Wednesday, May 6, 2015

Filled Under:

ឥណ្ឌូនេស៊ី​ចេញ​ច្បាប់​​ហាម​​​​ដល់​កំលោះក្រមុំ​ជិះ​ម៉ូតូ​រួម​គ្នា​តែ​មួយ

ការជិះម៉ូតូ​រួម​គ្នា​រវាង​កំលោះក្រមុំ​ប្រឆាំង​នឹង​ច្បាប់​រដ្ឋ​អ៊ិស្លាម​។
ការជិះម៉ូតូ​រួម​គ្នា​រវាង​កំលោះក្រមុំ​ប្រឆាំង​នឹង​ច្បាប់​រដ្ឋ​អ៊ិស្លាម​។ រូបថត AFP

ឥណ្ឌូនេស៊ី​ចេញ​ច្បាប់​​ហាម​​​​ដល់​កំលោះក្រមុំ​ជិះ​ម៉ូតូ​រួម​គ្នា​តែ​មួយ

ក្រុងបានដាអាសេ: មេធាវី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​​ថា ស្រុក​មួយ​នៅក្នុង​ខេត្ដ​អាសេ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​អនុម័ត​ច្បាប់​ដោយ​បាន​ហាមប្រាម​បុរស​ និង​នារី​នៅ​លីវ​មិន​ឲ្យ​ជិះ​ម៉ូតូ​រួម​គ្នា​​ជា​និយតកម្ម​ថ្មី​ចុងក្រោយ​របស់​រដ្ឋ​អ៊ិស្លាម​ក្នុង​ខេត្ដ​អភិរក្ស​មួយ​នេះ​​។

លោកមេធាវី ហ៊្វូហ្សាន ហាមហ្សា បាន​និយាយ​ថា សមាជិក​សភា​ក្នុង​ស្រុក​អាសេ​ខាង​ជើង​ កាលពី​សប្ដាហ៍​មុន បាន​អនុម័ត​​ច្បាប់​ដែល​នឹង​ចូល​ជាធរមាន​រយៈពេល​មួយ​ឆ្នាំ​​។ ​អាជ្ញាធរ​ខិតខំ​អនុវត្ដ​ច្បាប់​រដ្ឋ​អ៊ិស្លាម​ឲ្យ​បាន​ពេញទំហឹង​។

លោក ហាមហ្សា បាន​ប្រាប់ AFP ថា​៖ «​អ្នក​នៅ​លីវ​អង្គុយ​ជាប់​​​គ្នា​លើ​ម៉ូតូ​តែ​មួយ​ពិតជា​ប្រឆាំង​​ច្បាប់​រដ្ឋ​អ៊ិស្លាម​ដែល​នាំឲ្យ​ប្រព្រឹត្ដ​អំពើ​បាប​»។

អាសេ ស្ថិត​នៅ​កំពូល​កោះ​ស៊ូម៉ាត្រា​ភាគ​ខាង​ជើង ជា​ខេត្ដ​​តែ​មួយ​គត់​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​មូស្លីម​ច្រើន​បំផុត​ក្នុង​​លោក​ដែល​អនុញ្ញាត​ឲ្យ​អនុវត្ដ​ច្បាប់​រដ្ឋ​អ៊ិស្លាម ហើយ​ការរួមភេទ​ខ្ទើយ លេង​ល្បែង​ស៊ីសង និង​ផឹក​គ្រឿងស្រវឹង​ត្រូវ​​ដាក់​ទោស​ដោយ​ការវាយ​នឹង​រំពាត់​។

ខេត្ដ​អាសេ​ចាប់ផ្ដើម​អនុវត្ដ​ច្បាប់​រដ្ឋ​អ៊ិស្លាម​ក្រោយពី​ទទួល​សិទ្ធិ​ស្វ័យភាព​ពិសេស​ក្នុង​ឆ្នាំ​ ២០០១​ ជា​កិច្ចខិតខំ​ដោយ​រដ្ឋាភិបាល​ក្រុង​ហ្សាការតា​ដើម្បី​បង្ក្រាប​កុបកម្ម​ផ្ដាច់ខ្លួន​ដ៏រ៉ាំរ៉ៃ​។

វិធានការ​ចុងក្រោយ​ក្នុង​ការ​ហាមប្រាម​អ្នកជិះម៉ូតូ​រួម​គ្នា​ ដែល​​នឹង​ប៉ះពាល់​ដល់​មនុស្ស​ ៥០ ​ម៉ឺន​នាក់​នៅ​ស្រុក​អាសេ​ខាង​ជើង​ ក្រោយពី​ទីក្រុង​មួយ​នៅក្នុង​ខេត្ដ​អាសេ​ កាលពី​ឆ្នាំ​ ២០១៣ ក៏​បាន​ហាម​ស្ដ្រី​មិន​ឲ្យ​ជិះ​ម៉ូតូ​កន្ធែក​ជើង​ដូច​បុរស​ ដោយ​តម្រូវ​ឲ្យ​ពួកគេ​ជិះ​អង្គុយ​ចំហៀង​វិញ​៕ HR