ពួកជីហាតរបស់ក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡឺវ៉ង់ (Islamic State of Iraq and the Levant :ISIL ឬ Islamic State of Iraq and Syria ៈ ISIS) ទើបតែមានឈ្មោះបោះសំឡេង និងបង្ហាញមុខនៅក្នុងពេលសង្រ្គាមស៊ីវិលនៅប្រទេសស៊ីរីផ្ទុះឡើង។ ក្រុមនេះបានចូលរួមកៀកស្មាប្រយុទ្ធជាមួយក្រុមជីហាត អាល់ស្រា និងក្រុមអ៊ីស្លាមផ្សេងទៀត របស់ចលនាប្រឆាំងស៊ីរីសេរី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងទ័ពរដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដ។
ប៉ុន្តែក្រោយមកដោយសារតែមិនសូវចុះសម្រុង ជាមួយក្រុមជីហាតអាល់ស្រា ដែលជាក្រុមអ៊ីស្លាមជ្រុលនិយម មែកធាងរបស់បណ្តាញអាល់កៃដា និងដោយសារតែ ទ័ពរបស់រដ្ឋាភិបាលស៊ីរីតស៊ូប្រយុទ្ធខ្លាំងពេក ក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡឺវ៉ង់ ក៏បានបែរ ងាកមកប្រយុទ្ធនឹងរដ្ឋាភិបាលអ៊ីរ៉ាក់វិញម្តង។
រដ្ឋាភិបាលអ៊ីរ៉ាក់ របស់លោកនាយករដ្ឋមន្រ្តី នូរី អែលម៉ាលីគិ ផុយស្រួយ មិនរឹងមាំដូចរដ្ឋាភិបាលរបស់លោកប្រធានាធិតបីស៊ីរីទេ។ រដ្ឋាភិបាលអ៊ីរ៉ាក់បច្ចុប្បន្ន កំពុងបែកបាក់គ្នា និងកំពុងរូងស៊ីក្នុងដោយសារតែរឿងពុករលួយ។ ចលនាប្រឆាំងរដ្ឋាភិបាលមានកាន់តែច្រើនបន្ទាប់ពីក្រុមនិកាយស៊ុននីតទទួលរងការបង្រ្កាបពីក្រុមស្ហីអ៊ីត ដែលជាក្រុមរបស់រដ្ឋាភិបាលបច្ចុប្បន្ន។
ក្រុមជីហាតតែមួយមិនអាចវាយឈ្នះលើទាហានរដ្ឋាភិបាលអ៊ីរ៉ាក់ទេ។ ប៉ុន្តែពួកជីហាតនៅអ៊ីរ៉ាក់ បានឆ្លៀតយករឿងពុករលួយ របស់រដ្ឋាភិបាល ការស្អប់ខ្ពើមពីសំណាក់ក្រុមនិកាយស៊ុននីត ទៅលើរដ្ឋាភិបាល ដើម្បីទាក់ទាញប្រមូលផ្តុំក្រុមដែលប្រឆាំងរដ្ឋាភិបាល ដើម្បីឲ្យចូលរួមប្រយុទ្ធជាមួយខ្លួន ឬ បញ្ចុះបញ្ចូលមិនឲ្យប្រយុទ្ធតដៃក៏ថាបាន។
ជាក់ស្តែង ក្រុមជីហាតវាយដណ្តើមកាន់កាប់ ទីក្រុងម៉ូស៊ូល ទីក្រុងធំទីពីររបស់អ៊ីរ៉ាក់ បានយ៉ាងងាយស្រួល ដោយសារតែពួកទាហាន និងប៉ូលិសបានបាក់ទ័ព រត់ចោលជួរ ចោលទីតាំងប្រយុទ្ធ និងបណ្តោយឲ្យពួកឧទ្ទាមវាយដណ្តើមកាន់កាប់ទីស្នាក់ការ ឬបន្ទាយ ដែលមានផ្ទុកទៅដោយសព្វាវុធ និងឯកសារកងទ័ព។ រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡឺវ៉ង់ បានកំពុងវាយចូលកាន់កាប់ទីក្រុងជាច្រើនរបស់ប្រទេសអ៊ីរ៉ាក់។ កាលពីខែមិថុនា ឆ្នាំ២០១៤ ក្រុមអ៊ីស្លាមជ្រុលនិយម ជីហាតបានខិតចូលទីក្រុងបាកដាត និងវាយយកបានច្រកត្រួតពិនិត្យថ្មីមួយ នៅព្រំដែនអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីវាយយកបានទីក្រុងធំទីពីរ របស់អ៊ីរ៉ាក់។
មួយវិញទៀត ត្រូវដឹងថា ក្រុមជីហាតនៅ អ៊ីរ៉ាក់ មួយនេះកំពុងមានលុយច្រើន បានមកពីការវាយកាន់កាប់ប្រេង និងសំបូរដោយក្រុមប្រយុទ្ធដែលមានស្នាដៃ ច្រើន។ តាមអ្នកតាមដាននយោបាយអ៊ីរ៉ាក់ មានពួកអតីត ទាហាន និងប៉ូលិសអ៊ីរ៉ាក់ ដែលមានជំនាញជាច្រើនរយនាក់ ដែលធ្លាប់បម្រើការនៅក្នុងកងទ័ព ឬប៉ូលិសនៅសម័យ គ្រប់គ្រងរបស់លោកសាដាម ហ៊ូសេន បានទៅចុះចូលជាមួយក្រុមជីហាត អ៊ីរ៉ាក់ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី មិនបានគិតគូរ ផ្តល់ការងារឲ្យទៅឲ្យពួកគេ នៅក្រោយការដួលរំលំរបស់របបសាដាម ហ៊ូសេន។
នៅក្នុងរបបរបស់ខ្លួន លោកសាដាម ហ៊ូសេនបានបង្កើតទ័ពជាតិប្រមាណជាង៤សែននាក់ និងទ័ពផ្ទាល់ខ្លួន ៤សែននាក់ផ្សេងទៀត។ សួរថា តើកងទ័ពទាំងអស់នេះ ទៅណាបន្ទាប់ពីរបបសាដាម ហ៊ូសេនដួលរំលំដោយសារសង្រ្គាមរបស់អាមេរិក។ ច្បាស់ណាស់ថា ក្រុមនេះដែលសុទ្ធតែទទួលបានការបណ្តុះបណ្តាលច្រើនជាងជាងទាហានបច្ចុប្បន្ន ពិតជាបានចុះចូលជាមួយក្រុមជីហាតនេះតែម្តង។
បង្កើតរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់
ក្រុមជីហាតមានទិសដៅបង្កើតរដ្ឋអ៊ីស្លាម ទៅលើប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ប៉ុន្តែ ដោយសារតែក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ មានចូលរួមកាន់តែច្រើនពីក្រុមនិកាយស៊ុននីត ដែល ជាសត្រូវរបស់រដ្ឋាភិបាល និកាយស្ហីអ៊ីត ក្រុមជីហាតក៏បានពង្រីកមហិច្ឆតារបស់ខ្លួន ដោយលើកនេះ ពួកគេចង់ប្រយុទ្ធប្រឆាំងនឹងក្រុមស្ហីអ៊ីត និងអ៊ីរ៉ង់តែម្តង។ ប្រយុទ្ធប្រឆាំងនឹងនិកាយស្ហីអ៊ីត នេះជាបំណងសងសឹករបស់ក្រុមនិកាយស៊ុននីត ដែលតែងគិតថា ខ្លួនបានរងគ្រោះដោយសារតែរដ្ឋាភិបាលស្ហីអ៊ីត នៅអ៊ីរ៉ាក់។
