Thursday, May 14, 2015

Filled Under: , , , ,

លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រៀមខ្លួន​ផ្ទេរតំណែង​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ដឹកនាំ​បក្ស

ប្រភព: ថ្មីៗ

លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់របស់បក្សខ្លួន​នៅតាម​មូលដ្ឋាន​ទាំងអស់ ត្រៀម​រៀបចំ​អ្នក​បន្តវេន ជាពិសេស យុវជន​សម្រាប់​បន្តវេន ក្នុងការ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​អនាគត ព្រោះ​រូបលោក និង​លោក សម រង្ស៊ី បាន​ត្រៀមខ្លួន​ផ្ទេរតំណែង​រួចហើយ ។ អ្នក​វិភាគនយោបាយ យល់ថា ការណ៍​នេះ ជា​រឿង​ល្អ​មួយ​ដែល​អ្នកនយោបាយចាស់ៗ ទុក​ឱកាស​ឲ្យ​យុវជន ក្នុងការ​បង្ហាញ​ពី​សមត្ថភាព និង​គំនិតថ្មីៗរបស់ខ្លួន ក្នុងការ​អភិវឌ្ឍន៍​ប្រទេស តាមបែប​ប្រជាធិបតេយ្យ។ 
លោក កឹម សុខា ស្នើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​របស់​បក្ស​ខ្លួន ត្រូវ​ត្រៀមខ្លួន​បន្ដវេន​នៅក្នុង​គណបក្ស ហើយ​គណបក្ស​របស់លោក​នឹង​បង្រៀន ហើយពន្យល់​បន្ថែម​ដល់​យុវជន ដើម្បី​ឲ្យ​ក្លាយជា​អ្នកដឹកនាំ ។ ថ្លែង​ចំពោះមុខ​សមាជិក សមាជិការ អ្នកគាំទ្រ​របស់ខ្លួន នា​ខេត្តតាកែវ កាលពីពេលថ្មីៗនេះ លោក កឹម សុខា បាន​បញ្ជាក់ថា រូបលោក និង​លោក សម រង្ស៊ី  បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ផ្ទេរតំណែង​ដល់​យុវជន​ជំនាន់​ក្រោយ​ដឹកនាំ​បក្ស​ជំនួស​លោក​ទាំងពីរ។ នេះ​ជាស​ម្តី​ដ៏​កម្រ​របស់លោក កឹម សុខា ដែល​ស្ទើរតែ​មិន​ធ្លាប់មាន​ពីមុនមក ។  «គ្នា​យើង​ផ្ទេរ​មិន​ផ្ទេរឲ្យ​អ្នកជំនាន់ក្រោយ? សម រង្ស៊ី កឹម សុខា ក៏​ត្រៀម​ផ្ទេរ​ឲ្យ​អ្នក​បន្តវេន​ជំនាន់ក្រោយៗតទៅទៀត​ដែរ​បាទ ។ ហើយ​សមាជ សន្និបាត នឹងមាន​ការផ្លាស់ប្ដូរ នឹងមាន​ការរៀបចំ​ក​ម្លាំ​ង​ដើម្បី​បន្តវេន អត់​មាននៅ​ដដែល​ទេ ត្រូវតែ​កែ​ទាំងអស់គ្នា គឺ​ផ្លាស់ប្ដូរ​តាំងពី​មូលដ្ឋាន​ទៅដល់​លើ ដើម្បី​ការរីកចម្រើន ដើម្បី​អនាគត ។ យុវជន​ឥឡូវនេះ​ពូកែ​ជាង​យើង​ឆ្ងាយ​ណាស់» ។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា។
  
លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ យល់ឃើញថា នេះ​ជា​រឿង​មួយ​ត្រឹមត្រូវ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ទាញយក​យុវជន​ពូកែ​ ចូលរួម​ជាមួយ​គណបក្ស និង​ជា​ឱកាស​ឈ្នះឆ្នោត​សម្រាប់​ខ្លួន​ផងដែរ។ លោក​ថា ការ​ទុក​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយនេះ ក៏​បង្ហាញថា អ្នកនយោបាយចាស់ៗមិន​ចង់​ក្រាញ​អំណាច ពោលគឺ​ទុក​ឲ្យ​យុវជន​អាច​បញ្ចេញ​ពី​សមត្ថភាព និង​គំនិតថ្មីៗរបស់​ពួកគេ ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស ។

