Monday, January 11, 2016

Filled Under:

​សេវា 4G កំពុង​ប្រជែង​គ្នា

ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​កំពុង​ប្រកួត​ប្រជែង​គ្នា​ដើម្បី​បោះ​ជំហាន​ទៅ​រក​ប្រព័ន្ធ 4G ពេល​ដែល​ការ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​កំពុង​កើន​ឡើង។
ក្រុមហ៊ុន Smart ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​បាន​ប្រកាស​ថា​បណ្ដាញ 4G LTE របស់​ខ្លួន​នៅ​ពេល​នេះ​ត្រូវ​បាន​ពង្រីក​នៅ​ទូទាំង​ប្រទេស។
លោក Thomas Hundt អគ្គនាយក Smart ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា ​4G LTE តែ​មួយ​គត់​បាន​ថ្លែង​ថា​ការ​សម្រេច​ចិត្ត​ពង្រីក​បណ្ដាញ​អ៊ីនធឺណិត​របស់​ខ្លួន​ដោយ​សារ​កត្តា​ជំរុញ​ពី​អតិថិជន​ទោះបីជា​ខេត្ត​តូចៗ​ក៏​ចង់​បាន​អ៊ីនធឺណិត​មាន​ល្បឿន​លឿន​ផង​ដែរ។
លោក​បន្ត​ថា ខណៈ​ដែល​បច្ចុប្បន្ន​អតិថិជន Smart ជាង​១០​ម៉ឺន​នាក់​ក្នុង​ចំណោម ៧,៥ លាន​នាក់​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ 4G LTE ការ​វិនិយោគ​នឹង​មាន​ភាព​ចាំបាច់​នៅ​ក្នុង​ពេល​អនាគត។ សេវា​4G បន្ថែម​សំឡេង និង​សេវា​3G ផ្ដល់​អ៊ីនធឺណិត​ប្រេកង់​ធំ ចំណែក​ឯ​ប្រព័ន្ធ​4G LTE គឺជា​ស្ដង់ដារ​គ្មាន​ខ្សែ​សម្រាប់​ការ​ប្រើប្រាស់​ល្បឿន​លឿន។
លោក​លើក​ឡើង​ថា៖ «ពិត​ហើយ​ការ​វិនិយោគ​មាន​សារៈ​សំខាន់ ហើយ​នឹង​មិន​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ខែ​នោះ​ទេ។ ប៉ុន្តែ​ប្រព័ន្ធ 4G LTE គឺជា​បច្ចេក​វិទ្យា​នៅ​ពេល​អនាគត ហើយ​យើង​មើល​ឃើញ​តម្រូវ​ការ​របស់​អតិថិជន ដូច្នេះ​យើង​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​វិនិយោគ»។
លោក​ថ្លែងថា អតិថិជន​ជាច្រើន​ចង់​បាន​អ៊ីនធឺណិត​មាន​ល្បឿន​លឿន​លើ​ទូរស័ព្ទ​របស់​ពួក​គេ​និង​ថា​ការ​ធ្លាក់​ចុះ​តម្លៃ​អាច​ឲ្យ​ពួក​គេ​ប្រើប្រាស់​ប្រព័ន្ធ 4G បាន ខណៈ​ទូរស័ព្ទ​មាន​តម្លៃ​ទាប​នឹង​បង្កើន​ចំនួន​អ្នក​ប្រើប្រាស់។
លោក​បញ្ជាក់​ថា៖ «ខណៈ​តម្លៃ​សម្រាប់​ប្រព័ន្ធ ​4G LTE កាន់​តែ​ថោក ហើយ​បច្ចុប្បន្ន​ទូរស័ព្ទ​មាន​តម្លៃ​ទាប​ចាប់​ពី​១៦០​ដុល្លារ​ដល់​ ១៧០​ ដុល្លារ អតិថិជន​កាន់​តែ​ច្រើន​ឡើងៗ​នឹង​អាច​រីករាយ​នឹង​អ៊ីនធឺណិត​ទូរស័ព្ទ​ចល័ត​លឿន​បំផុត​របស់​កម្ពុជា»។
ខណៈ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​៣​នៅ​កម្ពុជា​មាន​ដូច​ជា ក្រុមហ៊ុន Smart ក្រុមហ៊ុន Metfone និង​ក្រុមហ៊ុន Cellcard មាន​សេវា ​2G និង​សេវា​ 3G ក្រុមហ៊ុន​ចូល​មក​ថ្មី និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​គឺ​ក្រុមហ៊ុន South East Asia Telecom (Seatel) បាន​សម្រេច​ចិត្ត​ផ្ដល់​សេវា​4G LTE ដោយ​ផ្ទាល់។ ក្រុមហ៊ុន​នេះ​មាន​វត្ត​មាន​នៅ​កម្ពុជា​អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ដែល​នឹង​ចាប់​ផ្ដើម​ដំណើរការ​សេវា​ក្នុង​រយៈពេល​ពីរ​បី​ខែ​ក្រោយ​នេះ។
លោក Wei Xiang ប្រធាន​ប្រតិបត្តិ​ផ្នែក​សាធារណៈ និង​ផែនការ​នៅ​ក្រុមហ៊ុន Seatel បាន​ថ្លែង​ថា៖ «យើង​នឹង​ដំណើរ​ការ​ប្រព័ន្ធ​ 4G ១០០​ ភាគរយ»។
លោក​បាន​បន្ថែម​ថា ប្រព័ន្ធ​ 4G ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្លាស់​ប្តូរ​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​សេវា​មាន​គុណភាព​ខ្ពស់​សម្រាប់​អ្នក​ចំណូល​ថ្មី​ដូចជា​ក្រុមហ៊ុន Seatel ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ស្រាប់។
លោក Anthony Galliano អគ្គនាយក Dynamo Digital ដែល​ជា​ក្រុមហ៊ុន​ទីផ្សារ​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ក្នុង​ស្រុក​បាន​ថ្លែង​ថា ការ​បន្ថែម​ប្រព័ន្ធ 4G មាន​សារៈសំខាន់​ក្នុង​ការ​ចាប់​យក​ការ​ប្រើប្រាស់​មាតិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្រិត​ខ្ពស់​របស់​កម្ពុជា​លើ​ទូរស័ព្ទ​ចល័ត។
លោក​ថ្លែង​ថា៖«ក្រុមហ៊ុន​ទូរគមនាគមន៍​ណា​ដែល​ចង់​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​នឹង​ចាំបាច់​ត្រូវ​ផ្ដល់​សេវា​ 4G និង​ត្រូវ​តែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ចាប់​ផ្ដើម​ដំណើរការ​ប្រព័ន្ធ​ 5G។ អតិថិជន​របស់​ពួក​គេ​ស្ថិត​នៅ​លើ​ការ​ផ្លាស់​ប្តូរ​និង​ទូរស័ព្ទ​ចល័ត»។
លោក​បាន​បន្ត​ថា៖ «នៅ​ពេល​នេះ​អតិថិជន​ជាច្រើន​មាន​ទូរស័ព្ទ​ចល័ត​ប្រើប្រាស់​នៅ​ក្នុង​ការ​រស់​នៅ​ដែល​រួម​មាន​ការងារ និង​ការ​កម្សាន្ត ហើយ​ទម្លាប់​លេង​អ៊ីនធឺណិត​របស់​ពួក​គេ​កំពុង​ទាមទារ​ល្បឿន​អ៊ីនធឺណិត​មាន​ល្បឿន​កាន់​តែ​លឿន​ដើម្បី​មើល​វីដេអូ និង​ចម្លង​រូបភាព»៕