កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ គេហទំព័រសេដ្ឋកិច្ច TheBNEWS បានផ្សាយពីប្រវត្តិនៃធនាគារជាតិនៃកម្ពុជា និងប្រវត្តិប្រាក់រៀលដែលជារូបិយប័ណ្ណរបស់ព្រះរាជាណាចក្រកម្ពុជាយើង។ ថ្ងៃនេះ TheBNEWS សូមលើកយកមុខងារសំខាន់ៗចំនួន ១២ របស់ធនាគារជាតិនៃកម្ពុជាវិញម្ដង។
ធនាគារជាតិនៃកម្ពុជាធនាគារជាតិនៃកម្ពុជា ឬធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជាមានមុខងារ និង ភារកិច្ចដូចតទៅ ៖
១. កំណត់ គោលនយោបាយរូបិយវត្ថុដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។
២. ត្រិះរិះរក អនុវត្ត និងត្រួតពិនិត្យនយោបាយរូបិយវត្ថុ និងប្តូរប្រាក់អោយសំរេចទៅតាម គោលដៅដែលបានកំណត់។
៣. ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រក្រតី រួចចេញផ្សាយលទ្ធផល ហើយ លើកសំណើ និងវិធានការជូនរដ្ឋាភិបាល។
៤. ផ្តល់ ឫ ដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង គ្រឹះ ស្ថានឯទៀត ដែលពាក់ព័ន្ធដូចជា ស្នងការគណនី គ្រឹះស្ថានជម្រះបញ្ជីជាដើម ព្រមទាំងចេញ បទបញ្ជា និងត្រួតពិនិត្យគ្រឹះស្ថានទាំងនោះ។
៥. ត្រួតពិនិត្យប្រព័ន្ធទូទាត់ក្នុងព្រះរាជាណាចក្រកម្ពុជា និងកែលម្អប្រសិទ្ធភាពនៃការ ទូទាត់អន្តរ-ធនាគារ ។
៦. ទទួលភារៈផ្តាច់មុខជាអ្នកបោះផ្សាយរូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
៧ . ទទួលខុសត្រូវ និងអនុវត្តក្នុងនាមនៃព្រះរាជាណាចក្រកម្ពុជានូវកិច្ចការទាំងឡាយ ដែលជាលទ្ធផលនៃការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័នអន្តរជាតិ សាធារណៈក្នុងកិច្ចការធនាគារឥណទានរូបិយវត្ថុ។
៨ . តម្លើងតារាងជញ្ជីងទូទាត់។
៩ . ចូលរួមក្នុងការគ្រប់គ្រងបំណុល និ ងឥណទេយ្យជាមួយប្រទេសក្រៅ។
១០ . ចូលរួមក្នុងការបង្កើត និងការត្រួតពិនិត្យទីផ្សាររូបិយវត្ថុ និងទីផ្សារហិរញ្ញវត្ថុ។
១១. ផ្តល់ ឬដកហូតអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថាន ដែលចូលរួមក្នុងអាជីវកម្មទីផ្សារប្តូរប្រាក់ សង្ហារឹមប័ណ្ណ ត្បូងថ្ម និង លោហធាតុមានតម្លៃព្រមទាំងចេញបទបញ្ជា និងត្រួតពិនិត្យ គ្រឹះស្ថានទាំងនេះ ។
១២. កំណត់អត្រាការប្រាក់។
ប្រភព៖ ធនាគារជាតិនៃកម្ពុជា