អាទិត្យស្អែកនេះនឹងមានដុំអាចម៍ផ្កាយដ៏ធំមួយហោះកាត់ផែនដី ហើយប្រិយមិត្តអាចទស្សនាទិដ្ឋភាពនេះបាននៅលើអ៊ីនធឺណិត។
ដុំអាចម៏ផ្កាយនេះត្រូវបានឱ្យឈ្មោះថា UW-158 ដែលមានទម្ងន់ប្រមាណ ១ពាន់ពាន់លានផោន នឹងហោះនៅរយៈចម្ងាយ ២,៤លានគីឡូម៉ែត្រពីផែនដីនៅចំថ្ងៃអាទិត្យស្អែកម៉ោង ១១យប់នៅអង់គ្លេស ដែលត្រូវនឹងម៉ោង ៥ទាបភ្លឺនៅកម្ពុជា។
បើតាមអ្នកជំនាញវិទ្យាសាស្ត្ររបស់អង្គការ Slooh បានឱ្យដឹងថាដុំអាចម៍ផ្កាយយក្សនេះ មានតម្លៃមហាសាលដោយសារស្នូលរបស់វាផ្ទុកទៅដោយលោហធាតុប្លាទីនទម្ងន់ប្រមាណ ៩០លានតោន ហើយបើគិតជាសាច់ប្រាក់ស្នើនឹង ៥,៤ពាន់ពាន់លានដុល្លារ។
បើតាមក្រុមហ៊ុន Planetary Resources បានកំណត់អាចម៍ផ្កាយ UW-158 នេះជាប្រភេទ X-Type ហើយកាលពីម្សិលមិញ ក្រុមហ៊ុននេះក៏បានបញ្ជូនយានអវកាសមួយឈ្មោះ Arkyd 3 Reflight (A3R) ពីស្ថានីយអវកាសអន្តរជាតិ (ISS) ដើម្បីសាកល្បងបច្ចេកវិទ្យារុករកធនធានមានតម្លៃមហាសាលនៅក្នុងដុំអាចម៍ផ្កាយនៅក្នុងលំហ ស្រដៀងគ្នាទៅនឹង UW-158 ដែលមានតម្លៃ ៥,៤ពាន់ពាន់លានដុល្លារនេះដែរ។
សម្រាប់ប្រិយមិត្តដែលចង់ទស្សនាទិដ្ឋភាពអាចម៍ផ្កាយ UW-158 ដែលនឹងហោះកាត់ផែនដីស្អែកម៉ោង៥ព្រឹកនេះ អាចទស្សនាតាមរយៈកុំព្យូទ័រ ដោយគ្រាន់តែចុចត្រង់នេះ៕
From Sabay