ប្រធានាធិបតីចិន លោក Xi Jinping បានសន្យានឹងផ្ដល់ថវិកា ចំនួន ១០០លានដុល្លារ សម្រាប់ការសាងសង់ពហុកីឡាដ្ឋាន ដែលស្ថិតនៅសង្កាត់ព្រែកព្នៅ ជាយក្រុង នៃរាជធានីភ្នំពេញ នេះបើយោងតាមសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមអត្តពលិកជម្រើសជាតិកម្ពុជា។
ពហុកីឡាដ្ឋានថ្មីមួយនេះ នឹងសាងសង់ ដោយក្រុមហ៊ុនសាងសង់របស់ចិន ហើយ គម្រោងនេះ នឹងចំណាយរយះពេលពី ៤ ទៅ ៥ឆ្នាំដើម្បីសាងសង់ ដោយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។ ពហុកីឡាដ្ឋាននេះ មានចំនួនកៅអីសរុប ៦ម៉ឺន ជាមួយនឹងជំនួយហិរញ្ញវត្ថុពីចិនសម្រាប់គម្រោងសាងសង់ទាំងមូលសរុប ១០០លានដុល្លារ។
ពហុកីឡាដ្ឋានថ្មី ដែលមានរូបរាងស្រដៀងនឹង កប៉ាល់បុរាណចិននេះ គឺជានិមិត្តរូប បញ្ជាក់ពីចំណងមិត្តភាពរវាងកម្ពុជាជាមួយ យក្សអាស៊ី។ ដោយគម្រោងនេះ នឹងសាងសង់នៅសង្កាត់ព្រែកព្នៅ ហើយក្នុងនោះមាន ទីលានទាត់បាល់ ទីលានរត់ ទីលានលេងតេននីស អាងហែលទឹក និងអគារស្នាក់នៅសម្រាប់អត្តពលិកផងដែរ។
ថ្លែងក្នុងពិធីជួបសំណេះសំណាល លោកនាយករដ្ឋមន្រ្តី បានមានប្រកាសថា នឹងដំឡើងប្រាក់ខែជិតទ្វេរដង ដល់អត្តពលិកជាតិ គ្រូបង្វឹក និងបុគ្គលិករដ្ឋបាលទាំងអស់។ ហើយលោកនាយករដ្ឋមន្រ្តី ក៏មានប្រសាសន៍ លើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ កីឡាការនី ដែលត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសសិង្ហបុរី នាថ្ងៃទី ៥ មិថុនា ខាងមុខនេះ សូមឲ្យទទួលបានជ័យជំនះឲ្យមាតុភូមិ និងសូមឲ្យប្រកួតឲ្យអស់ពីសមត្ថភាព ហើយបើចាញ់ គឺចាញ់ឲ្យអស់ពីសមត្ថភាពដែរ។
គួរបញ្ជាក់ដែរក្នុង ឆ្នាំ ២០២៣ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ (SEA Game 2023) ដែលនឹងប្រារព្ធធ្វើនៅពហុកីឡាដ្ឋានថ្មី នៅសង្កាត់ព្រែកព្នៅនេះផងដែរ។