Friday, March 20, 2015

Filled Under: , , , , , , ,

ក្រុមហ៊ុន Metfone ទិញ​យក​អាជ្ញា​ប័ណ្ណ​និង​ទ្រព្យ​សម្បត្តិ Beeline




ភ្នំពេញ៖ ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ Metfone បាន​ទិញ​យក​អាជ្ញា​ប័ណ្ណ​និង​ទ្រព្យ​សម្បត្តិ​របស់​​ក្រុម​ហ៊ុន​​ផ្តល់​សេវា ​ទូរស័ព្ទ Beeline ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ធំ​ទី​ ៤ ​នៅ​កម្ពុជា​។​ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​មិន​បាន​បញ្ជាក់​ពីទំហំ​ទឹក​ប្រាក់​ មួយ​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Beeline ​កាលពី​ម្សិល​មិញ​។​
ការ​លក់​អាជ្ញាប័ណ្ណ​និង​ទ្រព្យ​សម្បត្តិក្រុមហ៊ុន​ Sotelco Ltd ដែលជា​ម្ចាស់​​ Beeline នឹង​ដក​ប្រតិបត្តិ​ការ​ផ្តល់​សេវា​ទូរស័ព្ទរបស់ខ្លួន​ទាំង​អស់​ ព្រមទាំង​​លុប​ចោល​ការ​ភ្ជាប់​បណ្តាញ​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ បន្ទាប់​ពី​បាន​លក់​អាជ្ញាប័ណ្ណ​និង​ទ្រព្យ​សម្បត្តិរបស់​ខ្លួន​ទៅ​ឲ្យ​ ក្រុមហ៊ុន​ ផ្តល់​សេវា​ទូរស័ព្ទ Metfone ដែល​ការ​លក់​នេះ​ធ្វើ​ឡើង​ជា​ផ្លូវ​ការណ៍​កាល​ពីថ្ងៃទី ​១១ ​ខែមីនា។
សេចក្តី​ប្រកាស​នេះ​បាន​បន្ត​ថា អ្នក​ភ្ជាប់​បណ្តាញ​ប្រើ​ប្រាស់របស់​ក្រុមហ៊ុន​​ Beeline នឹង​ផ្ទេរ​ទៅ​កាន់​បណ្តាញ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ Metfone ដោយ​ស្វ័យ​ប្រវត្តិ ដោយ​អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ស៊ីម​ទូរស័ព្ទ​របស់​ Beeline ទៅ​ប្រើ​ប្រាស់​ ស៊ីម​ទូរស័ព្ទ​របស់​ Metfone វិញ។​
សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​សរសេរថា៖ «ចាប់​ពី ថ្ងៃទី​២៤​ ខែ​មីនា​ តទៅ អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទូរស័ព្ទ​Beeline នឹងត្រូវ​ឈប់​បញ្ជូល​ទឹក​ប្រាក់​ក្នុ​ងទូរស័ព្ទ​តាម​រយៈ​កាតកោស​របស់​ ក្រុមហ៊ុន​ Beeline ទៀត​។ អ្នក​ប្រើ​ប្រាស់​និង​ត្រូវ​ផ្លាស់​ទៅ​ប្រើ​ស៊ីម​កាត​របស់​ក្រុមហ៊ុន ​Metfone វិញ ហើយ​អាច​បញ្ជូល​ទឹក​ប្រាក់​តាម​រយៈ​ កាត​កោស​របស់​ក្រុមហ៊ុន​ Metfone ដែល​មាន​លក់​នៅ​ទូទាំង​ប្រទេសកម្ពុជា»។
អ្នក​ប្រើ​ប្រាស់​ដែល​បាន​ជាវកាតកោស​របស់​ Beeline នឹងត្រូវ​ប្រើ​ឲ្យ​បាន​មុន​ថ្ងៃ​ទី ​២៤ ​ខែ​មីនា ហើយ​អ្នក​ចែក​ចាយ​កាត​កោស​និង​ស៊ីម​ទូរស័ព្ទ​របស់​ Beeline ដែល​នៅ​មិន​ទាន់​បាន​ប្រើ​ប្រាស់​ត្រូវ​បាន​ណែនាំ​ឲ្យ​ទាក់​ទង​ទៅ​ក្រុមហ៊ុន ​។
លោក Anthony Galliano អគ្គ​នាយក​ក្រុមហ៊ុន Covenantim International and Cambodian Investment Management ​​ ថ្លែង​​កាល​ពី​ម្សិល​មិញថា កិច្ច​ព្រម​ព្រៀង​ទិញ​លក់​នេះ​នឹង​ផ្តល់​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ទាំង​ ពីរ ដោយ​ក្រុមហ៊ុន​ Metfone តាម​រយៈការ​ទិញ​ទ្រព្យ​សម្បតិ្ត​ដូច​ជា ហ្វ្រេកង់ អង់​តែន​បណ្តាញ​ទូរស័ព្ទនិង​អាជ្ញាប័ណ្ណដែល​មាន​ស្រាប់​ ខណៈចំនួន​អ្នក​ប្រើ​ប្រាស់​របស់​ Beeline មិន​មាន​​ចំនួន​ច្រើន​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ។ ​