ក្រុមជីហាតមានទិសដៅបង្កើតរដ្ឋអ៊ីស្លាម ទៅលើប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ប៉ុន្តែ ដោយសារតែក្រុមរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ មានចូលរួមកាន់តែច្រើនពីក្រុមនិកាយស៊ុននីត ដែល ជាសត្រូវរបស់រដ្ឋាភិបាល និកាយស្ហីអ៊ីត ក្រុមជីហាតក៏បានពង្រីកមហិច្ឆតារបស់ខ្លួន ដោយលើកនេះ ពួកគេចង់ប្រយុទ្ធប្រឆាំងនឹងក្រុមស្ហីអ៊ីត និងអ៊ីរ៉ង់តែម្តង។ ប្រយុទ្ធប្រឆាំងនឹងនិកាយស្ហីអ៊ីត នេះជាបំណងសងសឹករបស់ក្រុមនិកាយស៊ុននីត ដែលតែងគិតថា ខ្លួនបានរងគ្រោះដោយសារតែរដ្ឋាភិបាលស្ហីអ៊ីត នៅអ៊ីរ៉ាក់។
មួយវិញទៀត យុទ្ធសាស្រ្តវាយដណ្តើមយកទីតាំងប្រេង នៅក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមជីហាតនៅអ៊ីរ៉ាក់ ចង់ប្រកួតប្រជែង ជាមួយអ៊ីរ៉ង់ដែលជាប្រទេសរកស៊ីមានបានដោយសារប្រេង។ ក្រុមជីហាតនៅអ៊ីរ៉ាក់ មិនបានទទួលការគាំទ្រពីប្រទេសអារ៉ាប់ផ្សេងទៀត ដូចក្រុមប្រឆាំងស៊ីរីទេ។ ដូច្នេះ ដើម្បីរស់បាន និងអាចពង្រីកវិសាលភាពរបស់ខ្លួន ក្រុមអ៊ីស្លាមជ្រុលនិយមចាំបាច់ ត្រូវការប្រេង ដើម្បីបំពាក់អាវុធដល់ក្រុមប្រយុទ្ធរបស់ខ្លួន
ក្រុមជីហាតរបស់ក្រុមអ៊ីស្លាមអ៊ីរ៉ាក់ និងឡឺវ៉ង់ នៅមិនទាន់អាចសម្រុកចូល រដ្ឋធានី បានដោយសារតែទ័ពរដ្ឋាភិបាលបានប្រើយន្តហោះ បាញ់ទប់កុំឲ្យសម្រុកចូលទីក្រុង។ ម្យ៉ាងទៀត លោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានប្រកាសអំពាវនាវឲ្យក្រុមកុលសម្ព័ន្ធ មកពីគ្រប់និន្នាការសាសនាដើម្បី ចូលរួមប្រយុទ្ធជាមួយរដ្ឋាភិបាល ប្រឆាំងនឹងក្រុមជីហាត។
លោកនាយករដ្ឋមន្រ្តី នូរី អែលម៉ាលីគិ ធ្លាប់បានសុំទៅឲ្យអាមេរិកឲ្យមានអន្តរាគមន៍ទ័ព ជាពិសេសយន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារទៅលើក្រុមជីហាត ប៉ុន្តែ សំណើនេះ ត្រូវបានវ៉ាស៊ីនតោន បដិសេធ។ លោកអូបាម៉ាបានបញ្ជាក់ទៅលោកនាយករដ្ឋមន្រ្តី អ៊ីរ៉ាក់ហើយថា បន្ទាប់ពីដកទ័ពអស់ពីទឹកដីអ៊ីរ៉ាក់ នៅឆ្នាំ ២០១២ អាមេរិកនឹងបញ្ជូនទ័ពទៅអ៊ីរ៉ាក់ជាថ្មីវិញជាដាច់ខាត។ ប៉ុន្តែ យ៉ាងណាក៏ដោយ វ៉ាស៊ីនតោនបានបង្ហើបពីលទ្ធភាពធ្វើអន្តរាគមទ័ពអាកាស ដើម្បីវាយប្រហារទៅលើក្រុមប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម។