អ្នកវិភាគ​រូបនេះ​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា៖« គណបក្ស​សន្យា​ដូរ​ផ្ទៃក្នុង​គណបក្ស អាច​ទាក់ទាញក្មេងៗពូកែ​ចូលរួម​ច្រើន។ ព្រោះ​បើ​អ្នកនយោបាយ​នៅតែ​ក្រាញ​អំណាច​វា​គ្មាន​គំនិត​អភិវឌ្ឍន៍​ប្រទេស​អ្វី​ថ្មី​នោះទេ ។ ហើយ​អ្នក​បន្ដវេន អ្នកមាន​ឆន្ទៈ អ្នកមាន​ទេពកោសល្យ ក៏​គេ​មិន​ចូលរួម​ជាមួយ​គណបក្ស​ដែរ ព្រោះ​ពួកគេ​គ្មាន​ឱកាស​ក្នុងការ​ដឹកនាំ​ប្រទេស។ តែបើ​ទុក​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ ពួកគេ​អាចមាន​គំនិតថ្មីៗ និង​អាច​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ»។
  
លោក រស់ រ៉ាវុធ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ យល់ថា គម្រោង​កំណែទម្រង់​រៀបចំ​អ្នក​បន្ដវេន​រប​ស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ គឺជា​ការផ្លាស់ប្ដូរ​តាមបែប​ប្រជាធិបតេយ្យ ហើយក៏​បង្ហាញថា អ្នកនយោបាយចាស់ៗទទួលស្គាល់​ពី​ភាព​ឆ្លាត​វៃ​របស់​យុវជន​ជំនាន់​ក្រោយ ដែល​ពួកគេ​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ដំណើរការ​អភិវឌ្ឍ និង​ការដឹកនាំ​ប្រទេស ។ «ការផ្លាស់ប្ដូរ​ពី​មនុស្ស​ចាស់​ទៅកាន់​យុវជន​គឺជា​ការល្អប្រសើរ​មួយ។តែ​ការផ្លាស់ប្ដូរ​ត្រូវ​ឲ្យ​អ្នកមាន​សមត្ថភាព មិនមែន​ផ្ទេរតំណែង​ឲ្យ​អ្នក​គ្មាន​សមត្ថភាព​នោះទេ។ ហើយ​ខ្ញុំ​យល់ថា​យុវជន​នាពេល​បច្ចុប្បន្ននេះ ពួកគេ​មាន​សមត្ថភាព បទពិសោធន៍​ច្រើន​ក្នុងការ​យល់ដឹង និង​ស្វែងយល់​ពី​សង្គម​ច្រើន ដូចនេះ​ពួកគេ​អាចជួយ​អភិវឌ្ឍ​ប្រទេស​បាន​ច្រើន» ។ នេះ​ជាការ​ពន្យល់​របស់លោក រស់ រ៉ាវុធ។
 
តែ​ជុំវិញ​បញ្ហា​នេះ អ្នក​វិភាគនយោបាយទាំងពីរក៏បាន​បញ្ជាក់ដែរថា បើសិនជា​មានការ​ផ្លាស់​ប្ដូរ​អ្នក​បន្ដវេន អ្នកនយោបាយ​គួរតែ​ទុក​ឱកាស​ឲ្យ​យុវជន​មាន​សមត្ថភាព​ខ្ពស់ ចៀសវាង​រៀបចំ​អ្នក​បន្តវេន ដែល​ជាប់សែស្រឡាយ ឬ​សាច់ញាតិ​របស់​អ្នកនយោបាយ​នៅក្នុង​គណបក្ស ពោលគឺ​បានន័យថា ចៀសវាង​កុំ​ឲ្យ​អ្នកមាន​សមត្ថភាព គ្មាន​សែស្រឡាយ​អ្នកនយោបាយ​បាត់បង់​ឱកាស និង​អន់ចិត្ត៕