ក្រុមហ៊ុន Apple ថ្ងៃនេះ បានបង្ហាញខ្លួន iPhone ជំនាន់ក្រោយ: iPhone 6s និង 6s Plus ជាផ្លូវការហើយ។ ដូចទៅនឹង ព័ត៌មាន លេចលឺកន្លងមក iPhone ក្រោយនេះ មិនមាន ការផ្លាស់ប្តូរ រូបរាងនោះទេ ហើយដូចម៉ូដែលមុនៗដែរ ការដាក់ អក្សរ s នៅពីក្រោយឈ្មោះ គឺជា សញ្ញាណមួយប្រាប់ថា នឹងមានការអាប់ដេត ផ្នែករឹងនៅខាងក្នុង ជាជាង ការផ្លាស់ប្តូរ ការរចនាម៉ូដ រូបរាងខាងក្រៅ។ ការអាប់ដេត ទាំងនោះ មានដូចជា:
មុខងារប៉ះសង្កត់ថ្មី Touch 3D:
អ្វីដែលជា ចំណុចលេចធ្លោរបស់ម៉ូដែលថ្មីនេះ គឺ មុខងារថ្មីមួយឈ្មោះថា “Touch 3D” ដែលជា ការវិវត្តន៍ចេញមកពី មុខងារតាមដានការប៉ះសង្កត់ Force Touch ដែលមានប្រើនៅលើ នាឡិកាឆ្លាតវៃ Apple Watch។ ប៉ុន្តែ Touch 3D បានបន្ថែមជំរៅមួយទៀត ទៅលើ Force Touch ធម្មតា ហៅថា “ការសង្កត់ធ្ងន់”។ ជាមួយនឹងមុខងារ Touch 3D អ្នកប្រើប្រាស់ អាចសង្កត់បញ្ជារលើអេក្រង់បាន 3 របៀបថ្មីគឺ ការប៉ះធម្មតា, ការប៉ះសង្កត់ និងការប៉ះសង្កត់ធ្ងន់ ហើយអាចប្រើបាន គ្រប់ទីកន្លែង នៅក្នុង ប្រព័ន្ធប្រតិបត្តិការណ៍ មិនថា នៅក្រៅកម្មវិធី (ដូចជា ផ្ទាំង Home Screen) ឬនៅក្នុង កម្មវិធី។
ជាឧទាហរណ៍ ដូចពីមុន ការប៉ះធម្មតា តែម្តង នៅលើ អាយខន កម្មវិធី កាម៉េរា នឹងធ្វើការបើកដំណើរការ កម្មវិធីនោះ ដើម្បីថតរូប។ ប៉ុន្តែបើអ្នក ប៉ះសង្កត់ ដោយមិនលែងម្រាមដៃ លើអាយខនកម្មវិធី កាម៉េរាវិញ នោះកម្មវិធីនឹង បើកបញ្ជីរតារាងផ្លូវកាត់ ដើម្បីបើកប្រើមុខងារផ្សេងៗ ដូចជា ថតរូប Selfie ឬថតវីដេអូជាដើម។ ចំណែកនៅក្នុង កម្មវិធីវិញ ដូចជា កម្មវិធីផ្ញើសារ Messenger ការប៉ះធម្មតា លើសារណាមួយ នឹងនាំលោកអ្នក ទៅផ្ទាំងមួយទៀត ដែលបង្ហាញពី អត្ថបទក្នុងសារលំអិត។ ប៉ុន្តែ បើសិនជា អ្នកប៉ះសង្កត់ ដោយមិនលែងម្រាមដៃវិញ នោះវា ធ្វើការបង្ហាញផ្ទាំងព័ត៌មានត្រួសៗ របស់សារនោះ ហើយបើអ្នក សង្កត់ធ្ងន់ មួយតង់ទៀត លើអេក្រង់ វា នឹងបើកបង្ហាញ សារនោះ លំអិត នៅផ្ទាំងមួយទៀត។
បន្ទៈឈីប A9 ថ្មី:
