
វៀតណាម បានរាយការណ៍ថា មានករណីឆ្លងវីរុសហ៊ីវថ្មីដល់ទៅជាង១,៥០០ករណីនៅឆ្នាំនេះ ដែលការចម្លងរាលដាលមានលក្ខណៈកាន់តែធ្ងន់ចំពោះស្ដ្រី។
ស្ថិតិថ្មីដែលត្រូវបានចេញផ្សាយដោយក្រសួងសុខាភិបាលនៃប្រទេសវៀតណាមនោះ បានបង្ហាញឲ្យឃើញថា មានដល់ទៅ៣៤ភាគរយនៃករណីចម្លងថ្មី ត្រូវបានរាយការណ៍នៅឆ្នាំនេះ គឺជាស្ដ្រីភេទ ហើយដែលអត្រាបានកើនឡើងខ្ពស់លើសពីសព្វមួយដង ដែលធ្លាប់មានត្រឹមតែពី១៥ទៅ២០ភាគរយប៉ុណ្ណោះ ដែលអ្នកផ្ទុកវីរុសហ៊ីវជាស្ដ្រី។ នេះជាការលើកយកមករាយការណ៍ដោយបណ្ដាញផ្សព្វផ្សាយក្នុងស្រុក Thanh Nien News។
លោកស្រី Nguyen Lan Huong កម្មាភិបាលនៃនាយកដ្ឋានបង្ការហ៊ីវ–អេដស៍ (ស៊ីដា) នៃក្រសួងសុខាភិបាលវៀតណាម បាននិយាយថា មានការកើនឡើងនៃការចម្លងវីរុសហ៊ីវក្នុងចំណោមស្ដ្រីមានផ្ទៃពោះ។ លោកស្រីនិយាយថា មានប្រមាណ៣,០០០នាក់ ឬស្មើនឹង០.១២ភាគរយនៃស្ដ្រីមានផ្ទៃពោះសរុបនៅក្នុងប្រទេសធ្វើតេស្ដឃើញលទ្ធផលវិជ្ជមាន (HIV+) ជារៀងរាល់ឆ្នាំ។
ប៉ុន្ដែផ្នែកសុខាភិបាលក្នុងស្រុកអាចជួយការពារ និងបង្ការករណីចម្លងវីរុសហ៊ីវ ពីម្ដាយទៅកូននោះ បានត្រឹមតែ៦០ភាគរយនៃករណីតែប៉ុណ្ណោះ ដោយកត់សម្គាល់ថា មានតែការជួយព្យាបាលទេដែលសំខាន់នោះ។ លោកស្រីនិយាយថា រៀងរាល់ឆ្នាំស្ដ្រីចំនួន១០០នាក់ ដែលត្រូវបានព្យាបាលមានត្រឹមតែទារក៧ ឬ៨នាក់តែប៉ុណ្ណោះទេ ដែលប្រសូតមកមានផ្ទុកវីរុសហ៊ីវរួចជាស្រេច ឬអាចមានត្រឹមតែ៣នាក់ទេ ប្រសិនបើទទួលបានការព្យាបាលទាន់ពេល។
យោងតាមការឲ្យដឹងពីក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម ចំនួនស្ដ្រីដែលផ្ទុកទៅដោយវីរុសហ៊ីវ–អេដស៍នោះ គឺសុទ្ធសឹងតែស្ដ្រីដែលប្រកបរបរផ្លូវភេទ (ពេស្យាចារ) ឬដៃគូរួមរ័ករបស់ពួកស្ដ្រី ដែលជាអ្នកញៀននឹងថ្នាំញៀនហើយមានផ្ទុកវីរុសហ៊ីវ។
តាមការពិនិត្យឃើញនៅឯក្រុងហាណូយវិញ ស្ដ្រីប្រកបមុខរបរលក់ខ្លួនដល់ទៅ១៧ភាគរយ មានផ្ទុកវីរុសហ៊ីវ–អេដស៍នៅក្នុងខ្លួនរួចទៅហើយ គឺលើសពីអត្រាមធ្យមរបស់ប្រទេសនេះដល់ទៅ៦ដង ហើយលើសពីក្រុងហូជីមីញ ដល់ទៅ៥ដងទៅទៀត។
ក្រសួងសុខាភិបាលក៏បានទាំងនិយាយថា មនុស្សដល់ទៅជិត២៣០នាក់ បានបាត់បង់ជីវិតទៅហើយ ដោយសារតែជំងឺហ៊ីវ–អេដស៍នៅឆ្នាំនេះ ហើយបច្ចុប្បន្នមានអ្នកកើតអេដស៍ (ស៊ីដា) ដល់ទៅ៣០០,០០០នាក់ហើយ។ ក្រុមមន្ដ្រីមកពីក្រសួងសុខាភិបាលបានលើកឡើងថា ការបង្ការហ៊ីវ–អេដស៍ នៅប្រទេសវៀតណាម នោះគឺកំពុងតែប្រឡងប្រណាំងទៅនឹងការធ្លាក់ចុះនៃមូលនិធិអន្តរជាតិ៕