យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា ក្បួនរថយន្ដដ៏គគ្រឹកគគ្រេងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS)ចំនួន១៦គ្រឿង បានរងការវាយប្រហារពីលើអាកាស ខណៈក្បួនរថយន្តពួកគេកំពុងធ្វើដំណើរនៅភាគខាងកើតខេត្តHama ជាគោលដៅប្រយុទ្ធមួយ ក្នុងចំណោមគោលដៅប្រយុទ្ធចំនួន៤របស់ក្រុមសម្ព័ន្ធមិត្តនិងរុស្ស៊ី។ បើតាមប្រភពព័ត៌មានដដែលគេមិនដឹងថា តើប្រតិបត្តិការវាយប្រហារតាមអាកាសលើក្បួនរថយន្តនេះ ជាសកម្មភាពរបស់រុស្ស៊ីឬជារបស់ស៊ីរី។ ប៉ុន្តែគេជឿថាការវាយប្រហារលើក្បួនរថយន្តខាងលើ ក៏មិនមែនជាសកម្មភាពរបស់ក្រុមចម្រុះដឹកនាំដោយអាមេរិកដែរ។
ការវាយឆ្មក់ដែលមិនដឹងថាជាសកម្មភាពរបស់សម្ព័ន្ធមួយណានៅឡើយនេះ បានបណ្តាលឲ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS)យ៉ាងហោចណាស់ចំនួន៤០នាក់បានស្លាប់។ បើតាមការបញ្ជាក់ពីអ្នកឃ្លាំមើលសិទ្ធិមនុស្ស សាកសពពួកគេបានឆេះរោលខ្មៅដូចធ្យូងនៅនឹងកន្លែង។
រុស្ស៊ីបានបើកការវាយប្រហារនៅក្នុងប្រទេសស៊ីរីកាលពីខែកញ្ញា ដោយបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលប្រឆាំងលោកប្រធានាធិបតីស៊ីរី Bashar al-Assad។ ដោយឡែកក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក បានបើកការវាយប្រហារប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS)ដែរ តែបានបដិសេធសហការជាមួយបេសកកម្មរបស់រុស្ស៊ី។ គួរជម្រាបថា ប្រតិបត្តិការវាយប្រហាររបស់រុស្ស៊ី មិនទទួលបានការគាំទ្រពីអាមេរិកទេ។ មូលហេតុដោយសារអាមេរិកចង់អោយលោក Bashar al-Assadចុះចេញពំតំណែងប្រធានាធិបតី ដោយឡែករុស្ស៊ីមានបំណងគាំទ្រលោកBashar al-Assad។ នេះបើតាមការអះអាងពីអាមេរិកនាពេលកន្លងមក។
សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីបានកើតឡើងរយៈពេល៤ឆ្នាំមកហើយ ដោយបានបណ្តាលឲ្យជនជាតិស៊ីរីជាង២៥០ ០០០នាក់បានស្លាប់ និង១លាននាក់រងរបួស ហើយប្រហែល១១លាននាក់ផ្លាស់ទីលំនៅ។ នៅក្នុងនោះ៤លាននាក់បានចំណាកស្រុកទៅរស់នៅក្រៅប្រទេស ហើយជនស៊ីវិលមួយចំនួនកំពុងសម្រុកធ្វើដំណើរទាំងគ្រោះថ្នាក់ទៅតំបន់អឺរ៉ុប។
ទោះបីសង្គ្រាមបានកើតឡើងរយៈពេល៤ឆ្នាំទៅហើយក្តី ប៉ុន្តែគ្មាននណាម្នាក់អះអាងបានទេថា វានឹងបញ្ចប់នៅពេលណា។ បច្ចុប្បន្នក្រុមHezbollah និងក្រុមគាំទ្ររដ្ឋាភិបាលកំពុងវាយប្រហារនៅលើដី ហើយក្រុមចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងរុស្ស៊ីកំពុងដឹកនាំការវាយប្រហារតាមអាកាស៕