វៀតណាមធ្លាប់ឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនទសវត្ស និងបានប្រឈមនឹងស្ថានភាពពិបាកច្រើន។ កាលពីទសវត្សទី៨០ វៀតណាមស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក ប្រហាក់ប្រហែលនឹងបណ្ដាប្រទេសក្រីក្របំផុតនៅទ្វីបអាហ្វ្រិក។ ប៉ុន្តែវៀតណាមបានផ្លាស់ប្ដូរមុខមាត់ជាបណ្ដើរៗ។ ជាពិសេស បន្ទាប់ពីថ្នាក់ដឹកនាំវៀតណាមជំនាន់ក្រោយៗ ហើយបានកែសម្រួលនយោបាយការបរទេសរបស់ខ្លួន ហើយបានរិះរកវិធីពង្រឹងចំណងទាក់ទងជាមួយសហរដ្ឋអាមេរិក ដែលជាមហាយក្សសេដ្ឋកិច្ចពិភពលោក។
ចាប់ពីពេលវៀតណាម និងសហរដ្ឋអាមេរិកបានធ្វើប្រក្រតីកម្មលើទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៥ រហូតមកទល់នឹងពេលនេះ ទំហំវិនិយោគផ្ទាល់ពីវិនិយោគិនអាមេរិកទៅវៀតណាមបានកើនឡើងក្នុងទំហំទឹកប្រាក់យ៉ាងធំធេង។ ទំហំវិនិយោគរបស់សហរដ្ឋអាមេរិកទៅវៀតណាមកើនឡើងដល់ ១១ ពាន់លានដុល្លារ។ នយោបាយការបរទេសត្រូវបានកែប្រែ។ វៀតណាម និងសហរដ្ឋអាមេរិកដែលធ្លាប់ជាគូបដិបក្ខនៅក្នុងសង្គ្រាមវៀតណាម និងសង្គ្រាមឥណ្ឌូចិន បានខិតជិតគ្នា ដើម្បីស្វែងរកផលប្រយោជន៍រៀងខ្លួន។
វៀតណាមមិនសូវចុះសម្រុង ឬមិនចង់រណបប្រទេសចិន ហើយចង់បានសហរដ្ឋអាមេរិកជាខ្នងបង្អែក។ សហរដ្ឋអាមេរិកមិនចង់ឲ្យប្រទេសចិនវ៉ាងទីម្នាក់ឯងនៅអាស៊ាន។ ដូចនេះ អាមេរិកក៏ត្រូវការវៀតណាមជាសម្ព័ន្ធមិត្តដើម្បីទប់ទល់នឹងចិន។ ខាងក្រោមនេះជាចំណុចខ្លះៗដែលលោកអ្នកគួរស្វែងយល់អំពីសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសកុម្មុយនិស្តមួយនេះ។
១- នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក ប្រធានាធិបតី ទ្រឿងតាន់សាង (Truong Tan Sang) មានប្រសាសន៍ថាប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសអាស៊ានដទៃទៀត ត្រូវការសហការគ្នាដើម្បីផលប្រយោជន៍រួម (common interests) និងពង្រឹងតួនាទី ឋានៈ ឯកភាព និងសហមតិ (consensus)នៅក្នុងក្របខ័ណ្ឌអាស៊ាន។
២- ប្រសិនបើគេនិយាយអំពីវិស័យសេដ្ឋកិច្ច គឺប្រទេសវៀតណាមនៅក្មេងខ្ចីនៅឡើយ ទោះបីវៀតណាមមានលក្ខណៈសម្បត្តិជាប្រទេសកំពុងមានសម្ទុះសេដ្ឋកិច្ច (emerging economy) ឬប្រទេសកំពុងអភិវឌ្ឍខ្លាំង។
៣- រដ្ឋបានអនុញ្ញាតឲ្យធនាគារកម្រិតអន្តរជាតិចូលទៅបើកសាខានៅក្នុងប្រទេសវៀតណាមចាប់ពីឆ្នាំ១៩៩៥ រៀងមក។ វិស័យសហគ្រាសតូច/ធំក៏ចាប់ផ្ដើមរីកដុះដាលជាបណ្ដើរៗ។
៤- សព្វថ្ងៃនេះ ជនជាតិវៀតណាមសម័យថ្មីឆាប់ទទួលយកការរីកចម្រើនខាងបច្ចេកវិទ្យាថ្មីៗ ដើម្បីដើរឲ្យទាន់ដំណើរវិវត្តនៃសម័យសកលភាវូបនីយកម្ម។ បច្ចេកវិទ្យាទូរគមនាគមន៍ឥតខ្សែ (wireless telecommunication) រីកចម្រើនលឿនជាងការព្យាករណ៍ទៅទៀត។ វិស័យដែលត្រូវការការវិនិយោគក្នុងកម្រិតខ្ពស់មានដូចជា ៖ វិស័យផលិតថាមពលអគ្គិសនី និងថាមពលចំហេះដទៃទៀត (energy) - វិស័យទូរគមនាគមន៍ និងមធ្យោបាយដឹកជញ្ជូន – វិស័យផ្គត់ផ្គង់ទឹកស្អាត។ល។
៥- រដ្ឋបានធ្វើកំណែទម្រង់លើវិស័យសេដ្ឋកិច្ចជាតិ ដូចជា៖ កំណែទម្រង់វិស័យហិរញ្ញវត្ថុ និងនយោបាយបើកទូលាយជើងមេឃដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសចូលទៅបណ្ដាក់ទុនរកទទួលទាននៅវៀតណាម។ ចាប់តាំងពីឆ្នាំ២០០០ រៀងមក វៀតណាមស្គាល់ការរីកលូតលាស់សេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំៗ។