ទីផ្សារការងារនៅកម្ពុជាបច្ចុប្បន្នកំពុងតែប្រកួតប្រជែងដែលយុវជនមួយចំនួនបានត្អូញត្អែរថា រកការងារមិនបានរីឯខ្លះទៀតថាមិនពិបាកទេប៉ុន្ដែមិនអាចរកមានរកបានដោយសារតែធ្វើការឲ្យគេនោះឡើយ។ ថ្វីដ្បិតតែយុវជនយើងមិនអាចក្លាយជាអ្នកមានទ្រព្យធនហូរហៀរតាមរយៈការបម្រើការងារឲ្យអ្នកដទៃ តើពួកគេធ្វើការដើម្បីឲ្យតែមានការងារ ឬក៏ដើម្បីយកតែប្រាក់ខែ? តើគំនិតបែបនេះ អាចជំរុញឲ្យពួកគេទទួលបានជោគជ័យដែរឬទេ?
យុវជនលីដែន ជាបុគ្គលិកបម្រើការងារផ្នែកលក់នៅក្រុមហ៊ុនមួយបានឲ្យដឹងថា ការងារសព្វថ្ងៃរបស់លោកមិនសមស្របនឹងជំនាញឡើយ ប៉ុន្ដែដោយសារតែកត្ដាជីវភាពលោកគ្រាន់តែធ្វើការយកប្រាក់ខែប៉ុណ្ណោះហើយនៅបន្ដរង់ចាំការងារជំនាញរបស់លោកមកដល់។
ស្រដៀងគ្នានេះដែរ កញ្ញា នង រ័ត្នថាមិនអាចតស៊ូក្រាញននៀលនៅក្នុងស្ថាប័នរដ្ឋតែមួយបានទេ ហើយដើម្បីផ្គត់ផ្គង់ជីវភាពនិងប្រាក់បៀវត្សរ៍ខ្ពស់កញ្ញាត្រូវខ្នះខ្នែងរកការងារនៅអង្គភាពឯកជន ឬការងារក្រៅម៉ោងដទៃទៀត។
បញ្ហាការងារដែលបុគ្គលិកមួយចំនួនមិនខ្វល់ខ្វាយចំពោះក្រុមហ៊ុននេះលោកគឹមហ៊ាតសេរីវុធជាវិនិយោគិនម្នាក់បានប្រាប់ឲ្យដឹងក្នុងកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតសហគ្រិននៃវិទ្យុស្រ្តីកម្ពុជាFM102MHzកាលពីថ្ងៃអាទិត្យទី១១ ខែវិច្ឆិកាកន្លងទៅនេះថាបច្ចុប្បន្នលោកមិនខ្វះការងារសម្រាប់បុគ្គលិកទេ។ប៉ុន្ដែវាចោទត្រង់ថាលោកពិបាកជ្រើសរើសបុគ្គលិកពីព្រោះលោកមើលឃើញថា បុគ្គលិកមួយចំនួនមកធ្វើការដើម្បីតែប្រាក់ខែប៉ុណ្ណោះពួកគេមិនគិតថា វាគឺជាឆ្នាំងបាយរបស់ខ្លួននិងពន្លឺសម្រាប់ពេលអនាគតឡើយ។
ជុំវិញចំណោទបញ្ហានេះអ្នកជំនាញផ្នែកអភិវឌ្ឍធនធានមនុស្សជាង១២ឆ្នាំនិងជាសហគ្រិនវ័យក្មេងដ៏ជោគជ័យម្នាក់នាពេលបច្ចុប្បន្នដែលជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាដើម្បីជោគជ័យលោកឃីមសុខហេងបានពន្យល់ថាតាមបទពិសោធនិងតាមរយៈការស្រាវជ្រាវរបស់លោកដើម្បីសម្រេចបាននូវជោគជ័យយើងត្រូវមានគោលដៅច្បាស់លាស់ហើយត្រូវតែខំប្រឹងធ្វើការងាររបស់ខ្លួនឯងដែលកំពុងតែមានឲ្យបានល្អបំផុត។
ចំពោះករណីលោកលីដែនវិញអ្នកជំនាញយើងយល់ឃើញថាវាជាករណីមួយដែលពិបាកនឹងសម្រេចបាននូវបំណងប្រាថ្នារបស់គាត់ណាស់ព្រោះគាត់ភ្លេចថាបច្ចុប្បន្នគាត់កំពុងតែលក់សេវារបស់ខ្លួនដើម្បីបណ្តុះជំនាញទំនុកចិត្តនិងទំនាក់ទំនងនៅពេលអនាគត។
