Monday, November 23, 2015

Filled Under: , ,

Express Way របស់កម្ពុជា គម្រោងនឹងចំណាយប្រមាណ ៥៤០លានដុល្លារ


កម្ពុជានឹងសាងសងផ្លូវ Express Way ដែលជាគម្រោងផ្លូវល្បឿនលឿនដំបូង នៅកម្ពុជា មាន​​ចម្ងាយ​ផ្លូវ​ប្រមាណ​ ២៧៥​គីឡូម៉ែត្រ ​ទទឹង​ជាង​ ២០​ម៉ែត្រ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ឆ្លងកាត់តាមខេត្តកំពត ដែលនឹងសាងសង់ដោយក្រុមហ៊ុន Global Cam Project Development PLC. របស់​កម្ពុជា និង​ក្រុមហ៊ុន Green Eco Enegry co.,ltd របស់​ប្រទេសកូរ៉េ​​ គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ ៥៤០​លាន​ដុល្លារ​អាមេរិក  ដោយគម្រោងនេះត្រូវបានចុះ MOU កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅសណ្ឋាគារសុខាភ្នំពេញ។

គម្រោង​សាងសង់​​ផ្លូវ​ល្បឿន​លឿន​នេះ មិន​ទាន់​​អាច​ដឹង​​ពី​កាល​បរិច្ឆេទ​​ចាប់​ផ្ដើម ​​នៅ​​ពេល​ណា​នោះ​ទេ ដោយ​​ក្រុម​ហ៊ុន​ទាំង​ពីរ​កំពុង​សិក្សា​លម្អិត ​ទាំង​ផ្នែក​បច្ចេកទេស ​និង​​ផ្នែក​សង្គម គឺ​មើល​ទៅ​លើ​ការ​​ប៉ះពាល់​រយៈពេល​ ៦​ខែ បន្ទាប់មក​​ទើប​អាចកំណត់​ប្លង់​បច្ចេកទេស​លម្អិត ព្រម​ទាំង​ផែនការ​មេ សកម្មភាព​ជាក់ស្ដែង រួមទាំង​តម្លៃច្បាស់លាស់​ ហើយ​ការ​សាងសង់​នេះ អាច​ប្រើ​ពេល​យ៉ាង​តិច​ ៣​ឆ្នាំ​។
ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ពីភ្នំពេញ ទៅកំពង់សោម មានចរាចរទៅមករាល់ថ្ងៃ ពេលខ្លះក៏មានកកស្ទះព្រោះតែឡានដឹកទំនិញធំៗផងដែរ ដូច្នេះការបង្កើតផ្លូវ Express Wayនេះ វានឹងផ្ដល់នូវគុណប្រយោជន៍ និងផលចំណេញសម្រាប់កម្ពុជារួមមាន៖
ចំណេញពេលវេលា
លោកអ្នកអាចធ្វើដំណើរតាម Express Way នេះដោយមិនចាំបាច់ព្រួយការកកស្ទះដោយឡានធំៗ និងថែមទាំងចំណេញវេលា ព្រោះថាការធ្វើដំណើរតាមផ្លូវនេះ លោកអ្នកអាចបើកបរដោយល្បឿនលឿន និងមានតែផ្លូវឯកទិសប៉ុណ្ណោះ។
កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
នៅពេលដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ រថយន្តតូច ធំទាំងអស់បើកបរក្នុងល្បឿនលឿន និងវារប្រជែងគ្នា ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរ ហើយការសាងសង់ផ្លូវនេះ នឹងជួយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរបានច្រើនផងដែរ។
កំពង់សោម ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់
កំពង់សោម ជាទីក្រុងសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់កម្ពុជា ព្រោះថាតំបន់សេដ្ឋកិច្ចមួយនេះ បានផ្ដល់នូវការងារច្រើន ដល់ប្រជាជនក្នុងតំបន់ ជាតំបន់ទេសចរណ៍គ្មានផ្សែង និងជាពិសេស គឺជាកំពង់ផែមួយដ៏សំខាន់ថែមទៀត។ ទន្ទឹមនឹងនេះ ក្នុងមួយឆ្នាំៗ ក្រុងព្រះសីហនុបានស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់មកកម្ពុជា៕