ចំណែកអ៊ីរ៉ង់ ដែលថ្នាក់ដឹកនាំមកពីនិកាយស្ហីអ៊ីត បានបញ្ជាក់ថា អ៊ីរ៉ង់នឹងជួយបំពាក់អាវុធ និងជួយកងទ័ពអ៊ីរ៉ាក់ ដើម្បីទប់ទល់នឹងក្រុមជីហាតអ៊ីរ៉ាក់។ គ្រប់គ្នាត្រូវប្រយុទ្ធទប់ទល់កុំឲ្យក្រុមជីហាតពង្រីកដែនអំណាចកាន់តែខ្លាំង និងដណ្តើមកាន់កាប់ទីតាំងប្រេងនៅអ៊ីរ៉ាក់។ កាលណាក្រុមជីហាតដណ្តើមកាន់កាប់អ៊ីរ៉ាក់បាន នោះស្ថិរភាពនៅតំបន់ដើមបូព៌ាដែលកំពុងរង្គោះរង្គើស្រាប់ ដោយសារវិបត្តិនៅស៊ីរី នឹងរឹតតែធ្លាក់ចុះអាក្រក់។ ប្រទេសនៅតំបន់ដើមបូព៌ា នឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង បើសិនក្រុមជីហាតអាចពង្រីកដែនឥទ្ធិពលរបស់ខ្លួន។
ក្រុម isis នេះ មានយុវជនបរទេសមកពី ៥០ប្រទេស ដែលនៅក្នុងនោះគេប៉ាន់ប្រមាណថា មានជនជាតិអង់គ្លេសជាងមួយពាន់នាក់ ជនជាតិអាមេរិកាំងមួយរយនាក់ និងយុវជនជាតិសាសន៍ដទៃទៀត ដែលបានធ្វើដំណើរទៅប្រទេសស៊ីរីដើម្បីចូលរួមប្រយុទ្ធជាមួយក្រុមជីហាត។
សម្រាប់ក្រុមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសលោកខាងលិច វាមិនមែនជារឿងថ្មីទេ ដែលគេដឹងថា មានជនបរទេសជាច្រើនពាន់នាក់បានចូលទៅរួមប្រយុទ្ធសម្រាប់ក្រុមជីហាតនៅអ៊ីរ៉ាក់ និងនៅស៊ីរី។ ប៉ុន្តែ អ្វីដែលថ្មី គួរឲ្យភ្ញាក់ផ្អើលគឺយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ក្រុមជីហាតអ៊ីរ៉ាក់ ដែលចង់បង្ហាញថា មានមនុស្សមកពីប្រទេសលោកខាងលិច ជាពិសេស គឺអង់គ្លេស និងអាមេរិក បានចូលរួមនៅក្នុងសកម្មភាពប្រយុទ្ធរបស់ខ្លួន។ ក្រុមជីហាតសំដៅប្រទេសទាំងពីរ មកពីអាមេរិក និងអង់គ្លេសតែងសហការគ្នាជាដរាបនៅក្នុងសង្រ្គាមនៅដើមបូព៌ា ដោយរាប់តាំងពីសង្រ្គាមនៅ អ៊ីរ៉ាក់។
អ្វីដែលគេបារម្ភខ្លាំង គឺក្រុមយុវជនបរទេសទាំងនោះ ដែលកំពុងជឿស៊ុបក្នុងមនោគមវិជ្ជារបស់ក្រុមជីហាត និងអាចនាំយកអំពើហិង្សា ផែនការធ្វើភេរវកម្មពីប្រទេសស៊ីរី ឬអ៊ីរ៉ាក់ យកទៅបង្កនៅក្នុងទឹកដីកំណើតរបស់ខ្លួនវិញ។ អាមេរិក និងអង់គ្លេសជាអ្នកទាញសញ្ញាអាសន្នមុនគេពីរឿងនេះ។
បើសិនក្រុមជីហាតនៅតែបន្តអូសទាញក្រុមយុវជនបរទេសឲ្យទៅចូលរួមនៅក្នុងអំពើហិង្សាសម្លាប់មនុស្ស ហើយយុវជនបរទេសទាំងនោះអាចក្លាយជាគ្រោះថ្នាក់គំរាមកំហែងដល់សន្តិសុខជាតិ ហេតុអ្វីបានជាអាមេរិក ដែលជាមហាអំណាចពិភពលោកផ្នែកយោធា មិនព្រមវាយប្រហារទៅលើក្រុមជីហាត ដែលមានទាហានមិនដល់ពីរម៉ឺននាក់ផងនោះ?
