចូលមកមានមនុស្សនៅក្នុងនោះ ហេតុនេះគេនឹងមិនសង្ស័យទេថាវាជារថយន្តបង្កៃគ្រាប់បែកនោះ។
ព័ត៌មានទាំងនេះត្រូវបានបង្ហើបឲ្យដឹងពីបុរសម្នាក់ដែលគាត់ធ្លាប់ជាអ្នកហ្វឹកហាត់មួយរូបនៅក្នុងក្រុមភេរវករ ISIS។
ជំនួសឲ្យការបំផ្ទុះគ្រាប់បែកអត្តឃាត ឥឡូវនេះក្រុមភេរវករ ISIS មានសមត្ថភាពបានបង្កើតឡានដែលបញ្ជាទៅមុខនិងបំផ្ទុះពីចម្ងាយបាន ដោយវានឹងធ្វើឲ្យពិភពលោកកាន់តែមានការព្រួយបារម្ភអំពីភាពអសន្តិសុខដែលអាចនឹងកើតមានឡើងជាបន្តបន្ទាប់៕