Tuesday, March 24, 2015

Filled Under:

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់​ធ្លាក់​នៅ​ប្រទេស​បារាំង

យន្តហោះ​មួយគ្រឿង​ ​ធុន Airbus A320 ដែល​មាន​ដឹក​មនុស្ស​ចំនួន ១៤៨​នាក់​ បាន​ធ្លាក់​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ។ បើ​តាម​ការ​ប្រកាស​របស់​​លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង អ្នក​ដំណើរ​ទាំងអស់​នៅលើ​យន្តហោះ​នេះ​ទំនង​ជា​ត្រូវ​បាត់បង់​ជីវិត​ទាំងអស់ ដោយ​គ្មាន​អ្នក​រួចជីវិត​នោះទេ។
យន្តហោះ​ដែល​ធ្លាក់​នេះ គឺ​ជា​យន្តហោះ​របស់​ក្រុមហ៊ុន​​អាកាសចរណ៍​អាល្លឺម៉ង់ ឈ្មោះ​ Germanwings ដែល​ជា​សាខាមួយ​របស់​ក្រុមហ៊ុន​ Lufthansa ។ យន្តហោះ​នេះ​ធ្វើការ​ហោះហើរ​ចេញ​ពី​ទីក្រុង Barcelone ប្រទេស​អេស្ប៉ាញ ឆ្ពោះទៅកាន់​ក្រុង Dusseldorf (អាល្លឺម៉ង់) ដោយ​កាត់​ពីលើ​ប្រទេស​បារាំង។

យោងតាម​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​បារាំង យន្តហោះ​ធុន Airbus A320 នេះ បាន​បាត់​ពី​រ៉ាដា នៅ​ម៉ោង​ប្រមាណ​ជា ១១ព្រឹក ម៉ោង​ក្នុង​ប្រទេស​បារាំង (ត្រូវ​នឹង​ម៉ោង ៥ល្ងាច ម៉ោង​នៅ​ប្រទេស​កម្ពុជា)។ បំណែក​យន្តហោះ​ត្រូវ​បាន​​ឧទ្ធម្ភាគចក្រ​របស់​កងអាវុធហត្ថ​បារាំង​ប្រទះឃើញ នៅ​ពេល​ហោះ​ក្រវែល​ពីលើ​តំបន់​គ្រោះថ្នាក់ ក៏ប៉ុន្តែ ក្រុម​សង្រ្គោះ​នៅ​មិន​ទាន់​បាន​ចូល​ទៅដល់​ទីតាំង​កើតហេតុ​នៅឡើយទេ ដោយសារ​តែ​យន្តហោះ​បាន​ធ្លាក់​នៅ​ចំ​តំបន់​ភ្នំ ដែល​ពិបាក​នឹង​ចូល​ទៅដល់។

មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បារាំង​បាន​ឲ្យដឹង​ថា ភ្លាមៗ​ក្រោយ​ពី​ទទួល​ដំណឹង​ស្តីពី​គ្រោះថ្នាក់​យន្តហោះ​នេះ ប្រតិបត្តិការ​សង្រ្គោះ​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ផ្តើម​រៀបចំ ​ធ្វើ​ភ្លាមៗ។

លោក Manuel Valls នាយករដ្ឋមន្រ្តី​បារាំង​​បាន​ឲ្យដឹង​ថា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នឹង​ចេញ​ដំណើរ​ទៅកាន់​កន្លែង​កើតហេតុ​ភ្លាមៗ ដើម្បី​ដឹកនាំ​ប្រតិបត្តិការ​សង្រ្គោះ ក៏ប៉ុន្តែ លោក​​ Manuel Valls ក៏ដូចជា លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង ​ហាក់​មិន​មាន​ក្តីសង្ឃឹម​ថា​នឹង​មាន​អ្នក​រស់រាន​មាន​ជីវិត​នៅ​ក្នុង​ គ្រោះថ្នាក់​នេះ​ទេ។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង ១៤៨​នាក់ ដែល​ជិះ​លើ​យន្តហោះ មាន​អ្នក​ដំណើរ​ចំនួន ១៤២នាក់ និង ៦​នាក់​ទៀត គឺ​ជា​អ្នក​បើកបរ​និង​អ្នក​បម្រើ​លើ​យន្តហោះ៕