ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ប្រជាពលរដ្ឋខ្មែរ ក៏អាចដោះស្រាយបញ្ហារបស់ខ្លួន ដោយខ្លួនឯងបានដែរ មិនចាំបាច់ពឹងពាក់បរទេសនោះឡើយ។ នេះបើយោងតាមប្រធាន គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានដកស្រង់ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ នៅក្នុងព្រះរាជសារផ្ញើជូនសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ នាថ្ងៃម្សិលមិញនេះ។
នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ បើតាមទំព័រ Facebook លោក សម រង្ស៊ី បានដកស្រង់ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរមកផ្សព្វផ្សាយថា
«ចាប់តាំងពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានចុះកិច្ចព្រមព្រៀងនឹងគ្នា កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ ប្រជាជាតិកម្ពុជា មានការលើកទឹកចិត្តដោយគណបក្សទាំងពីរនេះ បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់យ៉ាងសកម្ម ហើយដោះស្រាយសម្របសម្រួលគ្នា បាននូវបណ្តាបញ្ហាជាដើមហេតុ នៃទំនាស់ មានជាអាទិ៍ ការកែសម្រួលរចនាសម័្ពន្ធរបស់រដ្ឋសភា, ការកែសម្រួល នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។ ដំណោះស្រាយទាំងឡាយខាងលើនេះ បានជួយលើកតម្កើងកិត្យានុភាពជាតិ តាមរយៈខ្មែរក៏ចេះដោះស្រាយបញ្ហារបស់ខ្លួន ដោយខ្លួនឯងដែរ៕