លោកហេងសួគ៌ជាអគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានពន្យល់ថែមទៀតថាទីផ្សារកាងារមានច្រើនបែបច្រើនយ៉ាងណាស់ វាអាស្រ័យលើក្រុមយុវជនដែលយើងចង់សំដៅរក។សម្រាប់យុវជនដែលជ្រើសរើសឧត្តមសិក្សាមានលក្ខណចង្អៀតបន្តិចពីព្រោះតាមស្ថិតិបង្ហាញថាអត្រាអត់ការងារធ្វើក្នុងចំណោមអ្នកដែលបានរៀនចប់ឧត្តមសិក្សាក្នុងទីក្រុងខ្ពស់ជាងមធ្យមភាគនៃអ្នកអត់មានការងារធ្វើនៅទូទាំងប្រទេស។មូលហេតុទាស់ត្រង់តម្រូវការជំនាញទីផ្សារការងារក៏ដូចជាគម្រោងវិនិយោគថ្មីមិនមានតម្រូវការលើជំនាញដែលយុវជនកំពុងរៀនទេ។
លោកបានបញ្ជាក់ថា៖ «យុវជនខ្វះភាពជឿជាក់និងការបត់បែនតាមបរិយាកាសការងារឬមជ្ឈដ្ឋានដែលនៅជុំវិញខ្លួន។យុវជនត្រូវខិតខំស្រាវជ្រាវរៀនសូត្រពីជំនាញទន់ដូចជាការដោះស្រាយបញ្ហាការងារជាក្រុមការធ្វើបទបង្ហាញចំណេះដឹងទូទៅស្តីពីចរិតលក្ខណៈរបស់មនុស្សរបៀបរបបធ្វើការនិងវិន័យក្នុងកន្លែងធ្វើការជាដើម»។
លោកឃីមសុខហេងបន្តថាដើម្បីឲ្យងាយយល់លោកបែងចែកបុគ្គលិកជា៣ប្រភេទធំៗដាច់ពីគ្នាដែលប្រភេទទី១គឺជាបុគ្គលិកធ្វើការតែ៥០ភាគរយនៃប្រាក់ខែរបស់គាត់។គាត់ធ្វើការគ្រាន់តែធ្វើឲ្យតែបានហើយតែងតែរំពឹងថាចាំមេដំឡើងប្រាក់ខែឲ្យសិនទើបខិតខំតាមក្រោយ។ ចំពោះបុគ្គលិកប្រភេទទី២ ពួកគេធ្វើការងារស្មើនឹងប្រាក់ខែចំណែកឯបុគ្គលិកប្រភេទចុងក្រោយ ពួកគាត់ខិតខំធ្វើការងារដូចខ្លួនឯងជាសហគ្រិនអ៊ីចឹង។ ថ្វីដ្បិតតែពួកគាត់ទទួលបានប្រាក់ខែត្រឹមតែ១០០ដុល្លារក៏ដោយ ក៏ពួកគាត់ខំធ្វើការស្មើអ្នកមានប្រាក់ខែ ២០០ ឬ៣០០ដុល្លារដែរ។ ពួកគេបំពេញការងារមិនរង់ចាំតែពេលឈប់សម្រាកនោះទេ។ បុគ្គលិកប្រភេទនេះ ប្រាកដជាទទួលបានជោគជ័យសម្រាប់អាជីពការងារនាពេលអនាគត។
យ៉ាងណាមិញ អ្នកស្រីប៉ែនបុប្ផាជាអ្នកគ្រប់គ្រងវគ្គបណ្តុះបណ្តាលOPERACYនៃអង្គការhedcអន្តរជាតិជាអង្គការបណ្តុះធនធានមនុស្សបានឲ្យដឹងថាសម្រាប់អ្នកស្រីផ្ទាល់អ្នកស្រីធ្វើការងារផ្ដោតទៅលើគោលដៅអនាគតជាជាងប្រាក់ខែបច្ចុប្បន្ន ដោយសារតែបទពិសោធនិងទំនាក់ទំនងល្អក្នុងសង្គមដែលអាចនាំអ្នកស្រីកាន់តែទទួលបានជោគជ័យ។
បទពិសោធការងារពីប្រាក់ខែពី៥០ដុល្លាររហូតដល់៥០០០ដុល្លារក្នុង១ខែលោកឃីមសុខហេងបានបញ្ជាក់ទៀតថា ការពិតទៅដើម្បីជោគជ័យយុវជនគួរមានគំនិតជាបុគ្គលិកប្រភេទទី៣ខាងលើ។ បើទោះជាបច្ចុប្បន្នលោកមិនទាន់មានដើមទុនដើម្បីប្រកបជំនួញខ្លួនឯងក៏ដោយប៉ុន្តែធ្វើការងារល្អយកចិត្តទុកដាក់ទំនាក់ទំនងក្នុងសង្គមគឺជាដើមទុនរស់មួយសម្រាប់យុវជនប្រកបអាជីវកម្មទៅថ្ងៃមុខ។
ដូចមានពាក្យមួយថាគុណភាពនៃការគិតរបស់យើងនឹងបង្ហាញពីគុណភាពនៃជីវិតរបស់យើង៕