បេក្ខជនកម្មវិធីខេមបូឌានអាយដល ម៉ៅ ហាជី បានសម្រេចចិត្តចូលផលិតកម្មថោន ដោយចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ។ ដំណឹងដែលចេញផ្សាយនេះធ្វើឱ្យផលិតកម្មហង្សមាសមិនសប្បាយចិត្ត ហើយថែមទាំងរកមេធាវីប្តឹងម៉ៅ ហាជី ទៀតផង ។
យោងតាមគេហទំព័រទូរទស្សន៍ហង្សមាសថា លោកម៉ៅ ហាជី ត្រូវផលិតកម្មហង្សមាសដាក់ឱ្យប្រឈមនឹងផ្លូវច្បាប់ចំពោះការចូលផលិតកម្មថោន ដោយលើកហេតុផលថាបំពានកិច្ចសន្យា។ គ្រាន់តែដំណឹង ម៉ៅ ហាជី ចូលផលិតកម្មថោន ធ្លាយចេញជាសាធារណៈភ្លាម ក្រុមហ៊ុនហង្សមាសបានរកមេធាវីរបស់ផលិតកម្ម ហើយពិចារណាចាត់ការតាមផ្លូវច្បាប់ ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា បេក្ខជន១២នាក់ចុងក្រោយនៃកម្មវិធីខេមបូឌានអាយដលវគ្គ១សុទ្ធតែបានចុះកិច្ចសន្យាជាមួយហង្សមាសរយៈពេល១ឆ្នាំ ដើម្បីរួមចំណែកធ្វើការនៅហង្សមាសដោយមិនមានការកៀបសង្កាត់លើបេក្ខជនណាទេ ។
ព័ត៌មាន ម៉ៅ ហាជី ចូលជាសមាជិកផលិតកម្មថោន ក្លាយជាការណ៍ពិតបន្ទាប់ពីតារាចម្រៀងផលិតកម្មនេះ លោកសុគន្ធ ថេរាយុ សរសេរបង្ហោះនៅលើអ៊ីនស្តេក្រាមរបស់លោកថា «ពេលនេះម៉ៅ ហាជី ក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្មថោនរយៈពេល៥ឆ្នាំសូមស្វាគមន៍សមាជិកថ្មី» ។
ទោះជាយ៉ាងណាក្តី មិនទាន់មានចម្លើយពិតណាមួយពីលោកម៉ៅ ហាជី ទេ ។ យោងតាមលោកមាស សុខរតនៈ ជាអ្នកគ្រប់គ្រងប្រចាំផលិតកម្មថោន បានទទួលស្គាល់ថា ម៉ៅ ហាជី ពិតជាចុះកិច្ចសន្យាជាមួយផលិតកម្មថោនមែន។ នៅឆ្នាំក្រោយផលិតកម្មនឹងត្រៀមចេញបទចម្រៀងឱ្យម៉ៅ ហាជី ច្រៀង ។ ការចូលផលិតកម្មថោនរបស់ម៉ៅ ហាជី មិនមានបញ្ហាអ្វីជាមួយហង្សមាសទេ ព្រោះបើ ម៉ៅ ហាជី មានពាក់ព័ន្ធក៏មិនទទួលដែរ ។ លោករតនៈ ពេញចិត្តទេពកោសល្យហាជីយូរមកហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ ការចូលទៅបំពេញតួនាទីជាតារាចម្រៀងរបស់ផលិតកម្មថោននេះ ម៉ៅ ហាជី ហាក់នៅតែមានបញ្ហាជាមួយហង្សមាស បើទោះជាមានការអះអាងពីលោកមាស សុខរតនៈ ថាមិនមានបញ្ហាអ្វីក៏ដោយ ហាជីអាចនៅតែជាប់ស្រមោលបញ្ហាជាមួយហង្សមាស ។ មានតារា ថ្មីៗជាច្រើនស្រមៃចង់ចូលខ្លួនបម្រើការងារជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដោយយល់ថា ផលិតកម្មមួយនេះល្បីល្បាញ និងមានទុនច្រើន។ សម្រាប់ម៉ៅ ហាជី សម្រេចចិត្តទៅផលិតកម្មថោន ហើយលោកពិតជាមានហេតុផលត្រឹមត្រូវដើម្បីបកស្រាយជាមួយផលិតកម្មហង្សមាស ៕