អ្នកថតរូបនៅជុំវិញពិភពលោកបានប្រមូលផ្ដុំគ្នានៅឧទ្យានជាតិ Yosemite ក្នុងរដ្ឋ California នាសប្ដាហ៍នេះក៏ព្រោះតែចាំចាប់យកបាតុភូតធម្មជាតិដ៏កម្រមួយដែលឲ្យឈ្មោះថា Firefall។

Firefall ជាបាតុភូតម្យ៉ាងធ្វើឲ្យទឹកធ្លាក់មានសភាពដូចជាកំអែភ្នំភ្លើងហូរធ្លាក់ចុះ ដែលវាកើតឡើងនៅពេលព្រះ អាទិត្យលិចហើយ បានចំណាំងប្លាតពន្លឺរបស់វាប៉ះនឹងទឹកធ្លាក់ Horsetail។ នៅរៀងរាល់ខែកុម្ភៈព្រះអាទិត្យបានលិចនៅចំមុំមួយដែលចំនឹងទីតាំងទឹកធ្លាក់។ ប៉ុន្តែបាតុភូតនេះក៏ត្រូវការ ការអំណោយផផពីអាកាសធាតុផងដែរ។

ព្រិលដែលប្រមូលផ្ដុំនៅផ្នែកខាងលើនៃតំបន់ទឹកធ្លាក់ត្រូវតែមានបរិមាណគ្រប់គ្រាន់នៅក្នុងខែកុម្ភៈ។ បន្ទាប់មកសីតុណ្ហភាពត្រូវមានកម្ដៅក្ដៅល្មមគ្រប់គ្រាន់អាចរំលាយព្រិលឲ្យក្លាយទៅជាទឹកដើម្បីហូរធ្លាក់ចុះមកក្រោមបាន។ មិនតែប៉ុណ្ណោះ ផ្ទៃមេឃក៏ត្រូវមានភាពស្រឡះល្អផងដែរ។

គួររំលឹកថា រូបថតដំបូងគេនៃបាតុភូតដ៏អស្ចារ្យនេះបានផ្ដិតយកនៅក្នុងឆ្នាំ១៩៧៣ ដោយជាងថតរូបឈ្មោះ Galen Rowell។ លោកជាមនុស្សម្នាក់ដែលបានធ្វើឲ្យបាតុភូតមួយនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់ជាងថតជាច្រើន៕
ឧបត្ថម្ភដោយ 