លោក​ថ្លែងថា៖ «ខ្ញុំ​គិ​ត​ថា ប្រសិន​បើ​អ្នក​មើល​លើ​កិច្ច​ព្រមព្រៀង​ទិញ​លក់​នេះ គឺ​វា​មិន​បាន​សំដៅ​លើ​ចំនួន​អ្នក​ប្រើប្រាស់​នោះ​ទេ គឺ​ទ្រព្យ​សម្បតិ្ត​របស់​ក្រុមហ៊ុន​​ Beeline ​ទៅ​វិញ​ទេ ដែល​ក្រុមហ៊ុន​ Metfone ចង់​បាន»។
លោក​បន្ថែមថា អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទូរស័ព្ទ​ Beeline​ នឹង​ទទួល​សេវា​ប្រសើរ​ជាង​មុន​តាមរយៈការ​ពង្រីក​បណ្តាញ​សេវា​របស់​ក្រុមហ៊ុន ​របស់​ក្រុមហ៊ុន​​ Metfone ​រួម​មាន​សេវា​អ៊ីន​ធឺណេតល្បឿនលឿន 4G ជា​ដើម។ ទោះ​ជា​យ៉ាង​ណា ការ​ផ្លាស់​ប្តូរ​ស៊ីម​កាត​អាចជា​រឿង​ដែល​មិន​ងាយ​ស្រួល​សម្រាប់​អតិថិជន។​
របាយការណ៍​អំពី​ទូរគមនាគមន៍​ចេញ​ផ្សាយ​កាលពី​ខែ​ កក្កដា ឆ្នាំ​មុន ​ដោយក្រុមហ៊ុន​ BuddeComm បង្ហាញ​ថា​ក្រុមហ៊ុន Beeline មាន​កំណើន​អ្នក​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​បណ្តាញ​របស់​ខ្លួន​រហូត​ដល់ ១លាន ១ សែន​នាក់​ក្នុង​ឆ្នាំ​២០១២ តែ​ចំនួន​នេះ​បាន​ថយ​ចុះ​នៅ​ត្រឹម​ ៦ ​សែន​នាក់​ ៦​ខែ​ក្រោយ​មក។​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៣ តួលេខនេះ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ៥ ​សែន​នាក់​។​​
គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​ ២០១៣ ឧកញ្ញ៉ា ហួត វណ្ណ​ថន​ បាន​ទិញ​ភាគ​ហ៊ុន​ ៩០ ​ភាគរយនៅ​ក្រុមហ៊ុន​ Beeline​ ពី​ក្រុមហ៊ុន​រស្ស៊ី Vimplecom បន្ទាប់​មក​បាន​ទិញ​ភាគ​ហ៊ុន​នៅ​សល់​ ១០ ភាគរយ​ទៀត​ ដើម្បី​ក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ពេញ​សិទ្ធ។​
ទទួល​បាន​អាជ្ញា​ប័ណ្ណ​នៅ​ក្នុង​ឆ្នាំ​ ២០០៦ ដើម្បី​ប្រតិ្តបត្តិ​នៅ​កម្ពុជា ក្រុម​ហ៊ុន​ Metfone ដំណើ​រការ​ដោយ​ក្រុម​ហ៊ុន​ Viettel (Cambodia) ជា​ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​យោធា​របស់​វៀតណាម​​ បាន​ចាប់​ផ្តើម​ដំណើ​រការ​នៅ​កម្ពុជា​នៅ​ឆ្នាំ ​២០០៩។
គិត​ត្រឹម​ឆ្នាំ ​២០១៣ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ឈាន​មុន​គេ​ដោយ​ទទួល​បាន​អ្នក​ប្រើ​ប្រាស់​ បណ្តាញ​របស់​ខ្លួន​រហូត​ដល់​ ៩,៧ ​លាន​នាក់​ ជា​មួយ​អ្នក​ប្រើ​ប្រាស់​ក្រោម ១ លាន​នាក់​ប្រើ​ប្រាស់​សេវា​អ៊ីន​ធឺណេត 3G ។​
បុគ្គិលិក​ក្រុមហ៊ុន​ Metfone បាន​បដិសេធ​មិន​ធ្វើ​អត្ថធិប្បាយលើ​ការ​ទិញលក់​នេះ​ ខណៈ​នាយក​គ្រប់​គ្រង​សាខា​របស់​ក្រុមហ៊ុន Beeline​ សុំ​មិន​​ធ្វើ​អត្ថធិប្បាយដោយ​លើកឡើង​ថា​ មិន​មាន​តួ​នាទី​លើ​ការ​ទិញ​លក់​នេះ៕