ភ្នំពេញៈ អយ្យការសាលាដំបូងរាជធានីភ្នំពេញ ពីម្សិលមិញបានសម្រេចចោទប្រកាន់ស្ត្រី ម្នាក់ ដែលបើករថយន្តបុកអង្គរក្សលោកនាយករដ្ឋមន្ត្រីពីរនាក់ឲ្យ រងរបួសកាលទៀបភ្លឺព្រឹកថ្ងៃពុធ លើបីបទល្មើស។
បើតាមលោក សឹម វណ្ណស៊ី អនុប្រធានផ្នែកវាស់វែងចរាចរណ៍ផ្លូវគោករាជធានីបានឲ្យដឹងថាកញ្ញា អ៊ុង កុលហ្សានិក ត្រូវបញ្ជូនទៅតុលាការរាជធានីនៅព្រឹកថ្ងៃទី ០២ ខែមេសា ក្រោយការសាកសួរចប់លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី សម្រេចចោទប្រកាន់នាងបីករណី មានបទ «បើកបរក្នុងស្ថានភាពស្រវឹង ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងបង្ករបួសស្នាម» និងបានឲ្យយកទៅឃុំជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានី រង់ចាំចៅក្រមស៊ើបសួរសាកសួរបន្តនៅថ្ងៃនេះ។
លោក សឹម វណ្ណស៊ី បញ្ជាក់ថា នាងញា អ៊ុង កុលហ្សានិច អាយុ ២៦ ឆ្នាំ ជាអ្នកលក់រថយន្តឲ្យក្រុមហ៊ុន BMW ស្នាក់នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវនគរបាលចរាចរណ៍ផ្លូវគោករាជធានីឃាត់ខ្លួន កាលពីម៉ោង ២:១០ នាទីទៀបភ្លឺ ឆ្លងចូលថ្ងៃទី ១ ខែមេសា បន្ទាប់ពីបើករថយន្ត BMW (X5) ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AE-1113 ទាំងអាការៈស្រវឹងទៅបុកមន្ត្រីអង្គរក្សនាយករដ្ឋមន្ត្រីពីរនាក់ ឲ្យរបួសធ្ងន់ និងទៅបុកដើមឈើបាក់ ១ ដើម និងបង្កការខូចខាតម៉ូតូកងអង្គរក្សបួនគ្រឿងទៀត។
កញ្ញា តាន់ គឹមលី អាយុ ២០ ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ និង លោក ខា ខេងឈូង អាយុ ២៥ ឆ្នាំ ជាអ្នកលក់ដូរនៅសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ដែលរួមដំណើរជាមួយមិនត្រូវចោទប្រកាន់ទេ។
លោកបន្តថា កើតហេតុភ្លាមៗ សមត្ថកិច្ចបានវាស់ជាតិអាល់កុលក្នុងខ្លួនកញ្ញា កុលហ្សានិក បានរកឃើញមានរហូត ០,៨៦ មិល្លីក្រាម ដែលលើសពីកំណត់ច្បាប់៕