Wednesday, July 8, 2015

Filled Under: ,

វិធី​ថែរក្សា​ស្បែក​ក្បាល

ស្បែក​ក្បាលមាន​បញ្ហា​ជា​រឿង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​។ ស្បែក​ក្បាល​ដែល​មាន​បញ្ហា​គឺ​បណ្ដាល​មក​ពី​លោក​អ្នក​មិន​បាន យកចិត្ដទុកដាក់​ថែរក្សា​ឱ្យ​បាន​ដិត​ដល់​។ ការ​ថែរក្សា​ស្បែក​ក្បាល​មិនមែន​ជា​រឿង​មួយ​ដែល​លំបាក​នោះ​ទេ​។ ស្បែក​ក្បាល​ស្អាត​គឺ​អាច​ធ្វើ​ឱ្យ​លោក​អ្នក​ចំណេញ​នូវ​ពេលវេលា រួម​ទាំង​ថវិកា​ផង​ដែរ​។

កត្ដា​ដែល​បណ្ដាល​ឱ្យ​ស្បែក​ក្បាលមាន​បញ្ហា៖

ស្បែក​ក្បាលមាន​បញ្ហា​គឺ​បណ្ដាល​មក​ពី​ករណី​ពីរ​យ៉ាង ទី​១​គឺ​ទាក់ទង​ទៅ​នឹង​ស្បែក​ក្បាល ទី​២​គឺ​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​សារជាតិ​គីមី និង​កត្ដារួម​ផ្សំ​ដទៃ​ទៀត ដែល​ធ្វើ​ឱ្យ​ស្បែក​ក្បាល​របស់​លោក​អ្នកមាន​បញ្ហា​។ កត្ដា​ដែល​ជា​បញ្ហា​ខាងក្រៅ ដូច​ជា​ការ​អ៊ុតសក់​ខ្លាំង​ពេក ការ​ផ្លុំ​សក់ ឬ​ការ​អប់​សក់ មួយទៀត​គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​ជម្ងឺ​នៅ​លើ​ស្បែក​ក្បាល​តែ​ម្ដង​។ ស្បែក​ក្បាល​ដែល​មាន​បញ្ហា​ច្រើន​ជាងគេ​គឺជា​ស្បែក​ក្បាល​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​សរសៃសក់ មិន​អាច​ចាក់​ចូល​ដល់ទី​ជម្រៅ​នៃ​ស្បែក​ក្បាល ហើយ​ក៏​ធ្វើ​ឱ្យ​សក់​ជ្រុះ​។ បញ្ហា​មួយទៀត​គឺ​ស្បែក​ក្បាល​ដែល​ស្ងួត​ខ្លាំង​ពេក ក៏​ធ្វើ​ឱ្យ​ជ្រុះ​សក់​ដូច​គ្នា​ដែរ​។ ដូចនេះ​ស្បែក​ក្បាល​របស់​លោក​អ្នក​ស្ងួត​ខ្លាំង​ពេក​ក៏​មិន​បាន​ខ្លាញ់​ច្រើន​ពេក​ក៏​មិន​បាន​។

ការ​ថែរក្សា​ស្បែក​ក្បាល៖

ដើម្បី​ឱ្យ​ស្បែក​ក្បាល​របស់​លោក​អ្នកមាន​សុខភាព​ល្អ​មិន​ងាយ​កើត​នូវ​ជម្ងឺ​ផ្សេង លោក​អ្នក​គួរតែ​ទៅ​ពិនិត្យ​ស្បែក​ក្បាល របស់​លោក​អ្នកជា​មុន​សិន ដើម្បី​ដឹង​ថា​ស្បែក​ក្បាល​របស់​លោក​អ្នកជា​ប្រភេទ​ខ្លាញ់​ឬ​ក៏​ស្ងួត ជា​បច្ច័យ​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស ផលិតផល​ណាមួយ​មក​ប្រើប្រាស់ ចៀសវាង​មាន​បញ្ហា​នៅ​លើ​ស្បែក​ក្បាល​។

សារៈ​ប្រយោជន៍​នៃ​ការ​ថែរក្សា​ស្បែក​ក្បាល៖

កាលណា​ស្បែក​ក្បាល​របស់​លោក​អ្នកមាន​សុខភាព​ល្អ សរសៃសក់​ក៏​លូតលាស់​បាន​ល្អ អាច​រក្សា​ទម្ងន់​បាន​ល្អ មាន​សភាព ភ្លឺ​រលោង ធ្វើ​ឱ្យ​ស្បែក​ក្បាល​ចៀស​ផុត​ពី​ជម្ងឺ​នានា ដូច​ជា​អង្គែ រមាស់ កម​ជាដើម ជា​ពិសេស​ធ្វើ​ឱ្យ​សក់​របស់​លោក​អ្នកមាន​ក្លិន​ល្អ ថែម​ទៀត​ផង​។

វិធី​ការពារ​ស្បែក​ក្បាល៖

ប្រ​សិន​ស្បែក​ក្បាលមាន​ជាតិ​ប្រេង​ច្រើន នៅ​ពេល​ប៉ះ​ជាមួយ​ធូលី​ហើយ​លោក​អ្នក​មិន​បាន​លាង​សម្អាត​ទាន់​ពេលវេលា នោះ​លោក​អ្នក​អាច​ប្រឈម​មុខ​នឹង​បញ្ហា ពីព្រោះ​ជាតិ​ដី​និង​ជាតិ​ប្រេង​នៅ​ពេល​ដែល​ប៉ះ​គ្នា អាច​បង្ក​ឱ្យ​កើត​អង្គែ​។ លោក​អ្នក​គួរ​ចៀសវាង​ពី​កម្ដៅថ្ងៃ ពីព្រោះ​កម្ដៅថ្ងៃ​អាច​ធ្វើ​ឱ្យ​ស្បែក​ក្បាល​របស់​លោក​អ្នក​ឡើង​ខ្មៅ ឬ​ក៏​ធ្វើ​ឱ្យ​សក់​របស់​លោក​អ្នក​បែក​ចុង​ជាដើម​។ ត្រូវ​ចៀសវាង​ការ​អ៊ុតសក់​ញឹកញាប់​ពេក ជា​ពិសេស​គឺ​មិន​ត្រូវ​ធ្វើការ​ផ្លុំ​សក់​ញឹកញាប់​ពេក​នោះ​ទេ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​ស្បែក​ក្បាល ងាប់​កោសិកា ហើយ​ធ្វើ​ឱ្យ​សក់​ខូច ផុយ បែក​ចុង ជ្រុះ គ្មាន​សំណើម​ជាដើម​។

ដំបូន្មាន​របស់​អ្នកជំនាញ៖

លោក​អ្នក​គួរ​ជ្រើសរើស​ផលិតផល​ណា​ដែល​មានគុណ​ភាព ជា​ពិសេស​ផលិតផល​ដែល​ត្រូវ​នឹង​ស្បែក​ក្បាល​។ ផលិតផល​ខ្លះ ធ្វើ​ឱ្យ​ស្បែក​ក្បាល​របស់​លោក​អ្នកមាន​ប្រតិកម្ម​នៅ​ពេល​ប្រើ​ខុស ដូចនេះ​យក​ល្អ​លោក​អ្នក​គួរតែ​ទៅ​ពិនិត្យ​ស្បែក​ក្បាល​ជា​មុន​សិន ដើម្បី​ចៀសវាង​ការ​កើត​នូវ​បញ្ហា ជា​ពិសេស​មិន​ត្រូវ​ប្រើប្រាស់​សាប៊ូ​លាយឡំ​គ្នា​ច្រើន​នោះ​ទេ​។