Thursday, November 19, 2015

Filled Under:

4G LTE របស់ សែលកាត ដាក់ឲ្យដំណើរការហើយ



ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត បានសម្ពោធដាក់ឲ្យដំណើរការ និងប្រើប្រាស់ប្រព័ន្ធ 4G LTE ជាផ្លូវការនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តចំនួនប្រាំមួយ ក្នុងប្រទេសកម្ពុជា។ 4G LTE គឺជាបច្ចេកវិទ្យាទូរគមនាគមន៍ចល័ត ដែលអាចឲ្យលោកអ្នកទទួលបាននូវ ល្បឿនអ៊ីនធើណិតដ៏លឿន។
ក្រុមហ៊ុន សែលកាត នឹងតភ្ជាប់ល្បឿនអ៊ីនធើណិត 4G LTE ទៅកាន់បណ្ដាខេត្តមួយចំនួន រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្វាយរៀង និងក្រុងព្រះសីហនុ។ គូសបញ្ជាក់ដែរថា លក្ខណៈពិសេសនៃល្បឿន 4G LTE គឺអាច Download ទំហំ ២០MB ដោយប្រើប្រាស់រយៈពេលត្រឹមតែ ២៥វិនាទី បើធៀបទៅនឹង 3G គឺត្រូវការរយៈពេល ៣នាទី។ មិនតែប៉ុណ្ណោះ ថែមទាំងអាច Upload និង Update បានលឿន និងអាចបើកអ៊ីនធើណិតបានច្រើនទំព័រ ក្នុងពេល​តែមួយ។
លោក Lan Waston នាយកប្រតិបត្តិក្រុមហ៊ុន សែលកាតបានថ្លែងថា៖ «យើងជឿជាក់ថា សែលកាតផ្តល់ជូនអតិថិជនជាមួយនឹង បទពិសោធន៍ឌីជីថលដ៏សមស្របមួយ ហើយឥឡូវនេះយើងឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទ ដែលមានសមត្ថភាពដែលភ្ជាប់ប្រព័ន្ធ 4G លើទីផ្សារគឺ មានចំនួនច្រើនគួរឲ្យសម្គាល់។ ទន្ទឹមនឹងនេះដែរ ក្រុមការងាររបស់សែលកាតនឹងខិតខំកែសម្រួលបណ្ដាញ ធ្វើយ៉ាងណាដើម្បីឲ្យល្បឿនអ៊ីនធើណិត 4G LTE មានដំណើរការល្អផ្ដាច់គេ»។
សម្រាប់អតិថិជនរបស់ក្រុមហ៊ុន សែលកាត ទាំងអស់ លោកអ្នកអាចមកប្ដូរស៊ីមកាត 4G LTE ដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមពីរបៀបប្រើបច្ចេកវិទ្យា 4G LTE សូមទូរស័ព្ទទៅលេខ 812 រៀងរាល់ថ្ងៃពេញ 24 ម៉ោង។
គួរជម្រាបដែរថា បើតាម​តួលេខ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍កម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​ប្រើ​អ៊ិនធើណិត​​បាន​កើន​ឡើង ​ដែល​មានចំនួន​​រហូតដល់ទៅ​ជាង ​៥លាន ៧ម៉ឺន ៤ពាន់នាក់។ នេះ​បើ​គិត​ត្រឹម​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៥ តែ​អំឡុងឆ្នាំ ​២០១០ គឺ​មាន​តែ​ជាង ​៣២​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។ ​តួលេខ​នេះ​បាន​កើនឡើង​ចំនួន ​១៦ដង ហើយ​ច្រើន​ជាង ​១ភាគ​៣​នៃ​ប្រជាជន​កម្ពុជា​សរុប​៕