សមត្ថកិច្ចបានឱ្យដឹងថា យុវតីស្រស់ស្អាតម្នាក់បានលង់ទឹកស្លាប់ នៅក្នុងបឹងយក្សឡោម នៅរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ខណៈដែលរូបនាងនិងសាច់ញាតិ បានទៅកម្សាន្តនៅរមណីយដ្ឋានបឹងយក្សឡោម មុនបុណ្យចូលឆ្នាំខ្មែរ ។
យុវតីខាងលើនេះមានឈ្មោះ ស្រី ភា អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ ក្នុងភូមិព្រៃព្នៅ ក្នុងខេត្តព្រៃវែង។ ក្រុមគ្រួសាររបស់យុវតីរងគ្រោះបានឱ្យដឹងថា ក្មេងស្រី ភា មិនបានពាក់អាវការពារខ្លួននោះទេ ហើយថារូបនាង បានលិចបាត់ទៅក្នុងបឹង តាំងពីម៉ោង ២រសៀល រហូតដល់ម៉ោង ៦ល្ងាច ទើបរកសពឃើញ ។ ចំពោះការរាវរកសពនេះ គ្រួសារបានរៀបចំពិធីបន់ស្រន់ និងចំណាយប្រាក់ ៨០០ដុល្លារផងដែរ ដើម្បីជួលក្រុមអ្នកជ្រមុជទឹកខ្មែរ-ឥស្លាមតាមរក ។
ប្រភពព័ត៌មានពីពលរដ្ឋ នៅតំបន់រមណីយដ្ឋាន និងបឹងប្រវត្តិសាស្ត្រយក្សឡោម ប្រាប់ឲ្យដឹងថា ទឹកបឹងទីនោះតែងតែមានជើងកបរៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំ យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់ ត្រូវរងគ្រោះគួរឱ្យសង្វែក៕