ដោយសារតែនយោបាយរារែក រដ្ឋាភិបាលលោកអូបាម៉ារងការរិះគន់ទាំងពីគណបក្សប្រឆាំង និងពីមនុស្សរបស់គណបក្សលោកផ្ទាល់។ ថ្មីៗនេះ លោកស្រីហែលឡារី គ្លីនតុន អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ហាក់និយាយទម្លាក់កំហុសទៅលើលោកអូបាម៉ា។ តាមលោកស្រី ដោយសារតែលោកអូបាម៉ា មិនព្រមធ្វើអន្តរាគមន៍យោធានៅស៊ីរី ទើបក្រុមជីហាតឡើងដៃខ្លាំងនៅពេលនេះ។
លោកអូបាម៉ា ដែលបានសម្រេចដកទ័ពអាមេរិកពីសង្រ្គាមនៅអ៊ីរ៉ាក់ បានបង្ហាញជំហរយ៉ាងច្បាស់ថា លោកលែងចង់បញ្ជូនទ័ពទៅធ្វើសង្រ្គាមនៅបរទេស ជាពិសេសនៅស៊ីរី។ ជាជាងធ្វើអន្តរាគមន៍យោធានៅស៊ីរី រដ្ឋបាលលោកអូបាម៉ាបានសម្រេច គាំទ្រ ផ្តល់ថវិកាដល់ក្រុមប្រឆាំង ស៊ីរី ឬប្រទេសជិតខាងស៊ីរី និងអ៊ីរ៉ាក់ ដើម្បីចូលរួមប្រយុទ្ធតទល់នឹងទាហានរដ្ឋាភិបាលស៊ីរីផង និងដើម្បីប្រយុទ្ធទប់ទល់នឹងក្រុមជីហាតអ៊ីរ៉ាក់រដ្ឋអ៊ីស្លាមផង។
បើមើលទៅលើដើមចមនៃបញ្ហា ក្រុមជីហាតអ៊ីរ៉ាក់ រដ្ឋអ៊ីស្លាមដែលឡើងដៃខ្លាំង សំបូរទាំងអ្នកគាំទ្រ និងសំបូរទាំងលុយ ដោយសារមកពីកត្តាពីរយ៉ាង។ ទីមួយគឺសង្រ្គាមស៊ីវិលនៅស៊ីរីដែលបានសម្លាប់មនុស្សច្រើនសែននាក់ បានទាក់ទាញយុវជនច្រើនមិនថា នៅប្រទេសលោកខាងលិច ឬនៅក្នុងតំបន់ឲ្យចូលរួមប្រយុទ្ធក្នុងចលនាជីហាត ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោកបាស្ហា អាល់អាសាដ។ ដោយលឺការឃោសនាទាក់ទាញ របស់ក្រុមជីហាតដែលថា ស្លាប់ក្នុងនាមជាវីរបុរស យុវជនបរទេសជាច្រើន ដែលមួយចំនួនធ្លាប់ជាប់គុក ឬរស់នៅក្នុងគ្រួសារក្រីក្រ ចាប់ផ្តើមលង់ជឿតាមក្រុមអ៊ីស្លាមជ្រុលនិយម ដែលជាបណ្តាញរើសបញ្ចូលមនុស្សរបស់ក្រុមជីហាត។ ត្រង់ចំណុចនេះ គេអាចនិយាយបានថា គេអាចបន្ថយឥទ្ធិពលរបស់ក្រុមជីហាត បើសិនគេអាចបញ្ចប់សង្រ្គាមស៊ីវិលនៅស៊ីរី។ ដូច្នេះ សម្រាប់លោកអូបាម៉ា ការលុបបំបាត់ក្រុមជីហាត ឬធ្វើឲ្យក្រុមជីហាតចុះខ្សោយបាន បើសិនរបបលោកបាស្ហា អាល់អាសាដដួលរលំ។
