ឧទ្ទាម ISIS ដែលកំពុងលេចមុខមាត់ខ្លាំងលើឆាកអន្តរជាតិដោយសារភេរវកម្មចុងក្រោយរបស់គេនាទីក្រុងប៉ារីសនោះ ឥឡូវគេអាចនិយាយបានថា ក្រុមនេះកំពុងតែបង្ករឿងដាក់ខ្លួនឯងហើយ ព្រោះភេរវកម្មលើកនេះប្រៀបបានដូចជាការដាស់ខ្លាកំណាចធំៗជាច្រើនឲ្យងើបពីដេកដើម្បីមកប្រមាញ់សត្វអញ្ចឹង ជាក់ស្ដែងអាមេរិក អង់គ្លេស និងរុស្សីបានប្រកាសសហការថាគ្នានឹងកម្ចាត់ក្រុមនេះចោល ។
រូបភាពនៃស្នាមញញឹមរបស់មេដឹកនាំមហាអំណាចពិភពលោកទាំង៣នេះអាចជាក្ដីសង្ឃឹមមួយក្នុងការបញ្ចប់ជីវិតក្រុមអង្គការរដ្ឋឥស្លាម ISIS ព្រោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron និងប្រធានាធិបតីអាមេរិក លោក Barack Obama បានបញ្ចេញគំនិតវិជ្ជមានរួមគ្នាមួយ នោះគឺលោកទាំង២នឹងសហការជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin ក្នុងប្រតិបត្តិការបោសសម្អាតក្រុម ISIS ។
សូមរម្លឹកថា ក្រោយហេតុការណ៍នាទីក្រុងប៉ារីសបានកើតឡើង មេដឹកនាំប្រទេសធំៗជាច្រើនបានចេញមកថ្លែងសារចាត់ទុកវាជាការគំរាមកំហែងដ៏ធំមួយសម្រាប់ពិភពលោកទាំងមូល មិនមែនសម្រាប់តែប្រទេសបារាំងទេ ។
គួរបញ្ជាក់ថា ISIS ហាក់ដូចជាបានដាស់ខ្លាកំណាចទាំង៥ក្នុងលោកពីដំណេករលីវៗឲ្យមកប្រមាញ់ខ្លួនហើយ ដោយក្នុងនោះមានចិន អាមេរិក បារាំង អង់គ្លេស និងរុស្សី ព្រោះក្រោយភេរវកម្មនៅទីក្រុងប៉ារីសបានប៉ុន្មានថ្ងៃ ចិនក៏បានចេញមុខប្រកាសថានឹងកម្ទេចក្រុម ISIS ដែរ ។