Wednesday, April 8, 2015

Filled Under: , , , ,

លោក កឹម សុខា ថាតុលាសួរសំនួរដដែលៗ


លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា លោកត្រូវព្រះរាជអាជ្ញា សាលាដំបូងរាជធានីភ្នំពេញចោទសួរអស់៧ម៉ោង គ្រប់រឿងទាំងអស់ ជុំវិញការធ្វើបាតុកម្ម ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ ខណៈដែលមេធាវីការពារក្តីឱ្យលោក កឹម សុខា ពុំដឹងច្បាស់ថា អនុប្រធានទី១ នៃរដ្ឋសភារូបនេះ នឹងត្រូវបានចោទប្រកាន់ ឬយ៉ាងណានោះទេ។
លោក កឹម សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពេលបញ្ចប់ការសួរចម្លើយ នៅសាលាដំបូងរាជធានីភ្នំពេញ នារសៀល ថ្ងៃពុធនេះថា «ព្រះរាជអាជ្ញា សួរខ្ញុំ៧ម៉ោង ហើយសួរលម្អិតគ្រប់ពាក្យនិយាយ គ្រប់ពេលទាំងអស់ តាំងពីបាតុកម្ម តាំងពីនៅអាមេរិក គ្រប់ពេលវេលាទាំងអស់ មួយពាក្យៗ ហើយពាក្យ​ មិនគួរសួរក៏សួរដែរ សួរតាំងពីនិយមន័យ សួរថាអ្វីទៅដែ​លហៅថា បដិវដ្តន៍ ហេតុយ៉ាងម៉េចបានជា (លោក) វន ពៅ ទៅទទួលខ្ញុំនៅអ៊ែផត (Airport) ពាក្យដែល មិនត្រូវសួរក៏សួរដែរ សួរឱ្យតែមានសួរ ឱ្យបានច្រើនឱ្យបានវែង ហើយសួរសំណួរដដែលៗ វិលទៅវិលមក»។
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចូលទៅបំភ្លឺ តាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។​ ​​​​​​​​​​​​​​​​​​​​ការចូលឆ្លើយបំភ្លឺនេះ ក៏មានតំណាងរាស្រ្ត ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ ចូលរួមឃ្លាំមើលផងដែរ ។ មេធាវីការពារក្តី ឱ្យលោក កឹម សុខា បាននិយាយថា ការកោះហៅលោក កឹម សុខា បានធ្វើឡើងតាមបណ្តឹង របស់ម្ចាស់ហាងសម្អាងការលុច ដែលប្តឹងពី ការបំផ្លាញកន្លែង របស់គាត់ ក្នុងពេលបាតុកម្ម ក្រោយការបោះឆ្នោត ប៉ុន្តែលោកស្រី មិនទាន់ប្រាកដថា ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់ លោក កឹម សុខា ឬយ៉ាងណានោះទេ ។
លោកស្រី ម៉េង សុធារី មេធាវីការពារក្តីឱ្យលោក កឹម សុខា បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំមិនដឹងតំណាងអយ្យការ សួរនៅក្នុងន័យអីមួយនោះទេ គ្រាន់តែដឹងថា គឺសួរពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ដែលកើតមានឡើងកន្លងមក ប៉ុន្តែត្រង់ថា គាត់ចោទប្រកាន់ ឬមួយក៏អត់ចោទប្រកាន់ហ្នឹង ខ្ញុំមិនដឹងនោះទេ ប៉ុន្តែគ្រាន់តែយើងបានសំណូមពរ សុំឱ្យមានការសាកសួរទៅលើរូបគាត់ទៀត» ។
លោក លី សុផាន់ណា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ដែលបានចោទសួរលោក កឹម សុខា នៅថ្ងៃពុធនេះ មិនអាចទាក់ទងសុំការបំភ្លឺ បាននោះទេ ដោយទូរស័ព្ទរបស់លោក មិនមានអ្នកទទួល ៕