Wednesday, August 12, 2015

Filled Under: , , , , ,

Google ប្តូរឈ្មោះមកជា Alphabet


ក្រុមហ៊ុន Google បានប្រកាស​កាលពី​ថ្ងៃចន្ទ​ពី​ការរៀបចំ​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ ដោយ​បង្កើត​អង្គភាព​ថ្មី​មួយ មាន​ឈ្មោះ​ថា Alphabet ជំនួស​ឲ្យ​ឈ្មោះ Google ហើយ​ដែល​ក្រុមហ៊ុន Alphabet នេះ នឹង​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​មេ គ្រប​ដណ្តប់​លើ​សកម្មភាព​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Google ទាំងអស់ រួមទាំង ម៉ាស៊ីន​ស្វែង​រក​អ៊ីនធ័រនែត​ផង។


Alphabet នឹង​ជំនួស​ឲ្យ​ក្រុមហ៊ុន Google ក្នុងនាម​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​ផ្សារ​មូលបត្រ ហើយ​ភាគហ៊ុន​ទាំងអស់​របស់ Google និង​ត្រូវ​ផ្ទេរ​ដោយ​ស្វ័យប្រវត្តិ​ទៅ​ជា​ភាគហ៊ុន​របស់​ក្រុមហ៊ុន Alphabet និង​ដែល​រក្សា​សិទិ្ធ​គ្រប់​យ៉ាង​ដូចដើម។ ការប្រកាស​ពី​ការរៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​Google នេះ បាន​ទទួល​ការស្វាគមន៍​ដោយ ភាគហ៊ុន Google បាន​កើន​៧% ក្នុង​តម្លៃ​ដល់​ទៅ​៧០៨​ដុល្លារ ក្នុង​មួយ​ភាគហ៊ុន។

 

នៅក្នុងរចនាសម្ព័ន្ធថ្មីនេះ ក្រុមហ៊ុន​ក្រោម​ស្លាក Google នឹង​រក្សា​សកម្មភាព​ដ៏​សំខាន់​នៃ​សម្ព័ន្ធ​​Google ដូចជា​ការស្រាវជ្រាវ​តាម​អ៊ីនធ័រនែត ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផែនទី កម្មវិធី Applications ប្រព័ន្ធ​ប្រតិបត្តិការ Android YouTube និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស។
 
ចំណែកក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ចំនួន​ទៀត​ដូចជា​ក្រុមហ៊ុន Nest ជា​ក្រុមហ៊ុន​ផលិត​ទែម៉ូស្តាត​ភ្ជាប់ បណ្តាញ​Wi-fi ក៏​ដូចជា​មន្ទីរពិសោធន៍​ជីវបច្ចេកវិទ្យា Calico ស្រាវជ្រាវ​លើ​ការរស់​បាន​យូរ​របស់​មនុស្ស នឹង​ត្រូវ​ចាកចេញ​ពី​ក្របខ័ណ្ឌ​នៃ​អតីត​ក្រុមហ៊ុន Google តែ​នឹង​ត្រូវ​ឋិត​នៅ​ក្រោម​ស្លាក​របស់ Alphabet ជាមួយ​នឹង​ក្រុមហ៊ុន Google ក្នុង​រចនា​សម្ព័ន្ធ​ថ្មី។
 
លោក Larry Page សហស្ថាបនិក​ក្រុមហ៊ុន Google បច្ចុប្បន្នជា​អគ្គនាយក​សម្ព័ន្ធ​ក្រុមហ៊ុន Google ហើយ​ក៏​នឹង​ក្លាយ​ទៅ​ជា​អគ្គនាយក​សម្ព័ន្ធ​ក្រុមហ៊ុន Alphabet នោះ បាន​សរសេរ​នៅក្នុង​ប្លុក​របស់​ខ្លួន​ថា៖ ក្រុមហ៊ុន Alphabet គឺ​ជា​បណ្តុំ​ឬ​សម្ព័ន្ធ​នៃ​សហគ្រាស​ក្រុមហ៊ុន ជាច្រើន។ តែក្រុមហ៊ុន​ដែល សំខាន់​ជាង​គេ​ពិត​ណាស់​គឺ​នៅតែ​ជា​ក្រុមហ៊ុន Google។ ក្រុមហ៊ុន Google ក្នុង​រចនា​សម្ព័ន្ធ​ថ្មី នឹង​មាន​ទំហំតូច​ជាង​មុន ដោយសារ​ថា​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​មាន​សកម្មភាព ឆ្ងាយពី​ផលិតផល​ដ៏​សំខាន់ របស់ Google នៅលើ​អ៊ិនធ័រនែត ឥឡូវនេះ​ត្រូវបាន​ដាក់​ឲ្យ​ឋិត​ក្រោម​ស្លាក​ក្រុមហ៊ុន​មេ Alphabet។ លោក​បន្ត​ថា៖ រចនា​សម្ព័ន្ធ​ថ្មី​នេះ​នឹង​អនុញ្ញាត​ឱ្យ​យើង​រក្សា​ការ​យកចិត្ត​ទុក​ដាក់​ដ៏​ធំ​មួយ ដើម្បី​ជា​ឱកាស​ដ៏​ធំធេង​ដែល​យើង មាន​នៅ​ក្នុង​ក្រុមហ៊ុន Google។
 
លោកក៏ បានគូស​បញ្ជាក់ថា រចនាសម្ព័ន្ធ​ថ្មី​របស់ Google ក្រោម​ស្លាក​សម្ព័ន្ធ​ក្រុមហ៊ុន​មេ Alphabet នឹង​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ​២០១៥​នេះ ដែល​នៅ​ពេល​នោះ លោក Sundar Pichai បច្ចុប្បន្ន​ជា​អនុប្រធាន​ផ្នែក​ខាង​ផលិតផល​របស់ Google នឹង​ក្លាយជា​អគ្គនាយក​ថ្មី​របស់ Google ចំណែក​នាយក​នានា របស់ Google បច្ចុប្បន្ន នឹង​ត្រូវ​បញ្ចូល​ក្នុង​រចនា​សម្ធ័ន្ធ​គ្រប់គ្រង​ថ្មី​របស់​ក្រុមហ៊ុន​មេ Alphabet។ ជាអាទិ៍ លោក Sergey Brin សហស្ថាបនិក​ក្រុមហ៊ុន​ម្នាក់​ទៀត​របស់ Google នឹង​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន Alphabet ឯ​លោក Eric Schmidt នឹង​ក្លាយ​ជា​ប្រធាន​ប្រតិបត្តិ​របស់ Alphabet៕