តើបុគ្គលិកប្រភេទណាដែលលោកអ្នកចង់បានបំផុត? ក្រៅពីសមត្ថភាពពិតប្រាកដ លោកអ្នកប្រហែលជាមិន
ត្រូវការនោះឡើយ តែពេលខ្លះលោកអ្នកភ្លេចគិតថា បុគ្គលិកដែលបានចូលបម្រើការងារពេញសិទ្ធហើយបែរជាមិន
អាចបំពេញភារកិច្ចដូចអ្វីដែលលោកអ្នករំពឹងទុក។ បុគ្គលិកប្រភេទនេះដែលនឹងរៀបរាប់ជាបន្តបន្ទាប់ខាងក្រោមនេះ
អាចរាំងស្ទះដល់លទ្ធផលការងាររបស់លោកអ្នក ដូចគេនិយាយថា ទុកក៏មិនចំណេញ ដកចេញក៏មិនខាត។
១) ធ្វើការមិនទាន់ពេលកំណត់
បុគ្គលិកដែលអនុវត្តគម្រោងនានាមិនទាន់ពេលកំណត់ បានបង្ហាញចំណុចអវិជ្ជមានមួយដល់អ្នកគ្រប់គ្រងតែ
ម្តង។ អ្នកគ្រប់គ្រងនឹងសម្គាល់ថា បុគ្គលិកប្រភេទនេះច្បាស់ជាមានចំណុចខ្សោយក្នុងការគ្រប់គ្រងពេលវេលា មិន
មានគម្រោងច្បាស់លាស់ ឬ មិនយកចិត្តទុកដាក់អនុវត្តលើគម្រោងការងារជាដើម។ បុគ្គលិកដែលស្ថិតនៅក្នុងស្ថាន
ភាពនេះប្រឈមមុខខ្ពស់ក្នុងការបណ្តេញចេញពីការងារ។
២) សុក្រឹតនិយមពេក
បុគ្គលិកប្រភេទនេះ គឺតែងដាក់គម្រោងរបស់ខ្លួនក្នុងស្ថានភាពភ័យខ្លាចជានិច្ចទៅលើក្រុមការងារ ហើយចាប់
ផ្តើមដកខ្លួនឈរនៅម្ខាងដើម្បីចាប់កំហុស និង ចាំរិះគន់ទោះបីជាកំហុសនោះតូចក៏ដោយ។ មួយវិញទៀត បុគ្គលិក
ប្រភេទនេះតែងយល់ថា មានតែខ្លួនប៉ុណ្ណោះដែលជាបុគ្គលិកស្នូលអាចបំពេញការងារបានយ៉ាងល្អជាងអ្នកឯទៀត
និងបង្ហាញភាពមានតែឯងចេញមកតែម្តង។
៣) ខ្ជះខ្ជាយពេលវេលា
មានមូលហេតុជាច្រើនដែលធ្វើឲ្យបុគ្គលិកប្រភេទនេះខ្ជះខ្ជាយពេលវេលាដូចជា ទទួលទានអាហារ ពិសារកា
ហ្វេ ចេញទៅសម្រាកដោយចំណាយពេលយូរ ហួសម៉ោងកំណត់ ឬ ជជែកនេះ ជជែកនោះគ្មានប្រយោជន៍នៅពេ
លបំពេញការងារ ទាំងនេះសុទ្ធតែធ្វើឲ្យពេលវេលារសាត់អណ្ដែតទាំងមិនដឹងខ្លួន។ នេះជាគំរូអាក្រក់ ដល់បុគ្គលិក
ផ្សេងទៀតប៉ះពាល់ដល់លទ្ធផលការងារ។
៤) ប្រើប្រាស់អ៊ីនធឺណិតឥតប្រយោជន៍
បុគ្គលិកមួយចំនួនអង្គុយលើតុការងារ តែក្រឡេកមើលកុំព្យូទ័រវិញនោះគ្មានអ្វីក្រៅពីការឆែកនេះឆែកនោះមិន
ច្បាស់ត្រង់ណា បន្តិចលេង Facebook បន្តិចស្រាវជ្រាវនេះស្រាវជ្រាវនោះ គ្មានគោលដៅថា ត្រូវឆែកអ្វី។ លទ្ធផល
ជាក់ស្តែងអ្វីការប្រើប្រាស់អ៊ីនធឺណិតនេះភាគច្រើនមិនពាក់ព័ន្ធនឹងការងារ នេះហើយជាសញ្ញាណមិនល្អមួយរបស់
បុគ្គលិកប្រភេទនេះ ហើយទីបំផុតការងារធ្វើមិនទាន់ជាហេតុធ្វើឲ្យបន្សល់ទុកនៅថ្ងៃក្រោយទៀត។
៥) ងប់ងុលនឹងការងារគ្មានពេលសម្រាក
មើលទៅការញៀននឹងការងារបានធ្វើឲ្យបុគ្គលិកប្រភេទនេះលែងគិតគូរអ្វីទាំងអស់ ហើយសូម្បីតែបុគ្គលិករួម
