Friday, April 3, 2015

Filled Under: , , ,

នគរ​ស្រីលវោ​នៅ​ប្រេស៊ីល​អំពាវនាវ​រក​បុរស​ស្ម័គ្រ​រួមរស់

ប្រេស៊ីល ក្រុងប្រាស៊ីលីយ៉ា: ភូមិ​ដាច់ស្រយាល​មួយ​នៅ​ប្រេស៊ីល​ដែល​មាន​ប្រជាជន ៦០០ ​នាក់ បាន​ស្នើឲ្យ​អ្នក​ចំណូល​ថ្មី​ទាំងអស់​ទទួល​យក​នូវ​កិច្ចសន្យា​មួយ​ថា ពួកគេ​ត្រូវ​តែ​ជា​បុរស​។ ស្ដ្រី​ក្នុង​ភូមិ​ ណូយវ៉ា ឌូខូរដៃរ៉ូ​ ចង់​បាន​ស្វាមី ដោយ​​ចង់​ដឹង​អំពី​ជំនឿ​សាសនា​ មិន​ចាំបាច់​មាន​ឯកសារ​ផ្លូវ​ច្បាប់​អ្វី​ក៏​បាន​ដែរ​។
កាសែត Daily Telegraph បាន​រាយការណ៍​ថា បុរសៗ​កម្រ​បង្ហាញ​វត្ដមាន​ក្នុង​ភូមិ​ស្រីលវោ​ក្នុង​ភាគ​អាគ្នេយ៍​ប្រទេស​ ប្រេស៊ីល​ណាស់​។ ពួកគេ​ភាគច្រើន​បាន​ចាកចេញ​ទៅ​ស្វែងរក​ការងារ​នៅ​ទីក្រុង ដោយ​បន្សល់​ទុក​ក្រុម​ស្ដ្រី​សុទ្ធ​។

កាសែត​ដដែល បាន​បន្ដ​ថា ក្រៅពី​នេះ នារី​ក្នុង​ភូមិ ណូយវ៉ា ឌូខូរដៃរ៉ូ ជាប់​ងារ​ជាមួយ​ស្រីស្អាត​ដែល​ល្បីល្បាញ​ទូទាំង​ប្រទេស​ប្រេស៊ីល​។

យុវតី​ម្នាក់ វ័យ​ ២៣ ​ឆ្នាំ​ណេលម៉ា ហ្វ៊ើរណាន់ដេស បាន​ពន្យល់​ថា៖ «​នៅ​ទីនេះ បុរស​ដែល​រស់នៅ​សព្វ​ថ្ងៃ បើ​មិន​រៀបការ​​រួច ក៏​ជា​បុរស​ជាប់​សាច់ញាតិ​​​ជីដូន​មួយ​ដែរ​»។
កញ្ញា​បាន​ត្អូញត្អែរ​ថា​៖ «​ខ្ញុំ​មិន​បាន​ថើប​ប្រុសៗ​អស់​រយៈពេល​ជាយូរ​មក​ហើយ​។ យើង​មាន​ក្ដីប្រាថ្នា​ចង់​មាន​សង្សារ និង​រៀបការ​។ ប៉ុន្ដែ​យើង​ចូលចិត្ដ​រស់នៅ​ទី​នេះ​ជា​ជាង​ការ​ចាកចេញ​ទៅ​រក​ស្វាមី​»។

ទោះ​យ៉ាងណា រឿងរ៉ាវ​នៅ​នគរ​ស្រីលវោ​នេះ​វា​កើត​ចេញ​ពី​អតុល្យភាព​នៃ​យេនឌ័រកាល​ពី​ រាប់រយ​ឆ្នាំ​មុន​។ ទីក្រុង​ដែល​មាន​ឈ្មោះ​ថា «Bride of the Lamb​» ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​ ១៨៩១ ដោយ​ស្ដ្រី​ម្នាក់​ឈ្មោះ ម៉ារៀ សេនញូរីញ៉ា​ ដេលីម៉ា ក្រោយពី​នាង​ត្រូវ​បាន​រកឃើញ​ថា ជា​ស្ដ្រី​ក្បត់​ចិត្ដ​ស្វាមី​ និង​ត្រូវ​បាន​និរទេស​ពី​ផ្ទះ​ និង​ព្រះវិហារ​។

បច្ចុប្បន្ន​ចៅស្រី​របស់ ម៉ារៀ សេនញូរីញ៉ា ដេលីម៉ា នៅ​រស់រាន​មាន​ជីវិត​អាស្រ័យ​ជីវភាព​ក្នុង​ជ្រលង​ និង​ភូមិ​ ណូយវ៉ា ឌូខូរដៃរ៉ូ​។ ភូមិ​នេះ​ក៏​នៅ​តែ​គ្រប់គ្រង​ដោយ​ស្ដ្រី​ ដែល​មិន​ចង់​បោះបង់​នគរ​របស់​ខ្លួន​ឡើយ​។

ហ្វ៊ើរណាន់ដេស បាន​ព្រមាន​ថា​៖ «​យើង​ចង់​ស្គាល់​បុរសៗ ដែល​ព្រម​ចាកចេញ​ពី​សង្គម​ពួកគេ​​មក​រួមរស់​ជាមួយ​យើង​។ ​ដំបូង​ពួកគេ​ចាំាបាច់​​យល់ព្រម​ធ្វើ​តាម​ការស្នើ និង​រស់​តាម​ច្បាប់​ទម្លាប់​របស់​យើង​»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត អាយុ​ ៤៩ ​ឆ្នាំ រ៉ូសាលី ហ្វ៊ើរណាន់ដេស បាន​ថ្លែង​​ថា​៖ «​យើង​មាន​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ចិត្ដ​។ ប៉ុន្ដែ​យើង​មិន​គិត​ថា យើង​ត្រូវតែ​ទៅ​ព្រះវិហារ​រៀបការ​នៅ​ចំពោះ​មុខ​លោក​អាចារ្យ​ ឬ​ឲ្យ​កូន​ចូល​ជា​សាវ័ក​សាសនា​ឡើយ​។ ទាំងនោះ​គឺជា​ច្បាប់​​ដែល​បង្កើត​ដោយ​បុរស​»។

នាង​បាន​បន្ដ​ថា​៖ «​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ស្ដ្រី​ធ្វើ​បាន​ប្រសើរ​ជាង​បុរស​។ ទីក្រុង​យើង​​ស្អាត​ មាន​របៀប​រៀបរយ និង​សុខ​ក្សេមក្សាន្ត​ជាង​ទីក្រុង​កាន់កាប់​ដោយ​បុរស»។
រ៉ូសាលី បាន​បន្ថែម​ថា​៖ «​នៅពេល​មាន​បញ្ហា ឬ​ជម្លោះ​កើតឡើង​យើង​ដោះស្រាយ​ដោយ​ប្រើ​​វិធី​បែប​មនុស្សស្រី ដោយ​សន្ដិវិធី​ជា​ជាង​ការប្រើ​កម្លាំង​»។

ការចិញ្ចឹម​សត្វគោ​ មាន់ និង​ដំណាំ​សណ្ដែក​ ស្រូវ​ ត្រសក់ ត្រប់​ ទាំងអស់​សុទ្ធតែ​ជា​ផលានុផល​របស់​ស្ដ្រី​។ ពួកនាង​នៅ​តែ​អះអាង​ថា រីករាយ​ក្នុង​ការរស់នៅ​​​តាម​សមាអាជីវោ​ក្រោម​ការដឹកនាំ​របស់​ស្ត្រី៕ HR