Thursday, November 19, 2015

Filled Under: , , , ,

រដ្ឋាភិបាល​សម្រេច​ដក​យក​ឆ្នេរ​សាធារណៈ​ទាំង​អស់​ពី​ក្រុមហ៊ុន​ឯកជន​វិញ


រដ្ឋាភិបាល​កម្ពុជា សម្រេច​យក​ដី​ឆ្នេ​សាធារណៈ​មក​គ្រប់គ្រង ខណៈ​មាន​ជន​ឆ្លៀត​ឱកាស​យក​ដី​តំបន់​ឆ្នេរ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​កិច្ច​ប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន លើក​ឡើង​ថា បន្ទាប់​ពី​យក​ឆ្នេរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​មាត់​សមុទ្រ រដ្ឋ​នឹង​រៀបចំ​ឲ្យ​មាន​សោភណភាព​ដើម្បី​ទុក​ឲ្យ​ពលរដ្ឋ​ដើរ​លំហែ​កម្សាន្ត។
​ការ​សម្រេច​បែប​នេះ នៅ​ពេល​ដែល​តំបន់​ឆ្នេរ​បាន​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ទី​២ បន្ទាប់​ពី​ខេត្ត​សៀមរាប អង្គរ និង​ជា​តំបន់​សេដ្ឋកិច្ច​ទី​២ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ប៉ុន្តែ​តំបន់​ឆ្នេរ​ត្រូវ​រួម​តូច​ដោយ​ក្រុម​ឈ្មួញ​មួយ​ចំនួន។
មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ជាប់​មាត់​ឆ្នេរ ស្វាគមន៍​ចំណាត់ការ​នេះ និង​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ឲ្យ​បាន​ស្អាត​ល្អ បំពាក់​ភ្លើង​បំភ្លឺ។
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ថា ចំណាត់​ការ​បែប​នេះ គឺ​មិន​ឲ្យ​មាន​សំណង់​រឹងមាំ ឬ​ការ​គ្រប់គ្រង​តំបន់​ឆ្នេរ​សាធារណៈ​ទៀត​ទេ។ ជាង​នេះ​ទៅ​ទៀត រដ្ឋ​នឹង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ឲ្យ​មាន​សោភណភាព​ល្អ។ លោក​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ខាង​មុខ លោក​នឹង​កោះ​ហៅ​អភិបាល​ខេត្ត​ព្រះសីហនុ មក​ណែនាំ​បន្ថែម ខណៈ​ដែល​ខេត្ត​នេះ​រង​ការ​រំលោភ​បំពាន​ពី​ឈ្មួញ​ខ្លាំង៖ «»។
​បើ​តាម​ការ​បញ្ជាក់​របស់​លោក ថោង ខុន ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ រួម​មាន​ខេត្ត​កំពត កែប និង​ខេត្ត​ព្រះសីហនុ គឺ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ រង​ការ​រំលោភ​យក​ក្នុង​ទំហំ​ធំ​ជាង​គេ។ ចំណាត់ការ​បែប​នេះ សំដៅ​លើ​ការ​គ្រប់គ្រង​ឆ្នេរ​សមុទ្រ។
បញ្ជាក់​បន្ថែម​លើ​រឿង​នេះ ប្រធាន​ស្ដីទី​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហែម ខន ឲ្យ​ដឹង​ថា ឆ្នេរសមុទ្រ​កម្ពុជា ជាប់​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​ជាង​គេ​លើ​ភិភពលោក ដូច្នេះ រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​តំបន់​នេះ។ លោក​រំពឹង​ថា រដ្ឋាភិបាល​នឹង​អនុវត្ត​ការងារ​បាន​ល្អ៖ «»។
ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ រួម​មាន​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្រស់​ស្អាត​បំផុត​នៅ​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)។
ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ នៅ​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុវណ្ណចាន់ថន យល់​ថា នេះ​ជា​រឿង​ល្អ​ដែល​ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​មាន​សិទ្ធិ​ដើរ​លំហែ​គ្រប់​ឆ្នេរ​ទាំង​អស់។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត រៀប​ចំ​ឆ្នេរ​ទាំង​នោះ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​មាន​សុវត្ថិភាព៖ «»។
​មុន​មាន​ការ​សម្រេច​បែប​នេះ តំបន់​ឆ្នេរ​មួយ​ចំនួន​នៃ​ខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​​ដោយ​ឯកជន ពុំ​អនុញ្ញាត​ឲ្យ​សាធារណៈ​ទូទៅ​ចូល​លំហែ​បាន​ទេ ទុក​សម្រាប់​តែ​អតិថិជន​របស់​គេ​ប៉ុណ្ណោះ ហើយ​ឆ្នេរ​ខ្លះ​ទៀត ត្រូវ​គេ​ព័ទ្ធ​របង​ទុក​ចោល។ រដ្ឋ​កំណត់​ដី​ប្រហែ​វែង ៥០​ម៉ែត្រ​ពី​មាត់​ទឹក ជា​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ ដោយ​ឡែក​ឆ្នេរ​ដែល​មាន​ប្រវែង​លើស​ពី​ចំនួន​កំណត់ ក្រសួង​ទាមទារ​ឲ្យ​ម្ចាស់​ឆ្នេរ​ទាំង​នោះ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ទូទៅ​ចូល​ដើរ​លំហែ​បាន​ដូច​គ្នា៕