Monday, July 20, 2015

Filled Under: , ,

៨ចំណុចដែល iPhone មិនអាចធ្វើដូច Android បាន

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទូរស័ព្ទ iPhone ដែល​បង្កើត​ដោយ​ក្រុមហ៊ុន Apple គឺ​តែងតែមាន បំពាក់​មុខងារ​ថ្មី​ៗ​ជា​និច្ច ជាក់ស្តែង iPhone 6 និង iPhone 6 Plus វា​បាន​បំពាក់​នូវ ទ្រនាប់ NFC ដែល​ប្រើប្រាស់ សម្រាប់ បង់ប្រាក់​ដោយ មិន​ចាំបាច់ ប្រើប្រាស់​កាត ATM​។ ទោះបីជា Apple ខិតខំ​ស្វែងរក អ្វី​ដែល​ថ្មី​ៗ មក​បំពាក់ លើ​ទូរស័ព្ទ​ខ្លួន​ក្តី ក៏​ប៉ុន្តែ​យើង សង្កេត​ឃើញ​ថា សមត្ថភាព​របស់​វា គឺ​នៅ​មាន​ដែន​កំណត់ នៅឡើយ​ទេ ប្រសិនបើ​យើង ប្រៀបធៀប ជាមួយនឹង ទូរស័ព្ទ Android​។ ខាងក្រោម​នេះ គឺជា​លក្ខណៈ​ពិសេស​ទាំង 8 របស់​ទូរស័ព្ទ Android ប៉ុន្តែ iPhone វា​មិន​មាន​នោះ​ទេ​។

 ១. Android អាច​អោយ​អ្នក បើក​កម្មវិធី​ច្រើន ក្នុង​ពេល​តែ​មួយ​បាន

ទូរស័ព្ទ Android មួយ​ចំនួន​អាច​អោយ​អ្នក បើក​កម្មវិធី​ច្រើន នៅ​លើ​ផ្ទៃ​អេ​ក្រង់ តែ​មួយ​ក្នុង​ពេល ដំណាលគ្នា​បាន ដូច​ទៅ​នឹង កុំព្យូទ័រ​ដែរ ដែល​ធ្វើ​អោយ​ការ​ប្រើប្រាស់ កាន់តែ​មាន​ភាព​ងាយស្រួល និង​អាច បំពេញ​កិច្ច​ការងារ ផ្សេង​ៗ​បាន​កាន់តែ រហ័ស​។ ប្រសិនបើ​ទូរស័ព្ទ​អ្នក គ្មាន​មុខងារ​នេះ គ្រាន់តែ​ដោ​ន​ឡូ​ដ កម្មវិធី​នេះ​ចេញពី Playstore គឺ​អាច​ប្រើ បាន​ហើយ ។​

២. ទូរស័ព្ទ Android ភាគច្រើន​ទាំងអស់ អាច​ប្រើ​ខ្សែ USB និង​ឆ្នាំង​សាក​ជាមួយ​គ្នា

ទោះបីជា​ទូរស័ព្ទ Android មាន​ច្រើន​ម៉ាក ផលិត​ដោយ​ក្រុមហ៊ុន ជា​ច្រើន​ក៏​ដោយ ក៏​ប៉ុន្តែ​វា​សុទ្ធតែ អាច​ប្រើ​ខ្សែ USB ជាមួយ​គ្នា​បាន ខុស​គ្នា​ពី​ទូរស័ព្ទ iPhone ដែល​វា​ប្រើ​ខ្សែ USB ប្រភេទ Lighting ផ្តាច់មុខ​គេ របស់ Apple​។

៣. យើង​អាច​​ដោះ​ថ្ម​ទូរស័ព្ទ​បាន​

ទូរស័ព្ទ Android ភាគច្រើន​បំផុត សុទ្ធតែ​អាច​អោយ អ្នក​អាច​ដោះ​ថ្ម ទូរស័ព្ទ​ខាងក្រោយ​បាន ប្រសិនបើ អ្នក​ចង់​ផ្លាស់​ប្តូរ​ថ្មី រឺ​ក៏​សំអាត​ទូរស័ព្ទ បន្ទាប់​ពី​វា​ធ្លាក់​ចូល ទៅ​ក្នុង​ទឹក​។ ផ្ទុយ​ទៅ​វិញ iPhone មិន​អាច អោយ​អ្នក​ប្រើប្រាស់​ដោះ​សន្ទះ​ខាងក្រោយ ដើម្បី​បើក​យក ថ្ម​ទូរស័ព្ទ​ចេញ​បាន​ទេ តាំងពី iPhone ស៊េរី ដំបូង​មក​ម្ល៉េះ​។

៤. អ្នក​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត

ទូរស័ព្ទ Android ភាគច្រើន​បំផុត សុទ្ធតែ​បង្កើត​មក ដោយ​ភ្ជាប់​មក​ជាមួយ​រន្ធ បន្ថែម​ម៉េ​ម៉ូ​រី​កាត ខាងក្រៅ​បន្ថែម​ទៀត ប្រសិនបើ​អ្នក​ចង់ ផ្ទុក​ឯកសារ​បាន កាន់តែ​ច្រើន​។ ផ្ទុយ​ទៅ​វិញ iPhone វា​គ្មាន​រន្ធ សម្រាប់​ដាក់ កាត​ម៉េ​មូ​រី​នោះ​ទេ ហើយ​អ្នក​ត្រូវ​ចំណាយ​លុយ ជា​ច្រើន ដើម្បី​បាន​អង្គ​ផ្ទុក​ទិន្នន័យ ធំ​ជាង​មុន​។

