ក្រុមប្រដាប់អាវុធជ្រុលនិយមម៉ាឡេស៊ីដែលកំពុងលាក់ខ្លួននៅភាគខាងត្បូងហ្វីលីពីនបានប្រកាសពីគម្រោងបង្កើតសាខារបស់ក្រុមរដ្ឋឥស្លាមថ្មីនៅអាស៊ីអាគ្នេយ៍ ដោយប្រមូលរាល់ក្រុមប្រដាប់អាវុធនិងក្រុមភេរវជនទាំងអស់ទូទាំងតំបន់។ បើក្រុមនេះសម្រេចជោគជ័យ សន្តិសុខអាស៊ានទាំងមូលនឹងប្រឈមគ្រោះថ្នាក់ធំ។
ក្រុមភេរជនរដ្ឋម៉ាឡេស៊ី ដែលស្ថិតក្រោមការដឹកនាំរបស់ អតីតគ្រូសកលវិទ្យាល័យ ម៉ាឡាយ៉ា Mahmud Ahmad ដែលកំពុងលាក់ខ្លួននៅភាគខាងត្បូងប្រទេសហ្វីលីពីនបានប្រកាសបង្កើតសាខាថ្មីរបស់ក្រុមភេរវជនរដ្ឋឥស្លាមជាផ្លូវការនៅអាស៊ីអាគ្នេយ៍។ គោលបំណងសំខាន់របស់ភេរវជនខាងលើគឺប្រមូលផ្តុំបណ្តាភេរវជន និងក្រុមសកម្មប្រយុទ្ធក្នុងតំបន់ពីហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬអាចក្រុមឧទ្ទាមភាគខាងត្បូងប្រទេសថៃផងនោះ ក្នុងនោះមានទាំងក្រុមភេរវជន Jemaah Islamiah និងក្រុម Abu Sayyaf ។ ចំណែក ក្រុមធំៗផ្សេងទៀតមានក្រុម Tanzim Al-Qaeda និង Kumpulan Mujahidin នៅម៉ាឡេស៊ី និងក្រុម Darul Islam នៅកោះSabah។
បើយោងតាមសារព័ត៌មានម៉ាឡេស៊ី The Strait Time ជនខាងលើស្ថិតក្រោមការតាមប្រមាញ់របស់អាជ្ញាធរតំបន់ ប៉ុន្តែបច្ចុប្បន្នមេដឹកនាំក្រុមភេរវជននេះអាចលទ្ធភាពខ្ពស់ក្នុងការប្រមែរប្រមូលអ្នកគាំទ្រឲ្យចូលរួមចលនារបស់ខ្លួនផងដែរ។ នេះក៏ដោយសារ គេអាចប្រើប្រាស់តួនាទីរបស់ខ្លួនជាគ្រូបង្រៀនដើម្បីផ្សព្វផ្សាយមនោគមន៍វិជ្ជាជ្រុលនិយមនិងអូសទាញសិស្សនិស្សិតរបស់ខ្លួន ។
យ៉ាងណាក៏ដោយ ដើម្បីបង្កើតសាខាថ្មី មេក្រុមនេះត្រូវចេញទៅស្បថចំពោះមុខមេដឹកនាំកំពូលក្រុមភេរវជនជ្រុលនិយមរដ្ឋឥស្លាម Abu Bakr al-Baghdadi ដើម្បីបង្ហាញសា្វមីភក្តិនៅស៊ីរីសិន។ ដូច្នេះមានន័យថា គោលដៅធំរបស់មេដឹកនាំក្រុមជ្រុលនិយមម៉ាឡេស៊ីនេះគឺចាកចេញទៅស៊ីរីនៅពេលខាងមុខ។
មេប៉ូលិសប្រឆាំងភេរវកម្មម៉ាឡេស៊ីបានព្រមានជាស្រេចថា បើសិនជាមេដឹកនាំ ក្រុមនេះអាចទទួលជោគជ័យដោយស្បថស្បែរបង្កើតសាខាថ្មីនៅអាស៊ីអាគ្នេយ៍ ដោយប្រមូលផ្តុំគ្នារាល់បណ្តាក្រុមភេរវជនក្នុងតំបន់មែននោះ តំបន់អាស៊ីអាគ្នេយ៍នឹងរងគ្រោះថ្នាក់ធំជាក់ជាមិនខាងឡើយ។
កន្លងមកប្រជាជនម៉ាឡេស៊ី រួមទាំងបណ្តាក្រុមប្រដាប់អាវុធមួយចំនួនផងនោះបានព្យាយាមរត់ចេញទៅច្បាំងក្នុងសង្គ្រាមសាសនានៅស៊ីរី និងអ៊ីរ៉ាក់ផងដែរ។ អាជ្ញាធរម៉ាឡេស៊ីបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបានបន្តចាប់ជនសង្ស័យដែលព្យាយាមចាកចេញពីប្រទេសដើម្បីទៅមជ្ឈិមបូព៌ា។
យ៉ាងណាក៏ដោយ អ្នកជំនាញខាងសន្តិសុខហ្វីលីពីនលោក Jose Antonio Custodio បានបញ្ជាក់ថាក្រុមនេះពិបាករកការគាំទ្រពីបណ្តាក្រុមជ្រុលនិយមក្នុងតំបន់ដើម្បីបង្កើតសាខាក្រុមភេរវជនថ្មីនៅលើទឹកដីអាស៊ីអាគ្នេយ៍នេះ។ លោក បន្ថែមថា ក្រុមនេះចង់បានលុយច្រើនជាង ហើយភាគច្រើនក្រុមនេះធ្វើជាទាហានស៊ីឈ្នួល។ ដោយសារតំបន់អាស៊ីអាគ្នេយ៍មិនសូវមានជម្លោះឬសង្គ្រាមស៊ីវិលដែលអាចឲ្យក្រុមនេះបង្កើនឥទ្ធិពលរបស់ខ្លួនស្រួលដូចមជ្ឈិមបូព៌ាឡើយ។ ប៉ុន្តែលោកក៏បានផ្តល់យោបល់ថា ក្រៅមានការរឹតបន្តឹងសន្តិសុខ គេក៏គួររកឬសគល់នៃការកើតឡើងចលនាជ្រុលនិយមនេះជាពិសេសបញ្ហាអយុត្តិធម៌សង្គម បញ្ហាវិសមភាពសង្គម ការរឹតត្បិតនិងកៀបសង្កត់សិទ្ធិនយោបាយជាដើមផង៕
Sunday, November 15, 2015
Filled Under: Breaking News, Social Politic, Social Politics
ក្រុមជ្រុលនិយមម៉ាឡេស៊ីប្រកាសបើកសាខាក្រុមភេរវជនរដ្ឋឥស្លាមនៅអាស៊ីអាគ្នេយ៍
Socialize It →
|
|
|