ម៉ូដែលថ្មីនេះ បំពាក់ដោយ បន្ទៈឈីបស៊េរីថ្មី ចុងក្រោយ របស់ Apple គឺបន្ទៈ A9 64-bit ដែលមាន កំលាំងគណនាលឿនជាងមុន 70 ដង និងកំលាំងក្រាហ្វិកលឿនជាងមុន 90 ដង បើធៀបនឹង បន្ទៈឈីប A8 ដែលប្រើនៅលើ iPhone 6/6 Plus។ ចំណែក សិុនស័រតាមដានចលនា M9 ថ្មី ត្រូវបាន គេបំពាក់ចូលទៅក្នុង បន្ទៈឈីប A9 នេះ ដើម្បីចំណេញទំហំទំនេរ។
កាម៉េរាខាងក្រោយ iSight 12MP និងខាងមុខ 5MP:
Apple បានចំណាយពេលជាច្រើន ក្នុងការ ណែនាំពី កាម៉េរាខាងក្រោយរបស់ iPhone 6s។ កាម៉េរាខាងក្រោយនេះ ត្រូវបាន គេបង្កើន សមត្ថភាពថតរូបពី 8MP មកកាន់ 12MP ព្រមទាំងអាចថតវីដេអូ រហូតកំរិត 4K ក្នុងល្បឿន 60fps។ ក្រៅពីមុខងារថតរូបដូចមុន ដែលរួមមាន ថតរូបពណ៌ពេញ HDR, ថតរូបបណ្តោយវែង Panoram និង ថតរូបច្រើនប៉ុស្តិ៍ជាប់ៗគ្នា Burst Mode មុខងារថ្មីមួយឈ្មោះ “Live Photo” អនុញ្ញាតិអោយ អ្នកប្រើប្រាស់ ថតរូបថតមានចលនា 2-3 វិនាទី ហើយអាចយកវា ទៅធ្វើជា រូបភាពតាំងជញ្ជាំង មានចលនាបាន។ ចំណែក ភ្លើង Flash របស់វា គឺជា ប្រភេទ TrueTone ដែលអាចជះពន្លឺ បានភ្លឺជាងមុន។ Apple ក៏បាន បង្កើន សមត្ថភាពកាម៉េរាខាងមុខ របស់ម៉ូដែលនេះ ពី 1.2 MP មកកាន់ 5MP ដែរ ដោយប្រើ អេក្រង់ខាងមុខ ជាភ្លើង Flash។
ផ្នែករឹងផ្សេងៗទៀត:
ផ្នែករឹងក្រៅពីនេះ មានដូចជា សម្បកអាលុយមីញ៉ូមថ្មី ស៊េរី 7000 ដែលធន់នឹង ការកាច់កោង, មុខងារ Touch ID ជំនាន់ទី 2 ដែលស្កែនក្រយៅដៃ លឿនជាងមុន, បន្ទៈ 4G LTE និង WiFi ល្បឿនលឿនជាងមុន 2x, មុខងារបើកបញ្ជារ Hey Siri ដោយមិនចាំបាច់ដោតសាកថ្ម និងកញ្ចក់អេក្រង់ការពារឆ្កូត Ion ដែលធន់ល្អជាងមុន។
ថ្ងៃចេញលក់:
Apple នឹងទទួល ការកម៉្មង់ទិញទុកជាមុន ចាប់ផ្តើមពីថ្ងៃទី 12 ខែកញ្ញា នេះតទៅ ហើយការដាក់លក់ជាផ្លូវការ នឹងធ្វើឡើង នាថ្ងៃទី 25 ខែកញ្ញានេះ។ ម៉ូដែលនេះ មាន 4 ពណ៌អោយជ្រើសរើស គឺ ប្រផេះ, ទឹកប្រាក់, មាស (លឿង) និងមាសកុលាប (ក្រហម) ជាមួយនឹងតំលៃ $649 សំរាប់ iPhone 6s 16GB និង $749 សំរាប់ iPhone 6s 16GB៕