 ៥. អាច​ធ្វើការ កែសម្រួល​បាន​យ៉ាង ងាយស្រួល​បំផុត

យើង​អាច​ធ្វើការ ផ្លាស់​ប្តូរ​ផ្ទៃ​អ៊ី​ន​ធឺ​ហ្វេ​ស ទូរ​ស័​ព​យើង​ទាំងមូល បាន​យ៉ាង​ងាយស្រួល បំផុត ដោយ​ធ្វើការ​ផ្លាស់​ប្តូរ Launcher, Wallpaper, បន្ថែម Widget និង ធ្វើការ​ផ្លាស់​ប្តូរ​ស្តាយ Lockscreen ជាដើម​។ ចុះ​សម្រាប់ iOS វិញ? វា​អាច​ត្រឹមតែ​ធ្វើការ​ផ្លាស់​ប្តូរ រូបភាព​នៅ​ផ្ទៃ​ខាងក្រោយ (Wallpaper) ប៉ុណ្ណោះ​។

៦. អាច​ដោ​ន​ឡូ​ដ កម្មវិធី និង​ហ្គេ​ម ចេញពី​វេ​ប​សាយ​នានា ហើយ​តម្លើង​តែ​ម្តង

ប្រសិនបើ​នៅ​ក្នុង Playstore ដាក់​លក់ ហ្គេ​ម រឺ​ក៏​កម្មវិធី​ដ៏​ពិសេស​មួយ ដែល​អ្នក​មិន​មាន សមត្ថភាព​ទិញ​នោះ អ្នក​អាច​ស្វែងរក​ដោ​ន​ឡូ​ដ​វា ចេញពី​វេ​ប​សាយ ហើយ​តម្លើង​បាន យ៉ាង​ងាយស្រួល បំផុត ខុស​ពី iOS ដែល​អ្នក​មិន​អាច យក​កម្មវិធី ក្រៅពី Appstore មក​តម្លើង​បាន ដោយ​ងាយស្រួល នោះ​ទេ​។

៧. ទូរស័ព្ទ Android មួយ​ចំនួន អាច​ប្រើ​ជា​តេ​ឡេ​បញ្ជា​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ 

កំពូល​ទូរស័ព្ទ​របស់ Samsung, LG និង HTC សុទ្ធតែ​មាន​បំពាក់​មក​ជាមួយនឹង រន្ធ Infrared Blaster ដែល​អាច​ធ្វើការ បញ្ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច មួយ​ចំនួន បាន​យ៉ាង ងាយស្រួល​បំផុត លែង​ត្រូវការ តេ​ឡេ​បញ្ជា​ទៀត​ហើយ​។ នេះ​គឺជា​លក្ខណៈ​ដ៏​ពិសេស​មួយ សម្រាប់​ជីវិត​ប្រចាំ ថ្ងៃ​របស់​យើង​។

៨. គ្រាន់តែ​យកដៃ​អូស​ពីលើ​ចុះ​ក្រោម អ្នក​នឹង​ឃើញ​មុខងារ កែសម្រួល ជា​ច្រើន

ទូរស័ព្ទ Android អ្នក​អាច​ធ្វើការ បិទ​បើកមុខ​ងារ​ជា​ច្រើន បាន​យ៉ាង​លឿន​បំផុត ដោយ​គ្រាន់តែ អូស​ពីលើ ចុះ​ក្រោម​។ ចុះ​សម្រាប់ iOS វិញ? នៅ​ក្នុង Control Centre យើង​អាច​បិទ​បើក​ត្រឹម Wi-Fi, Bluetooth, Airplane Mode, Bluetooth, ពិល និង Do not Disturb ប៉ុណ្ណោះ​។

ទាំងនេះ គ្រាន់តែ​ជា​មុខងារ​ធំ​ៗ​មួយ​ចំនួន ដែល​អ្នក​ប្រើប្រាស់​ទូរស័ព្ទ Android ចូល​ចិត្ត​ប្រើប្រាស់ និង​មិន​មាននៅ​លើ iOS ប៉ុណ្ណោះ ប៉ុន្តែ​វា​នៅ​មាន មុខងារ​ជា​ច្រើន​ទៀត​គួរ​អោយ​ចាប់អារម្មណ៍​។ សម្រាប់​អ្នក​ចូល​ចិត្ត​មាន សេរីភាព​ក្នុង​ការ​ប្រើប្រាស់​ប្រាកដជា ជ្រើសរើស​យក​ទូរស័ព្ទ Android លំដាប់​កំពូល មួយ​ចំនួន​ជាក់​ជា​មិន​ខាន ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​ដែល ចូល​ចិត្ត​ប្រើប្រាស់​នូវ​អ្វី ដែល​សាមញ្ញ នឹង​មាន​ភាព​ស្និ​ទ​ស្នាល​នៅ​ក្នុង​ដៃ នោះ​ប្រហែលជា ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple ហើយ​។