Sunday, May 10, 2015

Filled Under: ,

នាយកក្រុមហ៊ុនចិន ចំណាយ រាប់លានដុល្លារ នាំបុគ្គលិក ៦,៤០០នាក់ ទៅកំសាន្ត នៅប៉ារីស ផ្អើលពិភពលោក


ចិន-បារាំង៖ នាយកក្រុមហ៊ុន ដែលជា មហាសេដ្ឋីនៅចិន មួយរូប បាននាំបុគ្គលិកក្រុមហ៊ុនរបស់ខ្លួន ចំនួន ៦,៤០០នាក់ ទៅដើរកំសាន្ត ក្នុងរយៈពេល ៤ថ្ងៃ នៅប្រទេសបារាំង និងបានក្លាយ ជាការបំបែក កំណត់ត្រាពិភពលោក ថែមទៀតផង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដើម្បីអបអរ ខួបទី២០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន Tiens Group លោក Li Jinyuan មានវ័យ ៥៧ឆ្នាំ និងជា នាយកក្រុមហ៊ុន  បាននាំបុគ្គលិកចំនួន ៦,៤០០នាក់ ក្នុងចំណោម បុគ្គលិកសរុប ១២,០០០នាក់ របស់ក្រុមហ៊ុន ទៅដើរកំសាន្ត ក្នុងប្រទេស បារាំង រយៈពេល ៤ថ្ងៃ ។
ក្នុងនោះ លោក Li Jinyuan បានកក់ ១៤០សណ្ឋាគារ ក្នុងទីក្រុងប៉ារីស សំរាប់ឲ្យបុគ្គលិកសំរាកលំហែ កាយ និងបានដើរកំសាន្ត ទស្សនាក្នុងទីក្រុង ហើយបន្ទាប់មក បន្តធ្វើដំណើរទៅ កាន់ទីក្រុង Cote D’Azur ដែលនៅទីនោះ  នាយកក្រុមហ៊ុនរូបនេះ ក៏បានកក់ ៤,៧៦០បន្ទប់ ក្នុងសណ្ឋាគារ លំដាប់ផ្កាយ ៤ និង ៥ ចំនួន ៧៩ សណ្ឋាគារ ផ្សេងទៀត សំរាប់បុគ្គលិករបស់គាត់។
លោក Li Jinyuan ជិះលើទ្បានថតរូបជាមួយ ប្រជាជនបារាំង
លើសពីនេះ ក្នុងដំណើរកំសាន្ត ដែលលោក Li Jinyuan រៀបចំ សំរាប់បុគ្គលិក បានបំបែកកំណត់ត្រា ពិភពលោក ដែលមានចង្កោម មនុស្សធ្វើ ដំណើរ បន្តៗគ្នា ច្រើនជាងគេ បំផុតលើលោក ។
យ៉ាងណាមិញ ដំណើរកំសាន្តនេះ ក៏ធ្វើឡើង ដើម្បីអបអរ ខួប២០ឆ្នាំ ក្នុងភាពជាដៃគូ រកស៊ី រវាងក្រុមហ៊ុនចិនជាមួយ ប្រទេសបារាំង ហើយដំណើរ កំសាន្តនេះដែរ ត្រូវបានគេដឹងថា អាចចំណាយប្រាក់អស់ប្រមាណ  ១៣លានដុល្លារ ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Tiens Group  ត្រូវបានបង្កើតឡើង ដោយ Li Jinyuan តាំងពីឆ្នាំ ១៩៩៥ ដែលមានជំនួញក្នុង ក្រុមហ៊ុន មានលក្ខណៈ ជាអន្តរជាតិ រួមមាន អាជីវកម្មលើវិស័យ  ជីវបច្ចេកវិទ្យា វេជ្ជសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងសណ្ឋាគារជាដើម។ ចំនែក លោក Li Jinyuan ត្រូវបានចុះបញ្ជីជា មហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើនជាងគេមួយរូប នៅប្រទេសចិន ផងដែរ ៕