នៅក្នុងកិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ នៅវិមានរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្ម ចំពោះការលើកឡើង ពីការលួចសន្លឹកឆ្នោត ដែលនាពេលកន្លងមក គណបក្សសង្គ្រោះជាតិបានចោទលើ គណបក្សប្រជាជន និងចោទប្រកាន់ទៅលើ កាកបាទក្រហមកម្ពុជាថា ចែកអំណោយមិនស្មើភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៍ថា រឿងលួចសន្លឹកឆ្នោតនេះ ត្រូវតែបបួលគ្នាស្បថ បើអ្នកណាមិនហ៊ានស្បថ គឺបោកប្រាស់ប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រីបន្តថា តើគណបក្សនានា ហ៊ានស្បថទេ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា មុខព្រះអង្គដងកើទេ បើគណបក្សប្រជាជន លួចសន្លឹកឆ្នោត ឲ្យគណបក្សប្រជាជន ងាប់ទាំងអស់ ត្រូវគ្រាប់ រន្ទះបាញ់ ប៉ុន្តែបើអ្នកណាភូតភរ ចោទគេខុស អ្នកនឹងក៏ត្រូវដូចគ្នាវិញដែរ រន្ទះបាញ់ទាំងអស់"។
ដោយឡែកករណីការចោទប្រកាន់ របស់លោក លិម គឹមយ៉ា តំណាងរាស្ត្រមណ្ឌលកំពង់ធំ គណបក្សសង្គ្រោះជាតិថា កាកបាទក្រហមកម្ពុជា ចែកអំណោយមិនស្មើភាព លោកនាយករដ្ឋមន្រ្តីបានសួរថា “ តើហ៊ានស្បថឲ្យរន្ទះបាញ់ទេ នៅចំពោះមុខវត្ថុស័ក្តិសិទ្ធិទាំងឡាយ បើសិនជាបំពាន ដោយចេតនាក្នុងផ្លូវនយោបាយ គិតថា មានតែវិធីស្បថឲ្យរន្ទះ បាញ់ ឲ្យងាប់ទាំងពូជ”លោកនាយករដ្ឋមន្រ្តីក៏បញ្ជាក់ដែរថា ការលើកឡើងពីបញ្ហានេះ មិនមែនលោក កាន់ជើងប្រពន្ធលោកនោះទេ៕