Thursday, February 18, 2016

Filled Under: , , ,

ព្រះតេជគុណ ជួន កក្កដា ​៖ ​បុណ្យ​មាឃបូជា​មិន​មែន​ធ្វើ​តែ​យាយ​តា​ចាស់​ៗ ​និង​ព្រះសង្ឃ​នោះ​ទេ​

​មាឃបូជា ​គឺ​ជា​ពិធី​បុណ្យ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​ជា​អ្នក​កាន់​នូវ​ព្រះ​ពុទ្ធ​សាសនា ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា ​ក៏​បាន​យក​ថ្ងៃ​នៃ​ពិធី​បុណ្យ​នេះ ​សម្រាប់​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​បុគ្គលិក ​កម្មករ ​មន្ត្រីរាជការ​ទូទាំង​ប្រទេស​ផង​ដែរ ​ព្រោះ​ប្រទេស​កម្ពុជា ​បាន​យក​សាសនា​ព្រះពុទ្ធ​ គឺ​ជា​សាសនា​របស់​រដ្ឋ ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ មាត្រា ៤៣ ​តែ​យ៉ាង​ណា​មិញ​ ប្រជាជន​ខ្លះ ​ជាពិសេស​យុវជន​កម្ពុជា​សព្វ​ថ្ងៃ​នេះ​តែម្ដង​ ​នូវ​ពុំ​ទាន់​យល់​ដឹង​អំពី​ហេតុ​នៃ​ពិធី​បុណ្យ​នេះ​នៅ​ឡើយ ​ហើយ​ក៏​មិន​ទាន់​ដឹង​ថា ​ពិធី​បុណ្យ​នេះ​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​ខ្លួន​ឯង​ដែរ​។

​ឆ្លៀត​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​មាឃបូជា​ បាន​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ​ត្រូវ​ជា​ថ្ងៃ ​១៥​កើត ​ពេញបូណ៌មី ខែមាឃ ​ឆ្នាំ​មមែ សប្ដស័ក ព.ស ២៥៥៩ ដែល​ជា​ថ្ងៃ​ខែ​ឆ្នាំ​ខ្មែរ​ ប៉ុន្តែ​យុវជន​យើង​ខ្លះ​លែង​ចេះ​រាប់​អស់​ហើយ ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​? ​តែ​ជា​មហា​កិត្តិយស​មួយ​ដែរ ​ថ្ងៃ​នេះ​គេហទំព័រ​ព័ត៌មាន Kqube.net ​បាន​និមន្ត​ព្រះភិក្ខុ​មុនិបាលោ ​ជួន កក្កដា ​ធម្មកថិក​ដ៏​ល្បី​ឈ្មោះ ​ផ្នែក​សម្ដែង​ធម៌​អប់រំ​បែប​ព្រះពុទ្ធសាសនា ​មក​ស្រាយ​បំភ្លឺ​អំពី​បុព្វ​ហេតុ​នៃ​ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​មាឃបូជា ​និង​សារៈសំខាន់​ផ្សេង​ៗ​ទៀត​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​យល់​ដឹង​បន្ថែម​ផង​ដែរ​។

​ចំណុច​ពិសេស​មួយ​ដែល​ព្រះភិក្ខុ ជួន កក្កដា ​បាន​លើក​បំភ្លឺ​ឡើង ​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ភ្ញាក់​រលឹក​ឡើង​វិញ​ថា ​ពិធីបុណ្យ​មាឃបូជា​នេះ ​មិន​មែន​ធ្វើ​ឡើង​ចំពោះ​តែ​លោក​យាយ​លោក​តា​ចាស់​ៗ​នោះ​ទេ​ គឺ​ត្រូវ​តែ​មាន​ការ​ចូល​រួម ​យល់​ដឹង​ឲ្យ​បាន​គ្រប់​ៗ​គ្នា ​ព្រោះ​ច្បាប់​រដ្ឋ​គេ​បាន​យក​ថ្ងៃ​នៃ​ពិធី​បុណ្យ​មាឃ​បូជា​នេះ ​ជា​ថ្ងៃ​ឈប់​សម្រាក​ទូទាំង​ប្រទេស ​ចុះ​ហេតុ​អ្វី​ពលរដ្ឋ​ខ្មែរ ​មិន​ស្វែង​យល់​អំពី​ពិធី​បុណ្យ​នេះ​ឲ្យ​កាន់​តែ​ច្បាស់​គ្រប់​ៗ​គ្នា ​ចាំ​អី​តែ​លោក​តា​លោក​យាយ ​គឺ​យុវជន​ត្រូវ​តែ​ជា​អ្នក​ដឹក​នាំ ​ឬ​យល់​ដឹង​ឲ្យ​បាន​ច្រើន​គ្នា​អំពី​បុណ្យ​ជាតិ​របស់​ខ្លួន​ឯង ​កុំ​នាំ​គ្នា​ដឹង​តែ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ឬ​បុណ្យ​ជាតិ​សាសន៍​ដទៃ​នោះ​។

លោក​ម្ចាស់​គ្រូ​អង្គ​នេះ​មាន​ថេរ​ដីកា​បន្ថែម​ថា ​សព្វ​ថ្ងៃ​នេះ​បើ​ពុំ​មាន​ការ​អប់រំ​បែប​ព្រះពុទ្ធសាសនា ដើម្បី​ឲ្យ​មនុស្ស​ទូទៅ​ចេះ​ខ្លាច​បុណ្យ​បាប ​គុណ​ទោស​នោះ​ទេ ​ម្ល៉ោះ​ហើយ​មនុស្ស​ម្នាក់​ៗ​គ្មាន​អ្នក​ណា​ម្នាក់​មាន​គុណធម៌​ក្នុង​ខ្លួន​នោះ​ទេ ​ហើយ​បើ​នៅ​ក្នុង​សង្គម ​ឬ​ប្រទេស​មួយ​មិន​សាសនា​ថែម​ទៀត ​គឺ​ធ្វើ​ឲ្យ​ប្រទេស​នោះ ​មិន​មាន​សុខ​សន្តិភាព​សោះ​ឡើយ ​យ៉ាង​ណា​មិញ​ប្រទេស​កម្ពុជា​ក្នុង​ប្រវត្តិសាស្ត្រ​នា​ពេល​កន្លង​មក ​ខណៈ​ដែល​ព្រះពុទ្ធសាសនា ​ត្រូវ​បាន​គេ​លុប​បំបាត់ ​តើ​កាល​នោះ​ប្រជាជន​ខ្មែរ​ទៅ​ជា​យ៉ាង​ណា ​ពលរដ្ឋ​ខ្មែរ​ពិត​ជា​នូវ​ចាំ​មិន​ភ្លេច​ទេ​? ​ហេតុ​ទាំង​អស់​នេះ​ហើយ ​ទើប​បញ្ជាក់​ថា ព្រះ​ពុទ្ធ​សាសនា ​ពិត​ជា​មាន​គុណ​ណាស់​សម្រាប់​អ្នក​គោរព​កាន់​សាសនា​នេះ​។