ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជា បានបន្ដដំណើរទៅកាន់ប្រទេសចិន កាលពីថ្ងៃពុធ ម្សិលមិញ ដើម្បីចូលរួមការប្រកួត 2015 Yunnan, Asean International Football Open Tournament បន្ទាប់ពីក្រុមតំណាងឲ្យកម្ពុជាមួយនេះ បានចាញ់ក្រុមជម្រើសជាតិជប៉ុន ២-០ ក្នុងការប្រកួតជម្រុះជុំទី ២ ពាន 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី នៅលើទឹកដីខ្លួនឯង កាលពីយប់ថ្ងៃអង្គារ កន្លងមកនេះ។
យ៉ាងណាក៏ដោយ បើតាមបញ្ជីឈ្មោះកីឡាករទាំង ២០ នាក់ ដែលត្រូវចេញទៅប្រកួត ដែលនឹងឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ក្នុងទីក្រុង Mang Shi City នាខេត្តយូណាន់ខាងមុខនេះ មិនមានវត្តមានកីឡាករសំខាន់មកពីក្លិបភ្នំពេញក្រោន បឹងកេតអង្គរ និងណាហ្គាវើល នោះឡើយ។
ប៉ុន្តែលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ពីម្សិលមិញថា សមាជិករបស់ក្លិបទាំង ៣ នេះ ជាប់រវល់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ប្រចាំឆ្នាំ ២០១៥ ខាងមុខនេះ។
សម្រាប់កីឡាករទាំង ២០ នាក់ ដែលបានធ្វើដំណើរទៅចិនលើកនេះរួមមាន ឈិន ឈឿន, ច្រឹង ពលរដ្ឋ, ហួយ ផល្លីន, កែ វណ្ណៈ, ខែក ខេមរិន្ទ, ផាន់នី អ៊ីរដ្ឋា, នេន សុធារ័ត្ន, នួន បុរី, ណុប តុលា, ប្រាក់ មុន្នីឧត្តម, ពុំ ដារាំង, រឿម ចាន់រឿន, សំអឿន ពិដោរ, សាន់ ធីដេត, សឿយ វិសាល, ស៊ុន វ៉ាន់ដេត, ទិត្យ ឌីណា, ទូច រ៉ូម៉ា, អ្នកចាំទី ប្រាក់ មុន្នីភារុណ និងអ៊ុំ សេរីរ័ត្ន ក្រោមការដឹកនាំរបស់លោក ឆាំង ពិសិដ្ឋ គ្រូបង្គោលជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon គ្រូជំនួយលោក អ៊ុង កនយ៉ានិត លោក អ៊ុំ សាវង្ស លោក ហោ សុខហេង គ្រូចាំទីលោក អ៊ិន សុខា អ្នកគ្រូពេទ្យ ហៃ សក្ខរី និង ស្រៀង ប៊ុណា។
ជុំវិញសមាសភាព ដែលមានកីឡាករវ័យក្មេងភាគច្រើននោះ លោក ឆាំង ពិសិដ្ឋ បាននិយាយថា៖«អ្នកដែលចេញទៅប្រកួតលើកនេះ បានហ្វឹកហាត់រួមគ្នា តាំងពីមុនយើងចេញទៅប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថាន នៅប្រទេសអ៊ីរ៉ង់ទៅទៀត ហើយក្មេងៗមកពីក្រុមក្រសួងការពារជាតិ និងស្វាយរៀង គឺយើងដាក់ពួកគេជំនួសបងៗដែលជាប់លេងក្របខ័ណ្ឌលីក ហេតុនេះលទ្ធភាពរបស់ពួកគេមិនដូចក្រុមធំសុទ្ធនោះទេ ប៉ុន្តែយើងនឹងព្យាយាមប្រកួតឲ្យអស់សមត្ថភាព ពីព្រោះការប្រកួតនេះជាឱកាសដ៏ល្អបំផុតសម្រាប់កីឡាកររបស់យើង ពិសេសកីឡាករក្មេងៗ ដើម្បីបានប្រកួតដកស្រងបច្ចេកទេស ក៏ដោយជាពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែមទៀត»។
សម្រាប់ការប្រកួត 2015 Yunnan, Asean International Football Open Tournament នៅចិននេះ គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងក្រុមតំណាងឲ្យប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន ជាមួយប្រទេសបង់ក្លាដេស ពិសេសចិនតែម្តង ហើយបើតាមលិខិតផ្លូវការរបស់ភាគីចិន ដែលជាម្ចាស់ផ្ទះ បានផ្ញើឲ្យសហព័ន្ធបាល់ទាត់កម្ពុជា គឺចិនបានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ ឡាវ វៀតណាម និងបង់ក្លាដេស ឲ្យចូលរួមប្រកួតជាមួយក្រុមបាល់ទាត់ខេត្តយូណាន់ ខណៈការចំណាយលើការស្នាក់នៅ ហូបចុក និងការធ្វើដំណើរក្នុងស្រុក ជាបន្ទុករបស់ចិន ចំណែកសំបុត្រយន្តហោះទៅមក ជាបន្ទុករបស់ក្រុមចូលរួមនីមួយៗ៕