ដំបូង អ្នកច្បាប់វ័យក្មេងពន្យល់ពីសារៈសំខាន់នៃការធ្វើកិច្ចសន្យាលក់-ទិញជាលាយលក្ខណ៍អក្សរថា អាចជួយធានានូវសន្តិសុខទាំងភាគីអ្នកទិញ និងភាគីអ្នកលក់ សម្រាប់ជាភស្តុតាងនៅពេលមានជម្លោះណាមួយកើតឡើង។ លោកលើកឧទាហរណ៍ថា ភាគីក និងភាគីខ ជាមនុស្សស្គាល់គ្នាធ្វើការទិញ-លក់ម៉ូតូដោយកិច្ចសន្យាផ្ទាល់មាត់ គ្មានសាក្សី ដោយមិនបានធ្វើឡើងជាលាយលក្ខណ៍អក្សរ និងមិនបានផ្ទេរកម្មសិទ្ធិត្រឹមត្រូវ។ បើទោះជាបានព្រមព្រៀងគ្នាក្ដី តែឈ្មោះកម្មសិទ្ធិករ គឺនៅតែជាឈ្មោះរបស់ភាគីកដែលជាអ្នកលក់ដដែល។ ប្រសិនបើភាគីខជ្រុះបាត់កាតគ្រី ហើយត្រូវភាគីករើសបាន និងទាមទារថាម៉ូតូជាកម្មសិទ្ធិរបស់ខ្លួន នោះភាគីខគ្មានភស្តុតាងដើម្បីបញ្ជាក់ទេ ព្រោះឈ្មោះដើមនៃប័ណ្ណកម្មសិទ្ធិនៅឈ្មោះភាគីកនៅឡើយ។ នេះជាបញ្ហាដែលគួរឱ្យព្រួយបារម្ភមួយ។
អ្នកច្បាប់ដដែលណែនាំថា ចំពោះការធ្វើលិខិតលក់-ទិញគួរបំពេញលក្ខខណ្ឌទម្រង់ឱ្យបានត្រឹមត្រូវ ជាពិសេស ការលក់-ទិញអចលនទ្រព្យ។ អនុលោមតាម ក្រមរដ្ឋប្បវេណីថ្មីរបស់កម្ពុជា ឆ្នាំ២០០៧ កិច្ចសន្យាលក់-ទិញអចលនទ្រព្យចាំបាច់ត្រូវធ្វើឡើងដោយលិខិតយថាភូតរបស់សារការីទើបអាចទទួលបានអនុភាពតាមផ្លូវច្បាប់។
លោកបានរៀបរាប់នៃនីតិវិធីលក់-ទិញ និងការផ្ទេរកម្មសិទ្ធិដោយសង្ខេបដូចខាងក្រោម៖
ចំពោះអចលនទ្រព្យ (មានប័ណ្ណកម្មសិទ្ធិសំគាល់ម្ចាស់អចលនទ្រព្យ)៖
- ការស្វែងរកការបញ្ជាក់អំពីម្ចាស់កម្មសិទ្ធិពិតប្រាកដ និងការមានបន្ទុកលើកអចលនទ្រព្យ ។
- ការធ្វើកិច្ចសន្យាលក់-ទិញជាគោលការណ៍ដោយលិខិតយថាភូតដោយបញ្ជាក់អំពីដំណាក់កាលនៃការទូទាត់លុយ និងការបំពេញបែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិ ជាដើម ។
- បំពេញបែបបទផ្ទេរកម្មសិទ្ធិ ដោយធ្វើលិខិតលក់ផ្ដាច់ និងការចុះបញ្ជីផ្ទេរកម្មសិទ្ធិ (ចុះហត្ថលេខា/ផ្ដិតស្នាមមេដៃដោយគូភាគីទាំងសងខាង) ចំពោះមុខមន្ត្រីមូលដ្ឋាន ឬសារការី និងដោយមន្ត្រីសុរិយោដី។
- បង់ពន្ធប្រថាប់ត្រា ៤% នៃតម្លៃអចលនទ្រព្យសរុប
- ការទទួលបានប័ណ្ណកម្មសិទ្ធិក្នុងឈ្មោះអ្នកទិញ
ចំពោះចលនទ្រព្យ (ម៉ូតូ រថយន្ត)៖
- ធ្វើកិច្ចសន្យាលក់-ទិញជាលាយលក្ខណ៍អក្សរ
- ធ្វើលិខិតផ្ទេរកម្មសិទ្ធិយានយន្ត (ចុះហត្ថលេខាដោយគូភាគីទាំងសងខាង) ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរសាធារណការ និងដឹកជញ្ជូន។
- បង់ពន្ធប្រថាប់ត្រា ៤% នៃតម្លៃយានយន្ត
- ទទួលយកប័ណ្ណសំគាល់យានយន្តក្រោមឈ្មោះអ្នកទិញពីមន្ទីរសាធារណការ និងដឹកជញ្ជូន