ដោយ សប្បាយ
ទស្សនៈជាច្រើនយល់ឃើញថាស្នេហាអាចធ្វើឲ្យមនុស្សសប្បាយចិត្ត និងកាន់តែមានសាច់មានឈាមជាងមុន ព្រោះអារម្មណ៍រីករាយស្រស់ថ្លា។ យ៉ាងណាមិញ តាមការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បានបង្ហាញថា ចាប់ផ្ដើមមានស្នេហាបែរជាធ្វើឲ្យមនុស្សស្រកទម្ងន់ទៅវិញ។
ចាប់ផ្ដើមមានគូស្នេហ៍ដំបូង អាចធ្វើឲ្យអ្នកឡើងទម្ងន់បានតិចតួច ព្រោះមានការណាត់ជួបទទួលទានអាហារនៅក្រៅច្រើនជាងធម្មតា។ ទោះបែបនេះក្ដី ពេលចាប់ផ្ដើមស្រលាញ់កាន់តែខ្លាំង អ័រម៉ូនដែលកើតចេញពីអារម្មណ៍ស្នេហានោះ នឹងធ្វើឲ្យអ្នកលែងនឹកនាឃ្លានបាយឃ្លានទឹកដូចពេលមុន។
ការសិក្សាថ្មីនេះ បានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Harvard សហរដ្ឋអាមេរិក ដោយត្រួតពិនិត្យទៅលើឥរិយាបថ និងការទទួលទានរបស់បុរសវ័យក្មេង ២៥នាក់ រយៈពេល ៨សប្ដាហ៍។ ពាក់កណ្ដាលនៃអ្នកចូលរួម ជាមនុស្សលើសទម្ងន់ ឬធាត់ជ្រុល ចំណែកពាក់កណ្ដាលទៀតមានទម្ងន់ធម្មតា។
ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ Obesity បានបង្ហាញថាមនុស្សមានស្នេហា នឹងកើតអ័រម៉ូនប្រភេទ Oxytocin ដែលបញ្ចេញនៅក្នុងខួរក្បាល ពេលជួបសកម្មភាពរំភើប ដូចជារួមសិច ថើប និងអោបថ្នាក់ថ្នមជាដើម។
អ័រម៉ូនប្រភេទនេះ នឹងធ្វើឲ្យមនុស្សទទួលទានតិច បង្កើនកម្រិតរំលាយអាហារ ព្រមទាំងកាត់បន្ថយជាតិស្ករក្នុងឈាម។ ទោះយ៉ាងណា ការសិក្សានេះបានធ្វើតែទៅលើបុរសវ័យក្មេងប៉ុណ្ណោះ ដូចនេះក្រុមអ្នកស្រាវជ្រាវ ត្រូវការពេលសិក្សាបន្ថែមទៀតដើម្បីឈានទៅរកទ្រឹស្ដីរួម៕