ដោយថ្មីៗ
លោកស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត ហើយនៅឆ្នាំ២០១៥នេះ លោកមានអាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទី១ដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅឆ្នាំ១៩៤៤ ។ នៅឆ្នាំ១៩៤៧-១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងបារីស ប្រទេសបារាំង។
បើទោះបីជាអាយុរបស់លោក វណ្ណ ម៉ូលីវណ្ណ កាន់តែជ្រេបន្តិចហើយក៏ដោយក្តី ក៏លោកនៅតែស្រឡាញ់សៀវភៅដដែល។ នៅក្នុងគេហដ្ឋានរបស់លោកនៅក្នុងខេត្តសៀមរាបទីដែលលោកកំពុងស្នាក់នៅ គេសង្កេតឃើញសៀវភៅជាច្រើនក្បាលដែលភាគច្រើននិយាយពីស្ថាបត្យកម្ម ហើយជាពិសេស គឺជាសៀវភៅដែលលោកសរសេរ ឬសៀវភៅដែលអ្នកនិពន្ធផ្សេងសរសេរពីស្នាដៃស្ថាបត្យកម្មរបស់លោក។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករឯករបស់ខ្មែរដែលទទួលបានភាពល្បីល្បាញនៅលើពិភពលោក។ លោកត្រូវបានគេចាត់ទុកថា ជាបុគ្គលស្មោះត្រង់ ហ្មត់ចត់ និងចេះតស៊ូក្នុងជីវិតគួរអោយកត់កោតសរសើរ។ កើតក្នុងត្រកូលក្រីក្រ តែលោក វណ្ណ តស៊ូព្យាយាមសិក្សារហូតទទួលបានអាហារូបករណ៍ទៅសិក្សារនៅក្នុងប្រទេសបារាំង។ ហើយនៅទីបញ្ចប់ លោកទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺគ្រប់ទីកន្លែង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអេឡិចត្រូនិកកាលពីថ្ងៃទី១ខែកុម្ភះឆ្នាំ២០១៥កន្លងមកនៅក្នុងខេត្តសៀមរាប លោក វណ្ណ ម៉ូលីវណ្ណ បាននិយាយថា៖«រៀន និងស្រាវជ្រាវ មិនចេះចប់ទេ។ ខ្ញុំអាយុប៉ុនហ្នឹងហើយ ខ្ញុំនៅតែសរសេរនិក្ខេបបទ។ មិនមែនចេញមកពីសាលា ហើយចប់នោះទេ»។ នេះគឺជាអត្ថាធិប្បាយរបស់លោកឆ្លើយទៅកាន់អ្នកកាសែតដែលសួរលោកថា តើរៀនដូម្តេចដើម្បីអោយពូកែដូចលោក។
លោក វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត ហើយលោកទើបទទួលបានសញ្ញាបត្របណ្ឌិតកាលពីឆ្នាំ២០០៨កន្លមក ពោលគឺក្នុងពេលដែលលោកមានអាយុ៨២ឆ្នាំ។ និក្ខេបបទបណ្ឌិតរបស់លោកនិយាយពីទីក្រុងភូមិភាគអាស៊ីអាគ្នេយ៍-អតីតកាល និងបច្ចុប្បន្ន»៕