ការងារនៅជុំវិញខ្លួនក៏មិនខ្វល់ដែរ គិតតែពីធ្វើការហាក់ដូចជាមានមហិច្ឆតាខ្ពស់ណាស់។ ការយកចិត្តទុកដាក់នឹង
ការងាររបស់បុគ្គលិក គឺជាដំណឹងល្អមួយសម្រាប់ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រង តែបើបុគ្គលិកប្រភេទនេះធ្វើការងារជ្រុល
ពេកគ្មានម៉ោងសម្រាកហើយនោះ វាមិនមែនជារឿងល្អសម្រាប់ក្រុមហ៊ុននោះឡើយ ត្បិតអីលទ្ធផលការងារជោគ
ជ័យគឺអាស្រ័យលើការងារជាក្រុម ការចែករំលែកទៅវិញទៅមកជាដើម។
៦) មានគំនិតអវិជ្ជមានជ្រុល
បុគ្គលិកប្រភេទនេះ តែងបង្ហាញភាពទុទ្ទិដ្ឋិនិយមច្រើនលើបញ្ហាដែលប្រឈមមុខ និង អ្វីៗដែលមិនទាន់កើត
ឡើង។ នេះនឹងបង្កផលប៉ះពាល់ដល់បរិយាកាសការងារទាំងមូល ហើយគំនិតអវិជ្ជមាននេះនឹងធ្វើឲ្យគម្រោងការងារ
បរាជ័យទៀតផង។ បុគ្គលិកប្រភេទនេះតែងដាក់ការភ័យព្រួយ និង ការត្អូញត្អែរនៅពីមុខជានិច្ច។
៧) និយាយដើមគេ
បុគ្គលិកមាត់ចាបមាត់ព្រាប ឬ អ្វីដែលគេស្គាល់ថា មនុស្សដែលចូលចិត្តនិយាយដើមគេនោះ គឺជាប្រភេទបុគ្គ
លិកដ៏គ្រោះថ្នាក់មួយទៀតនៅក្នុងក្រុមហ៊ុន។ បុគ្គលិកប្រភេទនេះជាទូទៅ មិនសូវសម្រេចបានសមិទ្ធផលធំដុំឡើយ
តែពូកែនិយាយដើមគេ ហើយតែងមានគំនិតអវិជ្ជមានជានិច្ចជាមួយបុគ្គលិកដទៃទៀត ច្រណែនឈ្នានីស និង ពូកែ
អាក់អន់ចិត្តទៀតផង។ បើអ្នកជាអ្នកគ្រប់គ្រង ត្រូវពន្យល់ឲ្យបានច្បាស់នូវអ្វីដែលជាកំហុសឆ្គងរបស់ពួកគេ។
៨) និយាយឮៗ
បុគ្គលិកប្រភេទនេះ ជាទូទៅជាប្រភេទមនុស្សមាត់ឥតគ្រប បើដឹងប៉ុណ្ណា និយាយប៉ុណ្ណឹងទោះបីជាសម្លេងនោះឮ
ប៉ុណ្ណាក៏ដោយមិនខ្លាចប៉ះពាល់ដល់អារម្មណ៍បុគ្គលិកដទៃទៀត។ ទោះបីជាបុគ្គលិកមួយចំនួនមិននិយាយចេញមក ក៏
ពួកគេបង្ហាញអារម្មណ៍មិនពេញចិត្តដោយស្ងាត់ៗ ហើយជាលទ្ធផលការងារមិនសូវជាដើរលូនទៅមុខនោះឡើយ
ហើយវាបែរជាធ្វើឲ្យអាប់អួរនៅកន្លែងការងារទៅវិញ។
៩) មិនយកចិត្តទុកដាក់ព័ត៌មានផ្ទៃក្នុងការងារ
ទំនាក់ទំនងការងារទៅវិញទៅមកពីក្រុមការងារមួយទៅក្រុមការងារមួយ ពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម គឺមាន
សារសំខាន់ណាស់។ ហេតុដូច្នេះ ការផ្ញើសារ ឬ អ៊ីមែល នូវព័ត៌មានការងារទៅវិញទៅមកជាអ្វីដែលបុគ្គលិកគ្រប់រូបមិន
មើលរំលងបាន ហើយត្រូវតែដឹងថា សារទាំងនោះនិយាយពីអ្វី។ តែជារឿងគ្រោះថ្នាក់មួយ បើអ្នកសង្កេតឃើញថា មាន
បុគ្គលិកមួយចំនួនមិនអើពើយកចិត្តទុកដាក់ឆែកមើលវា ហើយក្នុងស្ថានភាពនេះ ពួកគេពិតជាមិនអាចក្តោបបាន
ព័ត៌មានការងារបានគ្រប់ជ្រុងជ្រោយនោះឡើយ។ ទីបំផុតលទ្ធផលការងារមិនដូចរំពឹងទុកនោះឡើយនៅពេលដែល
បុគ្គលិកប្រភេទនេះមានវត្តមានច្រើននៅក្នុងក្រុមហ៊ុន៕