
ស្នងការរងប៉ូលិសប្រចាំខេត្តភូកេត លោក Peerayuth Karajedee បានបញ្ជាក់ប្រាប់សារព័ត៌មានថា សមត្ថកិច្ចបានបញ្ជូនលិខិតទៅគ្រប់អាជីវកម្មដែលបម្រើសេវាកម្មសប្បាយនានាទាក់ទងនឹងការហាមប្រាមនេះ។ លោកបានបន្ថែមថា៖ «បើយោងតាមច្បាប់ពាណិជ្ជកម្ម ទីតាំងដែលបម្រើសេវាកម្មកម្សាន្ត មិនលក់គ្រឿងស្រវឹងឡើយ បន្ទាប់ពីម៉ោង១យប់ថ្ងៃចន្ទ ដូច្នេះបបម្រាមនេះ នឹងមានប្រសិទ្ធភាពរហូតដល់ព្រឹកថ្ងៃអង្គារ»។
លោក Peerayuth បានអះអាងប្រាប់ Phuket Gazette ថា ក្រុមមន្ត្រីប៉ូលិសនឹងចុះឆែកឆេរនៅតាមទីតាំងដែលបម្រើសេវាកម្មកម្សាន្ត ហើយបើសិនរកឃើញករណីល្មើស អ្នកប្រព្រឹត្តអាចជាប់គុក៦ខែ ឬពិន័យជាប្រាក់១ម៉ឺនបាត។
ទោះបីជាយ៉ាងណាក៏ដោយ មេប៉ូលិសរូបនេះ លើកឡើងថា៖ «ខ្ញុំជឿជាក់ថា ប្រជាជនថៃ អ្នកលក់គ្រឿងស្រវឹង និងអ្នកគ្រប់គ្រងសេវាកម្មកម្សាន្ត យល់ច្បាស់ថា ការលក់ និងជាវគ្រឿងស្រវឹងគឺត្រូវបានហាមឃាត់នៅក្នុងថ្ងៃដ៏ពិសេសនេះ»។
មាឃបូជាជាពិធីបុណ្យសាសនាដ៏មានសារសំខាន់នៅក្នុងប្រទេសថៃ ក៏ដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ផងដែរ។ ពិធីបុណ្យមាឃបូជាប្រារព្ធធ្វើនៅថ្ងៃទី១៥កើត ខែមាឃ ដើម្បីរំឭកព្រឹត្តិការណ៍សំខាន់ៗបីរបស់ព្រះសម្មាសម្ពុទ្ធ រួមមាន ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ចេញសាងភ្នួស ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសនូវ "ឱវាទបាដិមោក្ខ" ហើយបង្កើតព្រះពុទ្ធសាសនា និងជាថ្ងៃដែលព្រះអង្គកំណត់វេលានៃការចូលបរិនិព្វាន។
យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត មាឃបូជាគឺជាឈ្មោះបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់ សាវកសន្និបាត “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត “ការប្រជុំមានអង្គបួន” គឺ ១- ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (ថ្ងៃពេញបូណ៌មីខែមាឃ); ២- ព្រះភិក្ខុសង្ឃចំនួន ១.២៥០ រូប ឥតបានមត់កំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្តា; ៣- ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជា ឯហិភិក្ខុដូចគ្នាទាំងអស់; ៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត ។
ការប្រជុំមានអង្គ ៤ ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់; ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឱវាទបាតិមោក្ខ ...។ ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា : ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា ៕