មានអាជីវកម្មជាច្រើនដែរទទួលបានជោគជ័យតាមរយ:ការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារបានត្រឹមត្រូវ ហើយក៏មានអាជីវកម្មជាច្រើនផងដែរបានក្ស័យធនព្រោះតែការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារខុស។ ចំនុចដ៏គួរឱ្យចាប់អារម្មណ៏នោះគឺថាតើយុទ្ធសាស្ត្របែបណាដែរត្រឹមត្រូវក្នុងការរុញច្រានអាជីវអាជីវកម្មឱ្យជោគជ័យ។ សំនួរនេះប្រហែលជាពិបាកក្នុងការឆ្លើយបន្តិចព្រោះអាជីវកម្មទាំងអស់មានទំនោរ និងប្រតិបត្តិការខុសៗគ្នា ហើយការប្រើប្រាស់យុទ្ធសាស្ត្រក៏មានលក្ខណ:មិនដូចគ្នាដែរ។ ទោះជាយ៉ាងណាអ្នកនូវតែអាចទទួលបានជោគជ័យ បើសិនជាអ្នកយល់ច្បាស់អំពីមេរៀន ៣ ខាងក្រោម។
1) មនុស្សគ្រប់គ្នានឹងទិញនៅពេលដែលពួកគេបានដឹងពីគុណតំលៃរបស់ផលិតផល
វាប្រហែលជាមិនមែនជារឿងអ្វីមួយចំលែកឡើយសំរាប់មនុស្សជាច្រើនដែលចូលទៅកាន់ទីផ្សារ ក៏ដូចជាផ្សារទំនើបដោយមិនបានទិញអ្វីទាល់តែសោះ។ កត្តានេះមនុស្សមួយចំនួនអាចគិតថា ក្រុមមនុស្សទាំងនោះចូលទៅកាន់ផ្សារទំនើបដើម្បីជាការកំសាន្តតែប៉ុននោះ។ ការគិតបែបនេះមិនប្រាកដថាត្រឹមត្រូវឡើយ ព្រោះបើមនុស្សទាំងនោះចង់កំសាន្តពួកគាត់អាចទៅរកកន្លែងកំសាន្តបានដោយមិនចាំបាច់មកទីផ្សារដែលមានលក្ខណ:ចង្អៀតឡើយ ការមករបស់ពួកគាត់ព្រោះពួកគាត់ចង់ទិញអ្វីមួយតែដោយសារតែទំនិញដែលពួកគាត់បានឃើញក្នុងទីផ្សារមិនបានបង្ហាញពីសារ:សំខាន់ដល់ពួកគាត់។ នេះហើយជាចន្លោះប្រហោងមួយក្នុងទីផ្សារដែលអ្នកអាចចាប់យកមកធ្វើជាឱកាសក្នុងការទទួលជោគជ័យបាន។
2) អារម្មណ៏ល្អគឺជាយុទ្ធសាស្ត្រទាក់ទាញអតិថិជនមួយដែលមានតំលៃថ្លៃជាងមាសទៅទៀត
ទាំងអ្នកទាំងគេប្រាកដណាស់ថាតែងចូលចិត្តនឹងចង់នៅជិតមនុស្សដែលមានអារម្មណ៏ល្អប្រកបដោយស្នាមញញឹមគ្រប់ពេល។ មនុស្សដែលមានភាពស្រស់ថ្លាពោពេញដោយស្នាមញញឹមអាចធ្វើឱ្យមនុស្សក្បែខ្លួនមានភាពរីករាយដូចពួកគេដែរ។ ចំនុចនេះក៏ជាកត្តាសំខាន់ក្នុងយុទ្ធសាស្ត្រទីផ្សារផងដែរ ព្រោះភាពញញឹមរួសរាយរាក់ទាក់ជាចំនុចចាប់ផ្តើមមុននឹងអ្នកអាចធ្វើការបង្ហាញផលិតផលរបស់ខ្លួនទៅកាន់អតិថិជន។ បើសិនជាអ្នកគ្មានភាពរួសរាយរាក់ទាក់ ក៏ដូចជាសោះកក្រោះរាល់ពេលនោះ អតិថិជនក៏មិនមករកអ្នកដែលទោះជាផលិតផលរបស់អ្នកល្អ និងមានតំលៃថោកយ៉ាងណាក៏ដោយ។
3) ផ្តោតទៅលើការផ្តល់នូវផលិតផលដែរហួសពីការរំពឹងទុករបស់អតិថិជន
ការផ្តល់នូវអ្វីដែលហួសពីការរំពឹងទុករបស់អតិថិជន មិនមែនសំដៅត្រឹមតែការផ្តល់ផលិតផលដែលមានគុណភាព និងតំលៃថោកនោះទេ។ ការផ្តល់ឱ្យលើសពីការរំពឹងទុកនេះគឺសំដៅទៅលើផលិតផល ឫសេវាកម្មបន្ថែមដែលអតិថិជននឹងទទួលបានរាល់ការទិញផលិតផលរបស់អ្នក។ សំរាប់ឧទាហរណ៏មួយដែរអ្នកអាចនឹងមិនចាប់អារម្មណ៏នោះគឺ រាល់ពេលដែលអ្នកទិញទូរស័ព្ទថ្មីក្រុមហ៊ុន “ក” ផ្តល់នូវការធានារយ:ពេល ១២ ខែ ខណ:ដែលក្រុមហ៊ុន “ខ” ផ្តល់ការធានារហូតដល់ ១៣ ខែ។ ការផ្តល់ការធានាលើសមួយខែនេះហើយដែលគេហៅថាការផ្តល់ឱ្យលើសពីការរំពឹងទុក ព្រោះរាល់ពេលដែលអ្នកទិញទូរស័ព្ទអ្នកដឹងត្រឹមថាមានការធានា ១២ ខែប៉ុននោះ និងមិនដែលគិតថាមានការធានារហូតដល់ ១៣ ខែអញ្ចឹងទេ។ នៅមានឧទាហរណ៏ច្រើនទៀតដោយអ្នកអាចធ្វើការសង្កេតបានក្នុងប្រតិបត្តិការទីផ្សាររបស់ក្រុមហ៊ុននីមួយៗ។