មួយវិញទៀត ក្រុមជីហាតអ៊ីរ៉ាក់រដ្ឋអ៊ីស្លាមអាចលេចរូបរាងឡើង និងប្រមូលបានអ្នកគាំទ្រច្រើន ដោយសារតែប្រទេសធំៗ និងប្រទេសអ្នកមានមួយចំនួនដែលកំពុងឈ្លោះដណ្តើម ប្រជែងអំណាច ឥទ្ធិពលគ្នានៅក្នុងតំបន់ ដូចជាអ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីតជាដើម។ ប្រទេសកាតាដែលប្រទេសតូចមួយ ប៉ុន្តែ សំបូរលុយដោយសារប្រេង ធ្លាប់ផ្គត់ផ្គង់លុយដល់ក្រុមជីហាតអ៊ីរ៉ាក់ ដើម្បីធ្វើសង្រ្គាមនៅស៊ីរី។ អាចនិយាយក្នុងន័យម្យ៉ាង គឺក្រុមប្រទេសដែលសំបូរដោយនិកាយស៊ុននីត កំពុងប្រឈមតទល់នឹងក្រុមប្រទេសដែលកាន់និកាយស្ហីអ៊ីត។
កាលពីថ្ងៃទី ១៧ មិថុនា ២០១៤ រដ្ឋាភិបាលអ៊ីរ៉ាក់បានចោទអារ៉ាប៊ី សាអ៊ូឌីតថា ជាអ្នកផ្តល់លុយដល់ក្រុមជីហាតនៅអ៊ីរ៉ាក។ អារ៉ាប៊ី សាអ៊ូឌីត គាំទ្រផ្នែកហិរញ្ញវត្ថុ និងស្មារតីដល់ក្រុមជីហាត មកពីរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡឺវ៉ង់ ដែលកំពុងវាយចូលកាន់កាប់ទីក្រុងជាច្រើនរបស់ប្រទេសអ៊ីរ៉ាក់។
រដ្ឋាភិបាលទីក្រុងបាកដាតមិនខ្វះសំដី និងអំណះអំណាងដើម្បីចោទប្រកាន់អារ៉ាប៊ី សាអ៊ូឌីត។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយខុទ្ធការល័យរបស់នាយករដ្ឋមន្រ្តី បានចោទ រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីតចំៗថា បានចូលដៃ ចូលជើងជាមួយ ក្រុមភេរវករដែលកំពុងវាយប្រហារ ចូលដណ្តើមកាន់កាប់ទីក្រុងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។
តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសជិតខាងរបស់អ៊ីរ៉ាក់ ជាអ្នកទទួលខុសត្រូវ ផ្តល់លុយកាក់ និងលើកទឹកចិត្តផ្នែកស្មារតី ដល់ក្រុមជីហាត។ កាលពីខែមីនា ឆ្នាំ២០១៤ កន្លងទៅ លោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ នូរី អាល់ម៉ាលិគិធ្លាប់បានចោទអារ៉ាប៊ី សាអ៊ូឌីត និងកាតារម្តងហើយ ពីបទជួយគាំទ្រក្រុមភេរវជននៅក្នុងទឹកដីអ៊ីរ៉ាក់។
ដូច្នេះ បើសិនអ៊ីរ៉ង់កាត់បន្ថយការគាំទ្រចលនាស្ហីអ៊ីតក្នុងប្រទេសអ៊ីរ៉ាក់ ឬអារ៉ាប៊ីសាអ៊ូឌីត និងកាតា ជាដើម ឈប់គាំទ្រក្រុមនិកាយស៊ុននីតដែលបច្ចុប្បន្នកំពុងចូលរួមជាមួយក្រុមជីហាត នោះចលនាជីហាតអ៊ីរ៉ាក់ រដ្ឋអ៊ីស្លាមនឹងថយចុះឥទ្ធិពលដោយឯកឯង ដោយមិនចាំបាច់អាមេរិក ឬសម្ពន័្ធមិត្ត ឬរុស្សីុត្រូវប្រើកម្លាំងយោធាវាយប្រហារទៅលើក្រុមនេះទេ។
ប្រភពៈ RFI